នៅមុននេះបន្ដិចក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខ។
ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៧១០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៩៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ប៉ុន្ដែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្រេចបញ្ចុះថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤ សេនដុល្លារ/១លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ដ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ក្នុងតម្លៃ ៥ ៥៥០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥ ៨០០រៀល សម្រាប់ប្រេងម៉ាស៊ូត។
គួររំលឹងផងដែរថា តាមតម្លៃប្រេងឥន្ធនៈដែលត្រូវដាក់លក់កាលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា កន្លងមកគឺតម្លៃ ៥.២៥០ រៀលសម្រាប់ប្រេងសាំងធម្មតា EA92 និង ៥ ៦០០រៀល សម្រាប់ប្រេងម៉ាស៊ូត។ ដូច្នេះមានន័យថា តម្លៃប្រេងដែលត្រូវអនុវត្ដចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា គឺកើនឡើង ៣០០ រៀលសម្រាប់សាំងធម្មតា និង ២០០ រៀល សម្រាប់ប្រេងម៉ាស៊ូត៕