ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ បរិយាកាសទូទាំងប្រទេសចាប់ផ្តើមប្រែជាអធិកអធមគួរឱ្យកត់សម្គាល់។ នៅតាមលំនៅដ្ឋាន ប្រជាពលរដ្ឋគ្រប់រូបកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អដោយផ្កាភ្ញី និងភ្លើងពណ៌ចម្រុះ អមដោយសូរតន្ត្រីរៀបរាប់ពីថ្ងៃចូលឆ្នាំ និងការលេងល្បែងប្រជាប្រិយយ៉ាងក្អាកក្អាយ ដែលសរបញ្ជាក់ពីអត្ថន័យដ៏ជ្រាលជ្រៅនៃវប្បធម៌ខ្មែរក្នុងឱកាសដ៏វិសេសវិសាលនេះ។
នាឱកាសនេះ ធនាគារ វីង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធី «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ និង «សង្ក្រាន្តសៀមរាប» ដើម្បីនាំមកនូវភាពរីករាយ និងបង្កើតចំណងមិត្តភាពក្នុងសហគមន៍ឱ្យកាន់តែជិតស្និទ្ធ ក្នុងនាមជាគ្រួសារខ្មែរតែមួយ។ តាមរយៈកម្មវិធីកម្សាន្តជាច្រើននៅតាមស្តង់របស់ធនាគារ វីង យើងមានបំណងផ្តល់ជូននូវបរិយាកាសសប្បាយរីករាយ អមជាមួយការលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែរស់រវើក ក្នុងអំឡុងពេលនៃការសម្រាកជួបជុំក្រុមគ្រួសារ និងដំណើរកម្សាន្តនានា។
កញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “បុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏មានតម្លៃដែលរំលឹកយើងអំពីសារៈសំខាន់នៃក្រុមគ្រួសារ ប្រពៃណីជាតិ និងការចែករំលែកក្តីស្រឡាញ់ជាមួយគ្នា។ ក្នុងនាមធនាគារ វីង យើងខ្ញុំមានមោទនភាពដែលបានចូលរួមអបអរសាទរពិធីនេះយ៉ាងជិតស្និទ្ធជាមួយបងប្អូនក្នុងសហគមន៍ ស្របពេលដែលយើងនៅតែបន្តគាំទ្រដល់អាជីវកម្មក្នុងស្រុក និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងឱកាសដ៏វិសេសវិសាលនេះ។”
ខណៈពេលដែលយើងត្រៀមទទួលទេពធីតាឆ្នាំថ្មី ព្រះនាង រាក្សសាទេវី ដែលជាបុត្រីមួយក្នុងចំណោមបុត្រីទាំង ៧ អង្គរបស់កបិលមហាព្រហ្ម នឹងយាងចុះមកគ្រងជម្ពូទ្វីប ដែលទ្រង់ជានិមិត្តរូបនៃភាពក្លាហាន ភាពមាំមួន និងកិច្ចការពារសម្រាប់ការចាប់ផ្ដើមថ្មី។ ការរៀបចំខ្លួនទទួលឆ្នាំថ្មីរបស់ប្រជាជនកម្ពុជា ក៏ជាសាររំលឹកដ៏មានអត្ថន័យផងដែរថា នេះគឺជាឱកាសដ៏ល្អបំផុតដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់អនាគត។
កញ្ញា គិត វីននីដា បានបន្តទៀតថា៖ “ការយាងមកដល់របស់ទេវតាឆ្នាំថ្មី បានរំលឹកយើងគ្រប់គ្នាថា ការត្រៀមលក្ខណៈទុកជាមុន គឺជាការការពារដ៏ប្រសើរបំផុត។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រនាឱកាសនេះ នឹងជួយលើកកម្ពស់ទម្លាប់ល្អៗ ជាពិសេសគឺការសន្សំសំចៃ ដើម្បីនាំមកនូវភាពកក់ក្តៅ និងស្ថេរភាពហិរញ្ញវត្ថុសម្រាប់គ្រប់ក្រុមគ្រួសារ ក្នុងឆ្នាំថ្មីខាងមុខ។”
សម្រាប់រាជធានីភ្នំពេញ ធនាគារ វីង បានចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត ឆ្នាំ២០២៦” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។ ក្នុងនោះដែរ ធនាគារ វីង ក៏បានរៀបចំស្តង់ពិព័រណ៍ដែលរចនាឡើងយ៉ាងសម្រិតសម្រាំងតាមរចនាបថខ្មែរ នៅក្បែរស្ពាននាគវត្តភ្នំ ដើម្បីទទួលស្វាគមន៍សាធារណជនឱ្យមកជួបជុំគ្នា និងចូលរួមក្នុងសកម្មភាពកម្សាន្តបែបប្រពៃណីជាច្រើន។
ដោយឡែក សម្រាប់ទឹកដីសៀមរាបអង្គរ ធនាគារ វីង ក៏បានចូលរួមឧបត្ថម្ភក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តសៀមរាប” និងបានរៀបចំស្តង់ វីង នៅតំបន់ “តស់ទៅលេងតំបន់ត្រជាក់” ក្បែរស្ពានវត្តបូព៌ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ ទីតាំងនេះត្រូវបានរៀបចំឡើងយ៉ាងរស់រវើក តាមរយៈការប្រគំតន្ត្រីខ្នាតតូច និងការសម្តែងសិល្បៈប្លែកៗ ដែលនឹងនាំមកនូវបរិយាកាសសប្បាយរីករាយជូនដល់ក្រុមគ្រួសារ និងភ្ញៀវទេសចរ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកស្នាមញញឹម។
នៅទីតាំងទាំងពីរ ជាពិសេសនៅក្នុងខេត្តសៀមរាប អ្នកចូលរួមមិនត្រឹមតែអាចចូលរួមលេងកម្សាន្តតាមបែបវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងយល់ពីសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ វីង ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល។ អតិថិជនអាចបើកគណនីថ្មី ដើម្បីទទួលបានអត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំលើគណនីសន្សំ ឬរហូតដល់ ៥% ក្នុងមួយឆ្នាំជាមួយគណនីសន្សំដើម្បីគោលដៅ។ លើសពីនេះ អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មី និងរង្វាន់ជាច្រើនទៀតផងដែរ។
លើសពីភាពសប្បាយរីករាយ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការគាំទ្រដល់អាជីវកម្មខ្នាតតូចនៅទូទាំងប្រទេស។ ធនាគារ វីង មានគោលបំណងមិនត្រឹមតែបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់កសាងទំនាក់ទំនងដ៏រឹងមាំយូរអង្វែង ដែលជាកន្លែងមោទនភាពវប្បធម៌ត្រូវបានលើកតម្កើង ហើយសហគមន៍កាន់តែមានភាពរីកចម្រើន ប្រកបដោយក្តីសង្ឃឹម និងសុទិដ្ឋិនិយមសម្រាប់ឆ្នាំថ្មី។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ធនាគារ វីង សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមឱ្យទទួលបាននូវសេចក្តីសុខ សាមគ្គីភាព និងវិបុលភាពជានិរន្តរ៍តរៀងទៅ។


