អត្ថបទ >
ភាពជាអ្នកដឹកនាំ
ស្តេចប្រដាល់ថៃ BUAKAW ហ្វឹកហាត់លើស១០ម៉ោង/១ថ្ងៃតាំងពីវ័យ៨ឆ្នាំ រហូតដល់គូប្រកួតនិយាយបែបនេះពីលោក

Kan Dara

August 10 2022

1.1K

លោក BUAKAW ត្រូវបានគេដាក់រហស្សនាមថាជា ស្តេចប្រដាល់ថៃ ជាកំពូលកីឡាករក្នុងប្រវត្តិសាស្ត្រ Muay Thai និងជាអ្នកប្រដាល់ទម្ងន់ស្រាលដ៏មានកិត្តិនាមល្បីល្បាញបំផុតមួយរូបលើលោក។ តើបុរសម្នាក់នេះមានប្រវត្តិតស៊ូ និងសាងស្នាដៃអ្វីខ្លះ?

លោក Buakaw Banchamek កើតក្នុងឆ្នាំ១៩៨២ លើទឹកដីស្រុក Samrong Thap ខេត្ត Surin ប្រទេសថៃ ក្នុងគ្រួសារជីវភាពមធ្យមមួយ ដោយមានឈ្មោះកំណើតថា សម្បត្តិ បានចាមេក (Sombat Banchamek)។ ហេតុតែនិស្ស័យពីធម្មជាតិ កុមារា Buakaw បានចាប់ផ្តើមអាជីពប្រដាល់តាំងពីអាយុ៨ឆ្នាំមកម្ល៉េះនៅឯស្រុកកំណើត។ លុះដល់វ័យ១៥ឆ្នាំ រូបគេបានធ្វើការហ្វឹកហាត់ពេញលេញជាអ្នកប្រដាល់នៅក្លឹប Por. Pramuk។

ក្នុងដំណើរជីវិតជាកីឡាករប្រដាល់ Buakaw តស៊ូ អត់ទ្រាំ និងប្តេជ្ញាចិត្តយ៉ាងខ្លាំង។ យុវជនមានអនាគតភ្លឺស្វាងរូបនេះ បានចំណាយពេលជាច្រើនឆ្នាំក្នុងកន្លែងហ្វឹកហាត់។ គាត់ក្រោកពីដំណេករៀងរាល់ព្រឹកម៉ោង ៥:៣០am ហើយរត់បានជាង ៦-១០ម៉ាយ (១០-១៦គីឡូម៉ែត្រ) ដើម្បីដុតខ្លាញ់ក្នុងរាងកាយ បន្ទាប់មកទើបទៅកន្លែងហ្វឹកហាត់។ ប្រហែលម៉ោង ៣:០០pm គាត់រត់ម្តងទៀត និងត្រឡប់ទៅហ្វឹកហាត់វិញរហូតដល់ម៉ោង ៧:០០-៨:០០pm ទើបបញ្ចប់។ លោក Buakaw ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកអត់ធ្មត់សម្រក់ញើសក្នុងកន្លែងហ្វឹកហាត់ច្រើនប៉ុណ្ណា នោះឈាមរបស់អ្នកនឹងស្រក់តិចបំផុតទៅតាមនោះដែរលើសង្វៀនប្រកួត»។

ចាប់តាំងពីដើរលើវិថីជាអ្នកចម្បាំងមួយទល់មួយ កីឡាករមកពីខេត្តសូរិនរូបនេះ ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន២៧៦ដង វាយឈ្នះ២៤០ដង និងស្មើ១២ដង យោងតាមគេហទំព័រ All The Best Fights គិតត្រឹមខែកក្កដា ឆ្នាំ២០២២។ Buakaw បានប្រមូលខ្សែក្រវាត់ជាច្រើនក្នុងការប្រកួតនៅទីក្រុងបាំងកក និងខ្សែ​ក្រវាត់​ទម្ងន់​ស្រាល​នៅ​ពហុកីឡដ្ឋាន Omnoi Stadium បន្ទាប់​មកលោក​បាន​បន្ត​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​ទម្ងន់​ស្រាល​របស់​ប្រទេស​ថៃ។ មិនឈប់ត្រឹមប៉ុណ្ណេះ Buakaw បានបន្តបោះជំហានបង្ហាញខ្លួនលើសង្វៀនអន្តរជាតិដោយឈ្នះខ្សែក្រវាក់ជាបន្តបន្ទាប់ រហូតជាប់ចំណាប់ថ្នាក់លេខ១០ ក្លាយជាកីឡាករទម្ងន់ស្រាលល្អបំផុតលើលោក។

មិនតែប៉ុណ្ណោះបុរសកម្ពស់១៧៤សង់ទីម៉ែត្រម្នាក់នេះ បានធ្វើឲ្យគូប្រកួតភ័យញ័រខ្លួន ដោយសារតែភាពឆ្នើម និងសមត្ថភាពហ្វឹកហាត់ឥតឈប់ឈររបស់លោក។ នៅក្នុងវីឌីអូឯកសាររបស់ Buakaw ផលិតដោយ Sored Film បានបង្ហាញថាមុនការចាប់ផ្តើមប្រកួតពីរថ្ងៃ គូបដិបក្សម្នាក់បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំបានហ្វឹកហាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែវាគឺជា BUAKAW ដែលខ្ញុំត្រូវប្រកួតជាមួយ ខ្ញុំមានអារម្មណ៍ថា សេចក្តីស្លាប់របស់ខ្ញុំមកដល់ហើយ។ វាធ្វើឲ្យខ្ញុំគិតត្រឡប់ថយក្រោយអំពីរឿងរ៉ាវជាច្រើនដែលខ្ញុំបានឆ្លងកាត់ក្នុងជីវិត ហើយខ្ញុំពិបាកគេងខ្លាំងណាស់»។

យ៉ាងណាមិញ ក្រៅពីអាជីពជាអ្នកប្រដាល់លោក Buakaw Banchamek ក៏ធ្លាប់សម្តែងក្នុងខ្សែភាពយន្តចំនួន៤រឿងផងដែរ។ ងាកមកមើលជីវិតគ្រួសារវិញ បើទោះបីលោកមានអាយុ៤០ឆ្នាំទៅហើយក្តី កីឡាកររូបនេះមិនទាន់រៀបការនៅឡើយទេ និងត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណ ៦លានដុល្លារ យោងតាមការចេញផ្សាយដោយគេហទំព័រ bossnetworth គិតត្រឹមខែមិថុនា ឆ្នាំ២០២២៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth