អត្ថបទ >
ភាពជាអ្នកដឹកនាំ
ម្ចាស់អាជីវកម្មត្រូវដឹង អ្នកជំនាញប្រាប់ទំនោរនៃការដឹកនាំបែបថ្មី អាចនឹងវិវត្តតាមផ្លូវធំៗ៥យ៉ាងនេះ

ការដឹកនាំនៅលើមាគ៌ាដែលត្រឹមត្រូវ អាចកំណត់ជោគវាសនារបស់អាជីវកម្ម យ៉ាងណាមិញ ការដឹកនាំលើមាគ៌ាដែលខុសឆ្គង ក៏អាចនឹងរុញអាជីវកម្មឱ្យទទួលរងនូវហានិភ័យ រហូតឈានដល់ការដួលរលំផងដែរ។ ស្របពេលដែលបច្ចេកវិទ្យាមានភាពរីកចម្រើន ទំនោរនៃការដឹកនាំក៏បានពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាផងដែរ។ ស្របពេលដែលសេដ្ឋកិច្ចសកល បានឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩បានធ្វើឱ្យបច្ចេកវិទ្យាក្លាយជាឧបករណ៍ដ៏សំខាន់ ជំនួយដល់ការដឹកនាំនិងការបំពេញការងារ។ ខាងក្រោមនេះគឺជាទំនោរនៃការដឹកនាំបែបថ្មី ដែលអ្នកជំនាញបានណែនាំ សម្រាប់អ្នកដឹកនាំអាជីវកម្មគួរផ្ដោត។

១. ប្រព័ន្ធដំណើរការទិន្នន័យរួម

លោក Hayes-Mota ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Healr Solutions បាននិយាយថាគាត់កំពុងធ្វើឱ្យប្រាកដថា បុគ្គលិករបស់គាត់មានភាពស្ទាត់ជំនាញក្នុងការវិភាគទិន្នន័យ និងប្រើប្រាស់សំណុំទិន្នន័យធំ។ លោក​បាន​បន្ត​ថា​៖ “ពួកគេ​កំពុង​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​ទិន្នន័យ វិភាគ​វា និង​ទំនាក់ទំនង​ពី​ផល​ប៉ះពាល់​នៃ​ព័ត៌មាន​នេះ”។ ទិន្នន័យ​ក៏​ជា​ចំណុច​កំពូល​ ​នៅ​កម្រិត​ភាព​ជា​អ្នក​ដឹកនាំ។ ទំនោរនៃការដឹកនាំនេះមានន័យថា ការវិភាគទិន្នន័យ ជាចំណុចគួរផ្ដោតកាន់តែខ្លាំងបំផុត ក្នុងការដឹកនាំនាពេលខាងមុខ។

២. បញ្ញាសិប្បនិមិត្ត (AI) នឹងត្រូវបំពាក់ចូលក្នុងកន្លែងការងារ

បើតាមប្រសាសន៍អ្នកនាង Dannielle Appelhans ប្រធានផ្នែកប្រតិបត្តិការនៅ Rubius Therapeutics បានមានប្រសាសន៍ថា បច្ចេកវិទ្យា ជាពិសេស AI និងមនុស្សយន្ត គឺជាអាទិភាពសម្រាប់អ្នកដឹកនាំជាច្រើន ដែលរំពឹងថាឧបករណ៍ឆ្លាតវៃនឹងនាំមកនូវផលចំណេញយ៉ាងច្រើន។ ការរួមបញ្ចូលបច្ចេកវិទ្យាទាំងនេះទៅក្នុងកន្លែងធ្វើការបង្ហាញពីឱកាស និងបញ្ហាប្រឈមពិសេសៗ ដែលប្រែប្រួលទៅតាមឧស្សាហកម្ម។ Bot អាចនាំមកនូវដំណោះស្រាយរហ័ស កាត់បន្ថយហានិភ័យនៃកំហុសរបស់មនុស្ស និងផ្តល់ពេលទំនេរសម្រាប់អ្នកស្រាវជ្រាវ។ ការរួមបញ្ចូល Botនៅក្នុងលំហូរការងារ R&D ដែលមានស្រាប់ជាធម្មតា ត្រូវបានទទួលយកយ៉ាងឆាប់រហ័សដោយអ្នកវិទ្យាសាស្ត្រ។

៣. ការគ្រប់គ្រងក្រុមពីចម្ងាយជាមួយបច្ចេកវិទ្យា

នៅក្នុងបរិបទសម័យថ្មី ការគ្រប់គ្រងក្រុម មិនចាំបាច់ត្រូវតែជួបមុខផ្ទាល់ទៀតក៏បានដែរ ពោលគឺនឹងមានទំនោរលើ ការគ្រប់គ្រងក្រុមពីចម្ងាយជាមួយបច្ចេកវិទ្យានានាជាច្រើន។ ជាក់ស្ដែងក្នុងសម័យកូវីដ១៩នេះ ម្ចាស់អាជីវកម្មមួយចំនួន នៅតែអាចគ្រប់គ្រងការងារក្រុមបាន ដោយប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗជំនួយ។ បើតាមប្រសាសន៍របស់លោក Guadalupe Hayes-Mota ដែលជាស្ថាបនិកក្រុមហ៊ុន Healr Solutions បានមានប្រសាសន៍ថា យើងក៏ប្រើទូរគមនាគមន៍ផងដែរ ដើម្បីបំផុសគំនិតដំណោះស្រាយចំពោះបញ្ហាប្រចាំថ្ងៃ ដែលយើងជួបប្រទះនៅក្នុងអាជីវកម្ម ដែលវាក៏ ធ្វើឱ្យយើងកាន់តែមានភាពរហ័សរហួន និងអាចមានប្រតិកម្មតបភ្លាមៗចំពោះការផ្លាស់ប្តូរនៅក្នុងទីផ្សារ

៤. ការផ្តោតលើជំនាញដែលបច្ចេកវិទ្យាមិនអាចជំនួសបាន

អ្នកប្រហែលជាធ្លាប់បានឮអំពីក្ដីបារម្ភរបស់មនុស្សភាគច្រើន អំពីបច្ចេកវិទ្យារ៉ូបូត នឹងមកដណ្ដើមការងារមនុស្សជាដើម ប៉ុន្តែត្រូវដឹងថា មិនមែនជាក់ស្ដែងមនុស្សសុទ្ធតែបាត់បង់ការងារដោយសារតែបច្ចេកវិទ្យានោះទេ ព្រោះបច្ចេកវិទ្យារ៉ូបូត ពូកែខ្លាំងយ៉ាងណា ក៏មិនអាចជំនួសការងារមនុស្សបានគ្រប់យ៉ាងដែរ ព្រោះការងារមួយចំនួនរ៉ូបូតមិនអាចធ្វើបានដូចមនុស្សនោះទេ។

៥. បន្តប្រកាន់ខ្ជាប់នូវទេពកោសល្យ

ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា ការរក្សាបាននូវធនធានដែលមានទេពកោសល្យ ក៏នឹងមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងពិភពលោកដែលប្រែប្រួលលឿនរហ័ស ដែលបុគ្គលម្នាក់ៗអាចប្តូរក្រុមហ៊ុន ឬរក្សាខ្លួននៅទីតាំងដដែល។

Appelhans បាននិយាយថា “ខ្ញុំគិតថា ការសង្កត់ធ្ងន់គួរតែផ្តោតលើការកសាងទំនាក់ទំនង និងទំនាក់ទំនងប្រកបដោយអត្ថន័យ ហើយនឹងត្រូវគិតគូរអំពីពេលវេលាដែលយើងលះបង់ធនធានខ្លះ  ដើម្បីបណ្តុះពួកគេ នៅពេលដែលមនុស្សគ្រប់គ្នាចំណាយពេលស្ទើរពេញមួយសប្តាហ៍នៅកន្លែងធ្វើការ”។

ជារួមមកវិញ ចំណុចទាំង៥ខាងលើនេះ គឺជាទស្សនៈវិស័យ របស់អ្នកជំនាញ ចំពោះទំនោរនៃការដឹកនាំ និងបរិយាកាសការងារនៅក្នុងក្រុមហ៊ុនភាគច្រើននាពេលអនាគត។ អាស្រ័យហេតុនេះហើយ រាល់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំគ្រប់រូប គប្បីត្រូវត្រៀមខ្លួនឱ្យបានល្អ និងបត់ឱ្យតាមរបត់នៃការផ្លាស់ប្ដូររបស់ពិភពលោក ទើបជារឿងល្អប្រសើរ ដើម្បីអាចរុញអាជីវកម្មឱ្យរីកចម្រើនទៅមុខ៕

 

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជាង៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth