អត្ថបទ >
ភាពជាអ្នកដឹកនាំ
ឧកញ៉ាប៉ិច ប៉ូឡែន៖ កុំចង់ធ្វើជាបុគ្គលិកឆ្នើមលេខ១លើសគេ ប៉ុន្តែត្រូវធ្វើជាបុគ្គលិកបែបនេះវិញល្អជាង

តាំងតែពីដើមមក មិនថាក្នុងការបំពេញការងារ ឬការរកស៊ីផ្សេងៗ ប្រហែលជាមានការប្រាថ្នាធ្វើយ៉ាងណាឱ្យក្លាយជាអ្នកលេខ១លើសគេជាក់ជាពុំខាន។ ប៉ុន្តែជាទស្សនៈរបស់ឧកញ៉ា ប៉ិច ប៉ូឡែន ដែលត្រូវបានគេស្គាល់លោកថាជា អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលជាសាលាដ៏លេចធ្លោបំផុតមួយក្នុងការវិនិយោគ និងបណ្ដុះបណ្ដាលលើវិស័យអប់រំនោះ លោកបានលើកទឹកចិត្តថា៖  “យើងគប្បីព្យាយាមធ្វើជាបុគ្គលិកដែលមានភាពឆ្នើមលេចធ្លោដែលមានតែមួយគត់(Only One) ជាជាងចង់ធ្វើជាបុគ្គលិកឆ្នើមលេខ១លើសគេ (Number one)”

មូលហេតុដែលលោកមានទស្សនៈបែបនេះ ដោយសារតែលោកយល់ថា នៅក្នុងការរត់ប្រណាំងក្នុងអាជីពតែមួយដូចគ្នា ប្រសិនបើមនុស្សម្នាក់ៗប្រកាន់ផ្នត់គំនិតចង់ក្លាយជាជើងឯកលេខ១លើសគេ ពេលខ្លះវាអាចនឹងបង្កឱ្យមានជម្លោះទាស់ទែងគ្នាក្នុងស្ថាប័ន មានការប្រជែងកាច់កុងគ្នា មិនជួយជ្រោមជ្រែងជួយគ្នាឱ្យឡើងទេ ព្រោះខ្លាចគេមកប្រជែងយកតំណែងលេខ១ ប៉ុន្តែបែរជាក្ដិចចុងគ្នាទៅវិញ។

ជាការពិតណាស់ការប្រកួតប្រជែងអាចធ្វើឱ្យមានការរីកចម្រើន ប៉ុន្តែពេលខ្លះវាក៏អាចបង្កបញ្ហាចម្រូងចម្រាសសម្រាប់ស្ថាប័នអ្នកផងដែរ ប្រសិនបើបុគ្គលិកប្រកួតប្រជែងគ្នាដោយមិនគិតពីប្រយោជន៍រួម ចង់ឈ្នះតែម្នាក់ឯង។ ពេលខ្លះប្រសិនបើបុគ្គលិកម្នាក់មិនមានភាពឆ្នើម ប៉ុន្តែគាត់ចង់បានលេខ១ខ្លាំងពេក គាត់បែរជាមិនខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង បែរជាខំរកកំហុសអ្នកដទៃ ដើម្បីយកមកបង្ហាញដល់មនុស្សជុំវិញខ្លួន ហើយខំអួតបង្ហាញភាពឆ្នើមតិចតួចរបស់ខ្លួនទៅវិញ។ ចុះការធ្វើជាបុគ្គលិក ដែលមានភាពឆ្នើមលេចធ្លោមានតែមួយគត់(Only One) វិញយ៉ាងណាដែរ?

សម្រាប់លោកឧកញ៉ា លោកចង់លើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់ គួរព្យាយាមធ្វើជាប្រភេទបុគ្គលិកប្រភេទទី២នេះវិញ ពោលគឺជាបុគ្គលិក ដែលមានភាពឆ្នើមលេចធ្លោមានតែមួយគត់(Only One)។ យើងគួរព្យាយាមរកចំណុចលេចធ្លោដែលបង្ហាញពីភាពជាអ្នកដឹកនាំដែលយើងមាន ហើយគេមិនមានវិញទើបជាការល្អ។ ឧ. ប្រសិនបើយើងជាបុគ្គលិក IT នោះរាល់បញ្ហាផ្សេងៗទាក់ទងនឹងIT​ គឺគាត់អាចមករកយើងបាន។ ផ្ទុយទៅវិញ បើសិនមានបញ្ហាទាក់ទងនឹងជំនាញទីផ្សារ ដែលមិនមែនជាជំនាញរបស់យើង តែមានគេផ្សេងដែលមានជំនាញ គឺយើងអាចផ្ទេរការងារនោះទៅឱ្យអ្នកដែលពូកែខាងជំនាញទីផ្សារទើបជាការប្រសើរ។ ​ត្រង់ចំណុចនេះគឺវាបានបង្ហាញឱ្យឃើញពីភាពឆ្នើមរៀងៗខ្លួនរវាងបុគ្គលិកផ្នែក IT ​និងបុគ្គលិកផ្នែកទីផ្សារ។ មួយវិញទៀតគឺវាបានបង្ហាញឱ្យឃើញការគោរពឱ្យតម្លៃទៅលើភាពឆ្នើមរបស់បុគ្គលម្នាក់ៗ ហើយបើសិនយើងចង់ប្រជែងគ្នាធ្វើទាំងគ្មានជំនាញគឺវាមិនអាចផ្ដល់លទ្ធផលល្អ ឬសកម្មភាពបំពេញការងារគឺមិនសុខស្រណុកចិត្តនោះទេ។ ចុះចំពោះទស្សនៈមិត្តអ្នកអានវិញ តើអ្នកប្រាថ្នាចង់ធ្វើជាបុគ្គលិកឆ្នើមលេខ១លើសគេ (Number one) ឬធ្វើជាបុគ្គលិកដែលមានភាពឆ្នើមលេចធ្លោដែលមានតែមួយគត់ (Only One)?

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជាង៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth