យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាមកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលខេត្ដកំពង់ចាម នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្ពានគីហ្សូណា ដល់រង្វង់មូលត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ចាប់ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹក។
នៅក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា ម្ចាស់យានយន្ដគ្រប់ប្រភេទ ដែលធ្វើដំណើរចូលមកក្រុងកំពង់ចាម តាមផ្លូវជាតិលេខ ៧ ឬផ្លូវជាតិលេខ ៧១ ត្រូវវាងតាមផ្លូវលេខ ៧០ តាមផ្សារព្រៃទទឹង និងផ្លូវខេត្ដលេខ ២៧០ ឆ្លងកាត់តាមពាមជីកង ស្រុកកងមាស។ សម្រាប់អ្នកដែលធ្វើដំណើរពីខេត្ដត្បូងឃ្មុំ ឆ្ពោះទៅចូលក្រុងកំពង់ចាម ឬទៅរាជធានភ្នំពេញ ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ត្រូវឆ្លងកាត់តាមផ្លូវបេតុង ឃុំជីរោទិ៍ ស្រុកត្បូងឃុំ ឆ្ពោះទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មា កាត់តាមស្រុកចំការលើ ឬត្រុវបង្វែរទិសដៅទៅតាមផ្លូវជាតិលេខ១១ ឆ្ពោះទៅផ្លូវជាតិលេខ ៨ វិញ។
សូមជ្រាបថា ការផ្អាកចរាចរណ៍បណ្ដោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ នេះ គឺដើម្បីសម្រួលការដល់ក្បួនដង្ហែសពរបស់ឯកឧត្ដម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ដ្រៃហ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្ដកំពង់ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្ដសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកំពង់សៀម ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែឧសភា ខាងមុខនេះ ហើយក្បួនដង្ហែនេះ ក៏មានវត្ដមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឥស្សរជនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ៕