ពីបុគ្គលិកឆ្នើម ធ្វើការ២០ឆ្នាំនៅក្នុងវិស័យធនាគារនិងអាជីវកម្មខ្នាតមធ្យម អ្នកស្រី យូ បូរី ផ្តើមបុគ្គលិករាប់លុយនៅធនាគារ អាចវិវត្តន៍ខ្លួនឡើងតំណែងជាប្រធានសាខានៅវ័យ ២៧ឆ្នាំ ខណៈបច្ចុប្បន្នអ្នកស្រីក៏ជាម្ចាស់ក្រុមហ៊ុននិងជានាយកប្រតិបត្តិនៃ TEDP ក្រុមហ៊ុនឯកទេសរៀបចំសមិទ្ធកម្មគន្លឹះ KPI និងយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស។
ឆ្លងកាត់តាមបទពិសោធន៍ចាស់វស្សាលើអាជីពការងារ មុនសម្រេចចិត្តឈប់ធ្វើការចេញបើកក្រុមហ៊ុនដោយខ្លួនឯងនៅឆ្នាំ២០១៦ អ្នកស្រី យូ បូរី បានផ្តាំដល់បុគ្គលិកដែលកំពុងធ្វើការឱ្យគេហើយត្រៀមចេញរកស៊ីថា ក្រៅពីជឿជាក់លើសមត្ថភាពខ្លួនឯងហើយ មានដើមទុនហើយ ត្រូវធ្វើរឿងចំនួន៣នេះឱ្យបានល្អថែមទៀតមុនចេញទៅ ទើបមិនសូវព្រួយចិត្ត៖
១.ទុកលុយបម្រុង៦ខែ៖ អ្នកស្រី យូ បូរីបានប្រាប់បទពិសោធន៍ផ្ទាល់ខ្លួនថាពេលអ្នកស្រីសម្រេចចិត្តចេញមកបើកក្រុមហ៊ុនខ្លួនឯង អ្នកស្រីបានទុកពេលឱ្យខ្លួនឯង៦ខែធ្វើអាជីវកម្ម ដែលមានទឹកប្រាក់បម្រុងជាប់ខ្លួនប្រមាណ៦ពាន់ដុល្លារដើម្បីប្រើការ។ ស្រ្តីឆ្នើមរូបនេះបានបញ្ជាក់ថាអ្នកស្រីនឹងវាស់វែងសមត្ថភាពអាជីវកម្ម តាមរយៈទឹកប្រាក់ដែលនៅសល់ បើលុយបម្រុងនៅសល់សម្រាប់ប្រើត្រឹម២ខែនោះទេ តែក្រុមហ៊ុនមិនរលូន អ្នកស្រីនឹងត្រៀមប្រវត្តិរូបសង្ខេបសម្រាប់ដាក់ពាក្យចូលធ្វើការវិញ ប៉ុន្តែជាសំណាងដែរក្រុមហ៊ុនអ្នកស្រីអាចរីកចម្រើនមុនរយៈពេល៦ខែមកដល់។
២.សន្សំអតិថិជននៅកន្លែងការងារ៖ អ្នកស្រី យូ បូរី បានបន្តឱ្យដឹងថានៅកន្លែងធ្វើការ ក្រៅពីធ្វើការងារហើយ គឺត្រូវចេះសន្សំទំនាក់ទំនងល្អ ជាមួយអតិថិជនដែលប្រើសេវាកម្មធនាគារផង ជាមួយមេផង ជាមួយអ្នករួមការងារផង។ ចំណុចនេះអ្នកស្រីបានពន្យល់ថាវាជាការវិនិយោគពេលវេលានិងចំណេះដឹងនៅក្នុងការសន្សំអតិថិជនអនាគតរបស់យើងនៅកន្លែងការងារ ព្រោះពួកគាត់ទាំងនោះនឹងអាចក្លាយជាអតិថិជនដ៏ល្អដែលមកគាំទ្រអាជីវកម្មរបស់នាពេលខាងមុខក៏ថាបានដែរ ហើយចំពោះបទពិសោធន៍អ្នកស្រីផ្ទាល់មានអតិថិជនខ្លះរាប់អានអ្នកស្រីរហូតតាមហៅការកូនទៀតផង។
៣. ធ្វើការងារឱ្យល្អ មានស្នាដៃ៖ ចំពោះកាតព្វកិច្ចការងារ អ្នកស្រីតែងតែខិតខំបំពេញការងារខ្លួនឱ្យលឿនរហ័ស មានប្រសិទ្ធិភាព និងយកពេលវេលាដែលសេសសល់ រៀនសូត្រពង្រឹងសមត្ថភាពបន្ថែម និងជួយជំរុញមនុស្សជុំវិញខ្លួន ខណៈការខិតខំ លះបង់ អត់ធ្មត់ខ្លាំងទាំងនេះហើយជាស្ពានចម្លងឱ្យអ្នកស្រីធ្វើការងារមានស្នាដៃនិងលទ្ធផលល្អ សល់ចំណេះដឹង ជំនាញនិងបទពិសោធន៍អាចចេញទៅចាប់ផ្តើមអាជីវកម្មខ្លួនឯងបាន រួមជាមួយការបន្តរៀនសូត្រស្រាវជ្រាវនិងអភិវឌ្ឍខ្លួនឥតឈប់ ទោះពេលនេះអ្នកស្រីក្លាយជាម្ចាស់ក្រុមហ៊ុនហើយក៏ដោយ៕
អត្ថបទដោយ៖ ពីង ជូអេង