ឈប់គិតថាខ្លួន ល្អមិនគ្រប់គ្រាន់! ធ្វើការយូរៗទទួលបានតែពាក្យសរសើរ ប៉ុន្តែមិនទទួលបានការឡើងតំណែង ៦យ៉ាងនេះជាហេតុផល
Bunthoeun KoemAUGUST 3 202626 views

ការទទួលបានការសរសើរ តែមិនទទួលបានការឡើងតំណែង គឺជាបទពិសោធន៍មួយដែលឈឺចាប់ និងធ្វើឲ្យមនុស្សអស់ទឹកចិត្តយ៉ាងខ្លាំងក្នុងការធ្វើការ។ វាធ្វើឲ្យយើងមានអារម្មណ៍ថា តើខ្លួនធ្វើមិនទាន់ល្អគ្រប់គ្រាន់ ឬយ៉ាងណា? ប៉ុន្តែនៅក្នុងពិភពការងារ ការធ្វើការងារបានល្អ មិនមែនមានន័យថា ត្រូវតែសាកសមនឹងឡើងតំណែងនោះទេ។ ខាងក្រោមនេះជាហេតុផលចម្បងៗ ដែលបុគ្គលិកភាគច្រើនចួបប្រទះញឹកញាប់បំផុតក្នុងការងារ៖

 

១. អ្នកពូកែខាងធ្វើការ តែមិនបង្ហាញសមត្ថភាពដឹកនាំ

 

ទោះបីជា មេតែងតែសរសើរ ព្រោះអ្នកបានបំពេញការងារដែលគេប្រគល់ឲ្យបានយ៉ាងល្អឥតខ្ចោះ រហ័ស និងគ្មានកំហុសក៏ពិតមែន ប៉ុន្តែតំណែងធំជាងមុន តម្រូវឲ្យអ្នកមានជំនាញរៀបចំផែនការ យុទ្ធសាស្ត្រ ការដោះស្រាយវិបត្តិ និងការដឹកនាំមនុស្ស មិនមែនគ្រាន់តែអង្គុយធ្វើការតាមបញ្ជាឡើយ។ ដូច្នេះ ការបង្ហាញភាពជាអ្នកដឹកនាំរបស់អ្នក ដោយជួយជ្រោមជ្រែងមិត្តរួមការងារ និងផ្ដើមគំនិតថ្មីៗសម្រាប់ក្រុម នោះជាអ្វីដែលអ្នកត្រូវកែប្រែខ្លួនឯងបន្ថែមទៀត។

 

២. ការបាត់បង់មនុស្សពូកែ

 

នេះជារឿងអយុត្តិធម៌មួយនៅក្នុងក្រុមហ៊ុនខ្លះ។ ប្រសិនបើអ្នកធ្វើការបច្ចុប្បន្នបានល្អខ្លាំងពេក រហូតដល់ គ្មាននរណាអាចជំនួសអ្នកបាន នោះមេរបស់អ្នក អាចនឹងមិនព្រមដំឡើងតំណែងឲ្យអ្នកនោះឡើយ ព្រោះគេខ្លាចបាត់បង់មនុស្សដែលធ្វើការងារនោះបានល្អ ហើយគ្មានអ្នកណាអាចធ្វើបានល្អដូចអ្នក។ ដូច្នេះ ត្រូវចែករំលែកចំណេះដឹង បណ្តុះបណ្តាល ឬបង្វឹកបង្វើនមនុស្សនៅក្រោម ឬក្បែរខ្លួនឲ្យចេះធ្វើការងាររបស់អ្នកខ្លះផង ដើម្បីឲ្យមេមើលឃើញថា បើដំឡើងតំណែងអ្នក ក៏មានអ្នកមកជំនួសការងារចាស់របស់អ្នកបានដែរ។

 

៣. ទំនាក់ទំនង និងភាពស្គាល់គ្នារបស់អ្នក

 

អ្នកអាចជាមនុស្សធ្វើការស្ងាត់ៗ មិនសូវនិយាយ ឬមិនសូវបានបង្ហាញសមិទ្ធផលឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់បានឃើញ។ ជាទូទៅ ការសរសើរច្រើនតែចេញពីមេផ្ទាល់ ប៉ុន្តែការសម្រេចចិត្តដំឡើងតំណែង ជារឿយៗត្រូវការ ការយល់ព្រមពីថ្នាក់លើ ឬនាយកដ្ឋាន HR ផងដែរ។ ករណីនេះ ត្រូវរៀនបង្ហាញសមិទ្ធផល ដោយចេញមុខ និងបង្កើតទំនាក់ទំនងជាមួយមនុស្សក្នុងស្ថាប័នឲ្យបានទូលំទូលាយ។

 

៤. អ្នកមិនដែលទាមទារ ឬនិយាយពីបំណងប្រាថ្នារបស់អ្នក

 

មេខ្លះគិតថា អ្នកកំពុងពេញចិត្ត និងមានសេចក្តីសុខជាមួយតំណែង និងប្រាក់ខែបច្ចុប្បន្ន ព្រោះអ្នកមិនដែលទាមទារ ឬនិយាយពីការឡើងតំណែងសោះ។ ដូច្នេះ ត្រូវសុំចួបពិភាក្សាជាមួយមេផ្ទាល់ ដោយនិយាយដោយចំហ និងសមរម្យថា៖ «ខ្ញុំចង់អភិវឌ្ឍខ្លួនទៅកាន់តំណែង (តំណែងណាមួយដែលអ្នកចូលចិត្ត) តើខ្ញុំត្រូវបំពេញលក្ខខណ្ឌ ឬបង្កើនសមត្ថភាពលើចំណុចណាខ្លះទៀត

 

៥. កត្តារចនាសម្ព័ន្ធ និងថវិការបស់ក្រុមហ៊ុន

 

ចួនកាល បញ្ហាមិនមែនមកពីអ្នកឡើយ! ប៉ុន្តែដោយសារ ក្រុមហ៊ុនគ្មានកៅអីទំនេរសម្រាប់តំណែងនោះ (តំណែងនោះពេញ)។ ឬមួយវិញទៀត ក្រុមហ៊ុនកំពុងចួបវិបត្តិហិរញ្ញវត្ថុ ឬកាត់បន្ថយថវិកា ជាដើម។ ក្នុងករណីនេះ ទោះបីជាគេស្រលាញ់ និងសរសើរអ្នកប៉ុនណាក៏ដោយ ក៏គេមិនអាចដំឡើងតំណែងឲ្យអ្នកបានដែរ។

 

៦. ការសរសើរគ្រាន់តែជារង្វាន់ដ៏ធូរថ្លៃមួយ

 

នៅក្នុងវប្បធម៌របស់ក្រុមហ៊ុនខ្លះ ការសរសើរតាមមាត់ និងពាក្យ «អរគុណ ធ្វើបានល្អណាស់» ត្រូវបានប្រើប្រាស់ដើម្បីលើកទឹកចិត្តបុគ្គលិក ដោយមិនបាច់ចំណាយប្រាក់បន្ថែម ឬដំឡើងតំណែង។

 

គួរបញ្ជាក់ថា ប្រសិនបើអ្នកបានព្យាយាមអភិវឌ្ឍខ្លួន និយាយពិភាក្សាផ្លូវការហើយ នៅតែទទួលបានត្រឹមពាក្យសរសើរដដែលៗរាប់ឆ្នាំ នោះជាសញ្ញាបញ្ជាក់ថា ដល់ពេលដែលអ្នកត្រូវស្វែងរកឱកាសថ្មីនៅក្រុមហ៊ុនផ្សេង ដែលឲ្យតម្លៃលើសមត្ថភាពរបស់អ្នកពិតប្រាកដហើយ។ ពាក្យសរសើរមិនអាចយកទៅបង់ថ្លៃផ្ទះ ឬទិញបាយហូបបានឡើយ។ ប្រសិនបើអ្នកចង់បានការឡើងតំណែង ត្រូវប្តូរពីការធ្វើជា មនុស្សធ្វើការស្មោះត្រង់ មកជា មនុស្សដែលមានយុទ្ធសាស្ត្រក្នុងការងារវិញ ល្អជាង៕ 

 

អត្ថបទ៖ សុផុន 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia