ប្ដីប្រពន្ធ Bernadette Joy Cruz-Maulion និង AJ Maulion ធ្លាប់ជាប់បន្ទុកបំណុលដល់ទៅជាង ៣០ម៉ឺនដុល្លារ ព្រោះតែកម្ចីសម្រាប់ការសិក្សា និងកម្ចីទិញផ្ទះ២ កាលពីឆ្នាំ២០១៦ ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះពួកគេបានរកលុយដោះបំណុលគេអស់ ថែមទាំងសល់ទ្រព្យ ១.២លានដុល្លារទៀតផង នេះបើយោងតាមសារព័ត៌មានរបស់ CNBC។
គូស្នេហ៍មួយគូនេះបានប្ដេជ្ញាចិត្ត រកវិធីសងបំណុលគេឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយ Cruz-Maulion ដែលជាប្រពន្ធ បាននិយាយនៅក្នុងបទសម្ភាសន៍ថា ពួកគេអាចដោះបំណុលបាន ព្រមទាំងសល់ទ្រព្យសម្បត្តិជាច្រើនព្រោះតែ ការអនុវត្តន៍ច្បាប់ទាំង ៤នេះ៖
១. ផ្ដោតទៅលើការវិនិយោគជាងការប្រមូលផ្ដុំលុយទុក
ជាជាងការសន្សំលុយទុកមួយកន្លែង Cruz និយាយថានាងយកលុយនោះទៅវិនិយោគ ជាក់ស្ដែងពេលនេះពួកគេមានលុយប្រហែល ១.១លានដុល្លារ ដែលបានវិនិយោគលើភាគហ៊ុន អចលនទ្រព្យ និងគណនីចូលនិវត្តន៍។
២. ឈប់ធ្វើការឱ្យគេមកចាប់ផ្ដើមអាជីវកម្មខ្លួនឯង
Cruz បានលាឈប់ពីការងារ ហើយប្រហែល៣ខែបន្ទាប់នាងបានចាប់ផ្ដើមអាជីវកម្ម បង្វឹកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់នាងមួយឈ្មោះថា Crush Your Money Goals ។ ត្រង់ចំណុចនេះ នាងបានលើកឡើងថា វាមិនមែនជារឿងងាយស្រួលទេ ព្រោះថាការឈប់ពីការងារមានប្រាក់ខែ ធ្វើឱ្យឪពុកម្ដាយមិនសូវសប្បាយចិត្តឡើយ ប៉ុន្តែនាងត្រូវខិតខំបញ្ជាក់ឱ្យពួកគាត់ឃើញថា ការមានអាជីវកម្មខ្លួនឯងវាល្អជាងធ្វើការឱ្យគេ ព្រោះថាប្រាក់ចំណេញដែលរកបានពីអារជីវកម្មផ្ទាល់ខ្លួន មិនអាចកំណត់បានដូចប្រាក់ខែឡើយ។
៣. រស់នៅតាមមធ្យោបាយខ្លួនឯង
នាងនិយាយថា ផ្ទះគឺជានិមិត្តរូបនៃក្ដីសុបិនរបស់ជនជាតិអាមេរិក ហើយគ្រួសាររបស់នាងតែងតែរំពឹងថា នាងនឹងប្ដូរទៅនៅផ្ទះធំជាងមុន ប៉ុន្តែជាក់ស្ដែងថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះបែរជា សម្រេចចិត្ត ប្ដូរទៅរស់នៅ ខុនដូ ដើម្បីកាត់បន្ថយចំណាយ និងងាយស្រួលធ្វើដំណើរ។ Cruz បានបញ្ជាក់ថា «មិនមែនដោយសារតែអ្នកមានផ្ទះធំទើបមានន័យថាអ្នកនឹងមានសេរីភាពហិរញ្ញវត្ថុនោះទេ»។
៤. និយាយបើកចំហអំពីរឿងលុយកាក់
Cruz រំលឹកថា នៅពេលដែលខ្លួនបានចែករំលែកពីការរកលុយដោះបំណុលអស់ជាង ៣០ម៉ឺនដុល្លារ ជាលើកដំបូង ម្ដាយរបស់នាងបានសួរនាងថា ហេតុអ្វីបានជានិយាយរឿងហ្នឹង? និយាយបែបហ្នឹងគេមិនមើលមកអាក្រក់ទេឬអី? នាងបានបន្តថា ព្រោះតែផ្នត់គំនិតរបស់មនុស្សគិតថាមិនត្រូវនិយាយរឿងលុយជាសារធារណៈ ទើបធ្វើឱ្យពេលដែលនាងនៅក្មេងនាងមិនដែលដឹងពីរបៀបគ្រប់គ្រងលុយកាក់ ហើយពេលនេះក្នុងនាមនាងជាគ្រូបង្វឹកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន Cruz ធ្វើការចែករំលែកដើម្បីក៏សាងទំនុកចិត្តរបស់អតិថិជនរបស់នាងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។
យ៉ាងណាមិញក្បួនច្បាប់ខាងលើរបស់ Cruz-Maulion គឺវាសមស្របទៅនឹងរបត់ជីវិតរបស់នាងផ្ទាល់ ហេតុនេះហើយវាអាចនឹងមិនត្រូវជាមួយនឹងស្ថានភាពរបស់ប្រិយមិត្ត តែទោះជាយ៉ាងណាក៏ដោយវានៅតែអាឈរជាគំនិតសម្រាប់ប្រិយមិត្តសិក្សា និងស្វែងយល់ ដើម្បីច្នៃប្រឌិតវិធីថ្មីៗក្នុងការចាត់ចែងលុយឱ្យស្របទៅនឹងរបត់ជីវិតរបស់លោកអ្នក៕
អត្ថបទដោយ៖ សូ សុខលី