ស្របពេលដែល ជំងឺអ៊ុតស្វា កំពុងរាតត្បាតជាបន្តបន្ទាប់នៅតំបន់អឺរ៉ុប លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា «ជំងឺនេះជារឿងដែលមនុស្សគ្រប់គ្នាគួរតែយកចិត្តទុកដាក់ កុំធ្វេសប្រហែស» នេះបើយោងតាមការចុះផ្សាររបស់គេហទំព័រ Insider។
លោកប្រធានាធិបតី បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាស Osan ក្នុងប្រទេសកូរ៉េខាងត្បូងជាកន្លែងដែលលោកបានទៅសួរសុខទុក្ខកងទ័ព ថា «ពួកគេមិនទាន់ប្រាប់ខ្ញុំពីកម្រិតនៃការប៉ះពាល់នៃជំងឺនេះនៅឡើយទេ ប៉ុន្តែវាគឺជារឿងមួយដែលគ្រប់គ្នាគួរព្រួយបារម្ភ»។ លោកបានបន្តទៀតថា ឥឡូវនេះអាមេរិកកំពុងដំណើរការ ក្នុងការស្រាវជ្រាវដើម្បីកំណត់ឱ្យដឹងថាតើវ៉ាក់សាំងណាដែលអាចមានប្រសិទ្ធភាព?
ទន្ទឹមនឹងនោះ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃឌិន បានបញ្ជាក់បន្ថែមថា «អាមេរិកមានការផ្គត់ផ្គង់វ៉ាក់សាំងអ៊ុតស្វា ដែលអាចចែកចាយបន្តបាន»៕
អង្គការសុខភាពពិភពលោក(WHO) បានសន្និដ្ឋានថាជំងឺអ៊ុតស្វានេះអាចនឹងមានការរីករាលដាលជាលក្ខណៈសកល ខណៈពេលនេះវាត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប មានប្រទេសប្រហែល១២ ដូចជា ប៊ែលហ្សិក បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ស៊ុយអែត អង់គ្លេស អាមេរិក កាណាដា និងអូស្រ្តាលី។
គួរបញ្ជាក់ផងដែរថាជំងឺមួយនេះត្រូវបានរកឃើញនៅ អាហ្វ្រិកណ្ដាល និងអាហ្វ្រិកខាងលិច តាមរយៈអ្នកធ្វើដំណើរទៅទីនោះ តួយ៉ាងករណីដំបូងនៃការរីករាតត្បាតជំងឺអ៊ុតស្វាគឺត្រូវបានរកឃើញនៅចក្រភពអង់គ្លេសនៅថ្ងៃទី៧ ខែឧសភា ចំពោះបុរសម្នាក់ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា។
អត្ថបទដោយ៖ សូ សុខលី