អត្ថបទ >
ភាពជាអ្នកដឹកនាំ
ទើបឡើងជាអ្នកដឹកនាំ គេមិនស្តាប់អ្នកទេ! នេះជំហានទាំង៥ ដែលអ្នកដឹកនាំថ្មីចាស់ត្រូវដឹង​

អ្នកដឹកនាំធម្មតាចូលចិត្តប្រើតំណែងតួនាទីក្នុងការដឹកនាំ តែអ្នកដឹកនាំពិតប្រាកដ បើឥទ្ធិពលរបស់ខ្លួនដើម្បីបំផុសឱ្យមនុស្សដើរតាម។ យ៉ាងណាមិញ បញ្ហារបស់អ្នកដឹកនាំភាគច្រើនគឺ ដឹកនាំគេយូរៗគ្មានលទ្ធផល ហើយលែងមានអ្នកដើរតាមជាដើម ដែលនេះជាបញ្ហាដែលអ្នកដឹកនាំគ្រប់រូបត្រូវប្រយ័ត្នឱ្យខ្លាំងបំផុត។

ថ្ងៃនេះ Business Cambodia នឹងពាំនាំនូវគន្លឹះដឹកនាំល្អបំផុតចំនួន ៥កម្រិត ដែលត្រូវបានពិសោធន៍ដោយ អ្នកនិពន្ធល្បីឈ្មោះ John Maxwell ដែលលោកបានបង្ហាញថា អ្នកដឹកនាំជោគជ័យ ដែលមានឥទ្ធិពល គឺដោយសារតែកត្តាធំៗចំនួន៥កម្រិតគឺ

អ្នកដឹកនាំកម្រិតទី១ តំណែង ឬតួនាទី

ត្រង់ចំណុចនេះ លោកចង់មានន័យថា ប្រសិនបើអ្នកដឹកនាំម្នាក់ គេព្រមធ្វើតាមគាត់ ដោយសារតែគេគោរព តំណែង ឬតួនាទី តែប៉ុណ្ណោះ មិនមែនមានន័យថា អ្នកមានឥទ្ធិពលអ្វីពិសេស ដែលធ្វើឱ្យបុគ្គលថ្នាក់ក្រោមចង់ដើរតាមនោះទេ។ ក្នុងកម្រិតទី១នេះ គឺជាអ្នកដឹកនាំដែលស្ថិតនៅកម្រិតទាបបំផុត មិនទាន់មានអ្វីអស្ចារ្យខ្លាំងនោះទេ។

អ្នកដឹកនាំកម្រិតទី២ ការអនុញ្ញាត

ត្រង់កម្រិតទី២នេះ មានន័យថាមនុស្សព្រមដើរតាមបុគ្គលណាម្នាក់ ដោយសារតែចិត្តរបស់គាត់ចង់ដើរតាម។ គន្លឹះជោគជ័យសម្រាប់អ្នកដឹកនាំកម្រិត២នេះ គឺដោយសារតែមានការចូលរួមពីការរក្សាទំនាក់ទំនងបានល្អ រវាងអ្នកដឹកនាំ និងអ្នកដើរតាម។ អ្នកដឹកនាំកម្រិតទី២ ធ្វើឱ្យអ្នកដើរតាមទទួលបានអារម្មណ៍មានតម្លៃ មានសារៈសំខាន់ រីករាយ ដែលជាហេតុគេអនុញ្ញតឱ្យអ្នកដឹកនាំរូបនោះ មានឥទ្ធិពលធ្វើឱ្យគេចង់ដើរតាម។

អ្នកដឹកនាំកម្រិតទី៣ ផលិតកម្ម ឬលទ្ធផល

ក្រៅពីមានតំណែងតួនាទីខ្ពស់ មានទំនាក់ទំនងល្អជាមួយសមាជិកក្រុម គឺមិនទាន់គ្រប់គ្រាន់ក្នុងការកសាងឥទ្ធិពលរឹងមាំ ធ្វើឱ្យគេចង់ដើរតាមយូរអង្វែងនោះទេ ប៉ុន្តែវាទាមទារនូវផលិតកម្ម ឬលទ្ធផលមួយផ្នែកធំថែមទៀត។ ត្រង់ចំណុចនេះ មានន័យថា គេព្រមដើរតាមអ្នកដឹកនាំរូបនោះ ដោយសារតែអ្នកដឹកនាំរូបនោះ បានផ្ដល់នូវគុណតម្លៃ ផ្ដល់នូវលទ្ធផលជាច្រើនទៅដល់ស្ថាប័ន ក្រុមហ៊ុន និងសមាជិកក្រុម។ អ្នកដឹកនាំកាន់តែបង្កើតលទ្ធផលខ្លាំងកម្រិតណា មានន័យថាការងាររបស់គាត់កាន់តែអស្ចារ្យផងដែរ។

អ្នកដឹកនាំកម្រិតទី៤ ការអភិវឌ្ឍធនធានមនុស្ស

ត្រឹមតែជាអ្នកដឹកនាំដែលពូកែបង្កើតលទ្ធផលតែឯង ក៏មិនទាន់គ្រប់គ្រាន់ដែរ ពោលគឺអ្នកដឹកនាំដែលពូកែ គឺត្រូវចេះអភិវឌ្ឍន៍ចំណេះជំនាញ សមត្ថភាពរបស់អ្នកដើរតាមឱ្យកាន់តែរីកចម្រើនទៅមុខជាមួយគ្នាផងដែរ។ ត្រង់នៃនេះ អាចនិយាយបានថា ជាពេលវេលាដែលអ្នកដឹកនាំឆ្នើម ខិតខំបង្កើតអ្នកដឹកនាំថ្មីៗឱ្យកាន់តែច្រើនឡើងថែមទៀត។ ត្រូវចាំថា ពេលណាដែលអ្នកដើរតាម ទទួលបានអារម្មណ៍រីកចម្រើន នោះពួកគេនឹងព្រមដើរតាមដោយមិនស្ទាក់ស្ទើរ។

អ្នកដឹកនាំកម្រិត៥ ចំណុចកំពូល

អ្នកដឹកនាំកម្រិតចុងក្រោយនេះ ជាអ្នកដឹកនាំកម្រិតខ្ពស់បំផុត  ហើយក៏មានភាពកម្របំផុតផងដែរ ព្រោះវាទាមទារនូវធាតុផ្សំជាច្រើន ការលះបង់ខ្ពស់ រយៈពេលយូរ ដែលអាចនាំឱ្យគាត់អាចមកដល់ចំណុចនេះ។ មេដឹកនាំកម្រិតកំពូលនេះ មានតួនាទីអភិវឌ្ឍន៍មេដឹកនាំដទៃទៀតឱ្យឡើងដល់ចំណុចកំពូល បង្កើតឱកាសថ្មីៗដែលអ្នកដទៃមើលមិនឃើញ ឬមិនអាចធ្វើបាន បន្សល់ទុកកេរ្តិ៍ដំណែល និងកេរ្តិ៍ឈ្មោះក្រអូប សម្រាប់អ្នកដទៃដើរតាម។  

ជាចុងក្រោយ ប្រសិនបើអ្នកចង់ក្លាយជាមេដឹកនាំដែលមានឥទ្ធិពល ជាគំរូសម្រាប់គេដើរតាម​ អ្នកវាយតម្លៃកម្រិតដឹកនាំរបស់អ្នកបាន ហើយត្រូវខំប្រឹងអភិវឌ្ឍន៍ខ្លួនពីកម្រិតមួយ ឡើងទៅកម្រិតមួយជាបន្តបន្ទាប់ទៀតឱ្យបានល្អបំផុត រហូតដល់អ្នកអាចឡើងដល់កម្រិតទី៥ ដែលជាចំណុចកំពូល នោះអ្នកនឹងក្លាយជាអ្នកដឹកនាំដែលអស្ចារ្យផងដែរ៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជាង៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth