ក្ដៅៗ! រាជរដ្ឋាភិបាលសម្រេចបញ្ចុះអត្រាពន្ធនាំចូល ០% លើមុខទំនិញទាំងនេះ
Bunthoeun KoemMARCH 29 2026831 views

រាជរដ្ឋាភិបាលបានសម្រេចបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញមួយចំនួនរួមមាន ឧបករណ៍អគ្គិសនី, ប្រព័ន្ធសូឡា រថយន្តអគ្គិសនី ជាដើម។ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងដូច្នេះថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម៖

 

- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ
- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ

 

ជាមួយគ្នានេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបញ្ចុះអត្រាពន្ធលើមុខទំនិញមួយចំនួនទៀតផងដែរដូចជា៖


- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ
- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ
- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។

អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ៕

 

Fn 2026 03 29 08 26 48 902

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia