ព្រោះតែកើតមកមានសក់រួញខ្លាំង Philomina Kane បានចេញគំនិតផលិតអាវ Hoodie ដែលមានទ្រាប់ក្រណាត់ satin ដើម្បីងាយពាក់មិនទាក់សក់ នាងលក់តែនៅលើបណ្ដាញសង្គមរកចំណូលបាន ៣៥ម៉ឺនដុល្លារក្នុង១ឆ្នាំ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Millionaire101។
Kane ជាជនជាតិហ្កាណាកាត់អាមេរិក ហេតុនេះហើយនាងមានសម្បុរខ្មៅ និងមានសក់រួញ នាងបាននិយាយថា ពេលពាក់អាវម្ដងៗពិបាកណាស់ ព្រោះថាសក់ធំពេកនាងត្រូវយកកន្សែងមកគ្របសក់សិនទើបអាចពាក់អាវបាន។ បន្ទាប់មកនាងក៏នឹកឃើញថាចង់បង្កើតអាវ Hoodie ដែលមានក្រណាត់ satin ទ្រាប់ពីក្នុងដើម្បីឱ្យលែងទាក់សក់ និងងាយស្រួលពាក់ជាងមុន។
ជាក់ស្ដែងមានមនុស្សដែលមានរូបសម្បត្តិ និងបញ្ហាដូចជានាងជាច្រើន ហើយពួកគេទាំងនោះភាគច្រើនមិនពេញចិត្តនឹងខ្លួនឯងឡើយ ដោយមើលឃើញបែបនេះហើយទើបធ្វើឱ្យ Kane សម្រេចចិត្តបង្កើត Brand អាវរបស់ខ្លួនឈ្មោះថា Kin Apparel ព្រមទាំងប្រើពាក្យស្លោកថា «Keep It Naturally» ដែលមានន័យថារក្សាវាឱ្យនៅតាមធម្មជាតិ ដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគេ។ Kane ផ្ដើមអាជីវកម្មជាមួយដើមទុន ៥០០ដុល្លារតែប៉ុណ្ណោះ ដោយនៅពេលដែលភ្ញៀវកម្ម៉ង់ទើបនាងចាត់ចែងរៀបចំទំនិញតាមក្រោយ។ បន្ថែមពីលើអាជីវកម្មនេះ Kane បានធ្វើវីដេអូ នៅលើ YouTube និយាយអំពីរូបសម្បត្តិធម្មជាតិ និងលើកទឹកចិត្តឱ្យអ្នកដទៃស្រលាញ់អ្វីដែលជារបស់ខ្លួនឯង។
ក្រៅពី YouTube អ្នកជំនួញវ័យក្មេងរូបនេះលក់ទំនិញរបស់ខ្លួននៅលើ វេបសាយ ព្រមទាំងចែកចាយនៅលើបណ្ដាញសង្គមផ្សេងៗដូចជា Facebook, Instagram, និង TikTokជាដើម ហើយទាំងអស់ហ្នឹងគឺជាយុទ្ធសាស្រ្តក្នុងការរកទីផ្សាររបស់នាង ព្រោះនាងតែងតែបានអតិថិជនមកតាមរយៈ ការលក់នៅលើបណ្ដាញសង្គមបែបនេះ មិនដែលចេញក្រៅលក់ផ្ទាល់ទេ។ ក្រោយមក Kane ទទួលបានជោគជ័យយ៉ាងខ្លាំង Channel YouTube របស់នាងមានអ្នកជាវដល់ទៅជាង ២០ម៉ឺននាក់ ជាហេតុធ្វើឱ្យនាងសម្រេចចិត្តពង្រីកអាជីវកម្មឱ្យធំជាងមុន។ Kane បានខ្ចីលុយគេយកមកពង្រីកអាជីវកម្ម ដើម្បីកុំឱ្យភ្ញៀវពិបាក Pre-Order ដូចមុន ហើយត្រឹមតែរយៈពេលមួយឆ្នាំ អាជីវកម្មមួយនេះរកចំណូលឱ្យនាងបានដល់ទៅ ជាង ៣៥ម៉ឺនដុល្លារ។
មែនទែនទៅមិនថាធ្វើអ្វីឡើយវាត្រូវតែមានហេតុផល និងចំណុចចាប់ផ្ដើម ជាធម្មតារឿងអ្វីក៏ត្រូវផ្ដើមពីតូចរួចបានពង្រីកទៅឱ្យកាន់តែធំ។ ជាក់ស្ដែងដូចជាអាជីវកម្មរបស់ Kane នាងផ្ដើមតូច តែមានហេតុផលនិងទិសដៅច្បាស់លាស់ អ្វីដែលសំខាន់គឺនាងបង្កើតព្រោះតែចង់ជួយអ្នកដទៃ ដូច្នេះហើយទើបនាងអាចប្រែក្លាយវាឱ្យទៅជាអាជីវកម្មរាប់ម៉ឺនដុល្លារបានក្នុងរយៈពេលខ្លី ហើយភាពជោគជ័យនេះវាគួបផ្សំនឹងការដើរឱ្យទាន់របត់បច្ចេកវិទ្យាផងដែរ៕
អត្ថបទដោយ៖ សូ សុខលី