ធនាគារពិភពលោក បង្ហាញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧
Bunthoeun KoemJUNE 10 20263 K views

របាយការណ៍របស់ធនាគារពិភពលោក (World Bank) បង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងបង្ហាញភាពធន់ ដោយមានការទ្រទ្រង់ពីការកើនឡើងនៃការវិនិយោគបរទេស និងការនាំចេញដ៏រឹងមាំ បើទោះជាការកើន​​ឡើងនៃថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើអាជីវកម្ម និងគ្រួសារកម្ពុជា ក៏ដោយ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាពិតប្រាកដ ត្រូវបានព្យាករថានឹងកើនឡើងត្រឹម ៣,៩ ភាគរយ នៅឆ្នាំ២០២៦ និងងើបឡើងវិញដល់ ៤,៩ ភាគរយ នៅឆ្នាំ២០២៧។ នេះយោងតាមការចេញផ្សារពីធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២៦។

 

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ដែល មានចំណងជើងថា ពុះពារឆ្លងវិបត្តិ បានរៀបរាប់លម្អិតអំពីការណ៍ដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានជះផលប៉ះទង្គិចរបស់តម្លៃប្រេងមកដល់កម្ពុជា ធ្វើឱ្យថ្លៃដឹកជញ្ជូន និងថ្លៃផលិតកម្មរបស់​បណ្តា​ក្រុមហ៊ុនកើនឡើង ហើយជាលទ្ធផលធ្វើឱ្យពួកគេខ្វះលទ្ធភាពក្នុងការរក្សាការងារសម្រាប់ពលករ។

 

A6d0cfe47959756af83572e6d6a2558c8b10d1f6

 

ស្ថានការណ៍ប្រឈមភ្លាមៗនេះ កើតឡើងចំពេលដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃប្រាក់ផ្ញើពីក្រៅប្រទេស បន្ទាប់ពីពលករចំណាកស្រុកជិតមួយលាននាក់បានវិលត្រឡប់ចូលប្រទេសវិញ។ ជាមួយគ្នានេះ អតិផរណាបានកើនឡើងដល់ ៥,៨ ភាគរយ នៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលប៉ះទង្គិចខ្លាំងមែនទែនលើ​គ្រួសារដែលមានប្រាក់ចំណូលទាប។ តាមការប៉ាន់ប្រមាណ គ្រាន់តែការកើនឡើង ១០ ភាគរយ នៃតម្លៃប្រេងឥន្ធនៈ អាចនឹងធ្វើឱ្យ​ភាពក្រីក្រកើនអត្រា​ចំនួន ១,៤ ពិន្ទុភាគរយ។

 

ផ្ទុយទៅនឹងការប្រឈមទាំងនេះ ការវិនិយោគផ្ទាល់ពីបរទេសបានឡើងដល់ ៥,១ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ដោយជួយបង្កើតការងារផ្លូវការប្រមាណ ៤០០ ០០០ ការងារ ហើយតាមរយៈនេះវាបានផ្តល់ឱកាសការងារសំខាន់ៗច្រើន សម្រាប់​កម្មករដែលប្តូរពីវិស័យកសិកម្ម និងសម្រាប់ពលករចំណាកស្រុកដែលបានត្រឡប់មកពីប្រទេសថៃវិញ។ ការនាំចេញទំនិញក៏នៅរឹងមាំផងដែរ ដោយកើនឡើងបាន​ ១៧,៧ ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦។ កំណើនផលិតផលក្នុងស្រុក​សរុបពិតប្រាកដត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,៩ ភាគរយ នៅឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់ ៤,៩ ភាគរយ នៅឆ្នាំ២០២៧។

 

721004936 1048582327821429 1378773551417852787 N

 

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«សេដ្ឋកិច្ចកម្ពុជាកំពុងប្រឹងទប់ខ្លួនបាននៅចំពោះមុខសភាពការណ៍ប៉ះទង្គិចច្រើនយ៉ាងក្នុងពេលដំណាលគ្នា ប៉ុន្តែនៅតែបង្ហាញនូវភាពធន់ទ្រាំ ដែលអាចរក្សាបានតាមរយៈវិធានការគោលនយោបាយដែលមានគោលដៅច្បាស់លាស់ ដើម្បីការពារការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»

 

លោកស្រីបានបន្ថែមទៀតថា៖ “តាមការព្យាករ ចំណែកនៃចំនួនប្រជាជនក្នុងវ័យធ្វើការនឹងឡើងដល់កំពូលនៅប្រហែលក្នុងឆ្នាំ ២០៤៣ អាស្រ័យហេតុនេះ ១៥ឆ្នាំ ទៅ ២០ ឆ្នាំខាងមុខ គឺជារយៈពេលមួយដ៏មានសារៈសំខាន់ណាស់សម្រាប់អនាគតរបស់កម្ពុជា។ ការវិនិយោគទៅលើប្រជាជន លើការអប់រំ លើការងារ លើក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនថ្មីៗ គឺជាកត្តាដែលនឹងប្រែក្លាយកាលានុវត្តភាពផ្នែកប្រជាសាស្ត្ររបស់កម្ពុជា ឱ្យទៅជាឧត្តមភាពប្រកួតប្រជែងដ៏អស្ចារ្យបំផុតរបស់ខ្លួន។»

 

របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យមានការឆ្លើយតបគោលនយោបាយពហុវិស័យមួយ ដែលផ្តោតលើការគាំ​ពាររបរចិញ្ចឹមជីវិត និងគាំទ្រដល់ការបង្កើតការងារ ដំណាលគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធដែលពង្រឹងភាពប្រកួតប្រជែង និងផលិតភាព។ ។ សម្រាប់រយៈពេលខ្លី របាយការណ៍ស្នើឱ្យមានការផ្តល់សាច់ប្រាក់តាមគោលដៅ និងមានពេលវេលាកំណត់ ដល់គ្រួសារងាយរងគ្រោះ ជំនួសឲ្យការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈជាទូទៅ។ របាយការណ៍ក៏បញ្ជាក់ផងដែរអំពីការកៀរគរប្រាក់ចំណូលក្នុងស្រុក ដើម្បីបន្ត និងពង្រីកការវិនិយោគដ៏សំខាន់លើសុខភាព ការអប់រំ និងការគាំពារសង្គម។ ដើម្បីបន្ធូរបន្ថយសម្ពាធលើការងារនៅជនបទ ការបង្កើនល្បឿនសម្រាប់ការនាំចូលជីឱ្យបានឆាប់រហ័ស និងការលើកកម្ពស់ការធ្វើកសិកម្មដែលសន្សំសំចៃប្រេងឥន្ធនៈ នឹងជួយឱ្យកសិកររក្សាបានផលិតភាព និងរកប្រាក់ចំណូល សម្រាប់ចិញ្ចឹមគ្រួសារ។

 

ជំពូកផ្តោតពិសេសលើ ការប្រែប្រួលប្រជាសាស្ត្ររបស់កម្ពុជា និងមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ (Cambodia’s Demographic Transition and the Road to Vision 2050) សង្កត់ធ្ងន់លើភាពបន្ទាន់នៃការបង្កើតការងារដែលមានគុណភាព ក្នុង​ពេល​ដែលកាលានុវត្តភាពផ្នែកប្រជាសាស្ត្រចាប់ផ្តើមរួមតូច។ តាមរយៈការកសាងមូលធនមនុស្ស, បង្កើនផលិត​ភាព និងគាំទ្រវិស័យដែលមានសក្តានុពលការងារខ្លាំង នៅតែជាគន្លឹះអាទិភាព ស្របពេលដែលការធ្វើឱ្យសេដ្ឋកិច្ចផ្នែកថែទាំមនុស្ស​មានលក្ខណៈជាផ្លូវការ និងគោលនយោបាយចំណាកស្រុកកម្លាំងពលកម្មជាយុទ្ធសាស្ត្រ អាចបើកឱកាសកម្លាំងការងារជាស្រ្តីចូលរួម និងភ្ជាប់កម្មកររបស់កម្ពុជាទៅក្នុងតំបន់ទៀតផង។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia