នៅសប្តាហ៍ក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា ដើម្បីជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CNN ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ជំនួបនេះ ត្រូវបានគេចាត់ទុកជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ជីងពីង ទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០១៩ មក ហើយក៏ជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់ទីក្រុងប៉េកាំង ក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្ត្រវាក៏នឹងក្លាយជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងបង្អស់របស់លោក ស៊ី ជីងពីង នៅក្នុងឆ្នាំនេះផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានមានប្រសាសន៍កាលពីខែឧសភាកន្លងទៅថា រាល់ការផ្លាស់ប្តូរណាមួយរវាងចិន និងកូរ៉េខាងជើង គឺ “បម្រើដល់ផលប្រយោជន៍នៃភាគីទាំងសងខាងក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”។
គួរបញ្ជាក់ថា ប្រទេសចិន គឺជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កូរ៉េខាងជើងដោយក្តោបក្តាប់ភាគច្រើនលើសលប់នៃពាណិជ្ជកម្មក្រៅប្រទេស ហើយក៏ត្រូវបានចាត់ទុកជាដៃគូការទូតដ៏សំខាន់បំផុតរបស់ទីក្រុងព្យុងយ៉ាងជាយូរមកហើយ។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសមួយសម្រាប់លោក ស៊ី ជីងពីង ក្នុងការជំរុញឱ្យមានតុល្យភាពឡើងវិញនៃទំនាក់ទំនងទាំងនេះនិងដើម្បីជាសញ្ញាបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងនេះចំពោះទីក្រុងប៉េកាំង នៅក្នុងគ្រាដែលមានការប្រែប្រួលជាសកល។


