អត្ថបទ >
ចាប់ផ្តើមអាជីវកម្ម
អាមេរិក ស្នើសុំកម្ពុជាលើរឿងនេះ ដើម្បីឱ្យក្រុមហ៊ុន Amazon និង Meta មកវិនិយោគ នៅកម្ពុជា

Meng Songly

August 11 2022

1.9K

គណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើការស្នើសុំដល់ក្រសួងពាណិជ្ជកម្មកម្ពុជា ផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនធំៗរបស់អាមេរិក ធ្វើការវិនិយោគនៅកម្ពុជា។

ការស្នើសុំខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ជាមួយនឹងគណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែសីហា ម្សិលមិញនេះ។

 

298656463 434208215403673 3137416623272660107 N

នៅក្នុងជំនួបពិភាក្សាគ្នានេះ លោកស្រី Wallis Yu បានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។

ជាមួយគ្នានេះ លោកស្រីនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួងដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាមេរិក ដែលជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តរបស់សហរដ្ឋអាមេរិក។  

បន្ថែមពីនេះ លោកស្រីក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា ថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ៕

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth