សហគ្រិនចិត្តសឿងម្នាក់ បានសហការជាមួយសហគមន៍កសិកម្មមៀនស្រុកម៉ាឡៃ កំពុងតែខ្នះខ្នែងច្នៃផ្លែស្វាយចេញជាភេសជ្ជៈ ដើម្បីជួយកសិករក្នុងសហគមន៍អោយមានទីផ្សារ ដោយបង្កើតការងារជូនប្រជាពលរដ្ឋផង ក៏ដូចជាការកាត់បន្ថយការនាំចូលភេសជ្ជៈពីក្រៅស្រុកផង និងដើម្បីឱ្យបងប្អូនប្រជាជនខ្មែរទាំងអស់ងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ពីព្រោះទឹកស្វាយដែលកូនខ្មែរបានផលិតមានរសជាតិឆ្ងាញ់ និង មានស្តង់ដារអនាម័យមិនចាញ់បរទេសទេ។
កូនខ្មែរដែលមានឈ្មោះថាលោក ហ៊ុយ កុសល បច្ចុប្បន្នលោកគឺជាស្ថាបនិកក្រុមអ្នករកទីផ្សារផលិតផលខ្មែរ លោកបាននិយាយប្រាប់ Business Cambodia ថា អតីតកាលលោកបានធ្វើការនៅក្រុមហ៊ុននាំចេញផលិតផលកសិកម្មទៅទីផ្សារពិភពលោក ដោយប្រើរយៈពេលអស់ជាង ៧ឆ្នាំ អំឡុងពេលធ្វើការនោះលោកបានសង្កេតឃើញថាវត្ថុធាតុដើមនៅក្នុងស្រុកយើងមានច្រើនណាស់ តែពុំសូវមានអ្នកកែច្នៃទាល់តែសោះ គឺយើងគិតតែនាំចេញទៅក្រៅក្នុងតម្លៃទាបពេក។
លោកកុសល បានបន្តទៀតថា ធ្វើការទីនោះអស់មួយរយៈលោកក៏បានលាឈប់ ក្រោយពីឈប់ធ្វើការលោកបានឃើញថាផ្លែស្វាយនៅកម្ពុជាមានច្រើន តែមិនទាន់មានការឆ្លើយតបពីទីផ្សារនៅឡើយទេ ឃើញដូច្នេះនៅអំឡុងឆ្នាំ២០២១ លោកបានប្រកាសបើករោងចក្រផលិតទឹកផ្លែស្វាយមួយ ពេលនោះលោកបានសហការជាមួយសហគមន៍កសិកម្មមៀនស្រុកម៉ាឡៃជាដៃផលិតទឹកផ្លែស្វាយដើម្បីដាក់លក់នៅលើហ្វេសប៊ុក គេហទំព័រ និងផ្ញើរទៅដៃគូក្រៅស្រុកជួយរកទីផ្សារអោយ ។
សហគ្រិនរូបនេះ បន្ថែមថា សម្រាប់ទឹកស្វាយដែលផលិតចេញជាភេសជ្ជៈនេះ មិនមែនចេះតែផលិតតាមចិត្តឡើយ ពោលគឺមានរោងចក្រផលិតត្រឹមត្រូវតាមស្តង់ដារដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ ហើយសម្រាប់ការផលិតនេះគឺស្ថិតក្រោមជំនួយរបស់អង្គការ GIZ និងក្រសួងមន្ទីរក្នុងខេត្ត នឹងមានការបង្រៀនយ៉ាងម៉ត់ចត់ពីគ្រូជនជាតិថៃ មិនតែប៉ុណ្ណោះសម្រាប់បន្ទប់ផលិតទឹកស្វាយតែម្តងគឺ មានស្តង់ដារអនាម័យណាស់ សូម្បីតែស្រមោច១ក៏យើងមិនឱ្យនៅបន្ទប់ផលិតដែរ។
លើសពីនេះទៅទៀត សូម្បីតែការចេញចូលនៅក្នុងបន្ទប់ផលិតទឹកស្វាយផ្ទាល់តែម្តង ក៏យើងតែងតែ ប្រកាន់ភ្ជាប់នៅការអនាម័យជាប់ខ្លួនជានិច្ច ព្រោះតែលោកចង់ឱ្យទឹកស្វាយចេញមកមានអនាម័យ ពេលប្រជាជនពិសារទៅមិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ចំណែកការផលិតទឹកស្វាយនេះ ក្រៅពីមានគ្រូជនជាតិថៃមកបង្រៀនផ្ទាល់ ក្រុមផលិតក៏បានទៅរៀននៅក្រៅប្រទេសបន្ថែមទៀតដូចជានៅថៃ ម៉ាឡេស៊ី ជាដើមដើម្បីបំពេញចំណេះតាមស្តង់ដារអន្តរជាតិ។
លោក ហ៊ុយ កុសល ស្ថាបនិកក្រុមអ្នករកទីផ្សារផលិតផលខ្មែរ បានបញ្ជាក់ថា សម្រាប់ទឹកស្វាយរបស់លោកក្នុងមួយថ្ងៃអាចផលិតបាន ៥ពាន់ដប ហើយលោកក៏បានសំណូមពរឱ្យប្រជាជនខ្មែរទាំងអស់ងាកមកជួយគាំទ្រផលិតផលខ្មែរវិញ ព្រោះទឹកស្វាយរបស់លោកផលិតមានស្តង់ដារត្រឹមត្រូវ មិនថាទាំងគុណភាព អនាម័យ រសជាតិគឺមិនចាញ់បរទេសឡើយ។
គួរជម្រាបថា នាពេលបច្ចុប្បន្ននេះ សហគមន៍របស់លោកមិនមែនផលិតតែទឹកស្វាយមួយមុខឡើយ ពោលថែមទាំងមានដំណាប់ស្វាយ មៀនកំប៉ុង មៀនក្រៀម ថែមទាំងស្រាមៀនទៀតផង។ នៅក្នុងនោះដែរ សម្រាប់ប្រជាជនទាំងអស់ដែលមានផលិតផលល្អតែពិបាកលក់ ឬចង់ពិភាក្សាជាមួយ លោកកុសល ក៏មានការបង្រៀនអោយចេះផលិតតាមស្តង់ដារ នឹងជួយលក់ផលិតផលក្នុងស្រុក និងនាំចេញផងដែរ៕ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ 089 517 718, 081 517 718 ឬទំព័រហ្វេសប៊ុកឈ្មោះ ខ្ញុំគាំទ្រផលិតផលខ្មែរ និងគេហទំព័រ www.khmerproducts.company.site៕