អត្ថបទ >
ហិរញ្ញវត្ថុ
ល្បីថាហ៊ុនTesla មានតម្លៃថ្លៃ បើមាន១ពាន់$ទិញកាល១០ឆ្នាំមុន តើឥឡូវអ្នកសល់លុយប៉ុន្មាន?

Toeuy Hong

August 12 2022

365

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk ជាហ៊ុនដែលមានតម្លៃខ្ពស់ខ្លាំងសម្រាប់អ្នកវិនិយោគភាគច្រើន។ ជាក់ស្ដែងបើគិតត្រឹមថ្ងៃទី១​២ ខែសីហា ឆ្នាំ២០២២ ហ៊ុនរបស់ Tesla មានតម្លៃ ៨៥៩.៨៩ដុល្លារក្នុងមួយហ៊ុន។ នេះបើយោងទិន្នន័យពីគេហទំព័រ yahoo​ finance។

កាលពីឆ្នាំ២០១២ ភាគហ៊ុនរបស់ Tesla មានតម្លៃត្រឹមតែ ៦.៧៧ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន ដូច្នេះបើកាលនោះអ្នកវិនិយោគលើវា ១ពាន់ដុល្លារ រហូតមកដល់ពេលនេះអ្នកនឹងសល់លុយប្រហែល ១៤៥,៣៤១ ដុល្លារ។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន CNBC បានចុះផ្សាយថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនចំនួន ៧.៩២លានហ៊ុន ដែលមានតម្លៃប្រមាណ ៦.៨៨ពាន់លានដុល្លារ នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា។ ការលក់ហ៊ុនលើកនេះបានធ្វើឱ្យមហាសេដ្ឋី Elon Musk ធ្វើខុសពីសម្ដីរបស់ខ្លួនដែលបាននិយាយកាលពីដើមឆ្នាំថា “មិនមានការលក់ហ៊ុន Tesla ទៀតទេ” បន្ទាប់ពីគាត់បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនគាត់ប្រហែល ៨.៤ពាន់លានដុល្លារការពីខែមេសា។

ពាក់ព័ន្ធនឹងការលក់ភាគហ៊ុនលើកនេះ លោក Elon Musk បានបកស្រាយថា​ ដោយសារតែការតស៊ូផ្លូវច្បាប់របស់គាត់ជាមួយនឹង Twitter។ សូមរំលឹកថាកាលពីខែមេសា នាយកប្រតិបត្តិ Tesla បានប្រកាសទិញភាគហ៊ុនរបស់ ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយឈ្មោះថា Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ ក្រោយមកនៅខែកក្កដា គាត់ក៏បង្ហាញពីចេតនាចង់បញ្ចប់កិច្ចព្រមព្រៀងនេះវិញម្ដង ប៉ុន្តែខាង Twitter មិនមានការយល់ព្រម។ ភាគីទាំងសងខាងសំអាងហេតុផល និងមានគោលជំហច្បាស់លាស់រៀងៗខ្លួន ទើបធ្វើឱ្យមានពាក្យបណ្ដឹងផ្លូវច្បាប់កើតឡើង។

អត្ថបទដោយ​៖ សូ សុខលី

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth