អ្នកនាំចេញ-ចូលទំនិញឆ្លងដែនគួរដឹង៖ កំហុស ៥ យ៉ាងដែលបង្កឱ្យមានការយឺតយ៉ាវ ទំនាស់អាជីវកម្ម និងការចំណាយបន្ថែមដោយមិនដឹងខ្លួន
Daneth MechJULY 26 2026

នៅពេលដែលការដឹកជញ្ជូនមានភាពយឺតយ៉ាវ ភាគច្រើនគេតែងតែគិតថា បញ្ហាប្រហែលជាកើតឡើងនៅឯកំពង់ផែ នៅកន្លែងត្រួតពិនិត្យគយ ឬនៅចំណុចណាមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ប៉ុន្តែជាក់ស្តែង ការរអាក់រអួលដែលនាំឱ្យខាតបង់ គឺភាគច្រើនកើតមានឡើងតាំងពីដំណាក់កាលដំបូងៗមកម្ល៉េះ ពោលគឺអាចផ្តើមចេញពីកំហុសតូចៗនៅក្នុងកិច្ចសន្យា ការរៀបចំឯកសារ ឬនីតិវិធីស្នើសុំការអនុញ្ញាតនានា។

សម្រាប់ម្ចាស់អាជីវកម្មនាំទំនិញចេញ-ចូល ការធ្វេសប្រហែសលើការងាររដ្ឋបាលបន្តិចបន្តួច អាចក្លាយជាបញ្ហាប្រឈមធំមួយរំពេច។ ការខកខានមិនបានសុំការអនុញ្ញាត លក្ខខណ្ឌទូទាត់ប្រាក់មិនច្បាស់លាស់ ការដាក់ឯកសារយឺតយ៉ាវ ឬភាពមិនស៊ីគ្នានៃការរៀបចំឯកសារ សុទ្ធតែអាចបង្កឱ្យមានការពន្យារពេល មានបញ្ហាខ្វែងគំនិតគ្នា ត្រូវចំណាយលុយបន្ថែម និងធ្វើឱ្យគាំងសាច់ប្រាក់បង្វិល។ អ្វីដែលមើលទៅហាក់ដូចជាកំហុសដ៏តូចតាចនៅគ្រាចាប់ផ្តើម អាចនឹងបង្កជាផលប៉ះពាល់ជាបន្តបន្ទាប់ ពេញមួយដំណើរការនៃការធ្វើពាណិជ្ជកម្មទាំងមូលតែម្តង។

ស្របពេលដែលសកម្មភាពនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបន្តរីកចម្រើន ម្ចាស់អាជីវកម្មដែលជោគជ័យ តែងតែមានភាពហ្មត់ចត់ខ្ពស់ទៅលើគ្រប់ចំណុចលម្អិតនៃប្រតិបត្តិការទិញលក់នីមួយៗរបស់ពួកគេ។ ហិរញ្ញប្បទានពាណិជ្ជកម្មនាពេលបច្ចុប្បន្ន មិនត្រឹមតែជួយសម្រួលដល់ការទូទាត់ប្រាក់ប៉ុណ្ណោះទេ តែក៏ជាដំណោះស្រាយដ៏សំខាន់ក្នុងការជួយឱ្យអាជីវកម្មអាចកាត់បន្ថយហានិភ័យ ប្រតិបត្តិការកាន់តែរលូន និងចៀសវាងកំហុសឆ្គងដែលនាំឱ្យខាតបង់ មុនពេលដែលទំនិញចាប់ផ្តើមចរាចរណ៍ផងដែរ។

 

Img 3530

 

កំហុសទាំង ៥ ដែលម្ចាស់អាជីវកម្មតែងតែមើលរំលង៖

១. ភាពមិនស៊ីគ្នានៃការរៀបចំឯកសារ៖ មូលហេតុទូទៅមួយនៃការយឺតយ៉ាវ គឺឯកសារមិនស៊ីសង្វាក់គ្នា។ ភាពខុសគ្នារវាងវិក្កយបត្រពាណិជ្ជកម្ម បញ្ជីវេចខ្ចប់ វិក្កយបត្រដឹកជញ្ជូន ឬលិខិតឥណទាន អាចនាំឱ្យមានការត្រួតពិនិត្យបន្ថែម ការកកស្ទះខាងនីតិវិធីគយ និងទាមទារឱ្យរត់ការកែឯកសារឡើងវិញ។ សូម្បីតែកំហុសតូចតាច ក៏អាចធ្វើឱ្យការងារដែលគួរតែរលូន ត្រូវរាំងស្ទះ និងខាតពេលយ៉ាងយូរផងដែរ។

២. លក្ខខណ្ឌទូទាត់ប្រាក់មិនច្បាស់លាស់៖ បញ្ហាទូទៅមួយទៀតដែលតែងតែកើតមាន គឺការកំណត់លក្ខខណ្ឌទូទាត់ប្រាក់មិនបានច្បាស់លាស់។ ជាទូទៅ ការធ្វើពាណិជ្ជកម្មឆ្លងដែន តែងតែមានការចូលរួមពីភាគីច្រើន ដែលមកពីទីផ្សារ និងមានទម្លាប់នៃការរកស៊ីខុសៗគ្នា។ នៅពេលដែលលក្ខខណ្ឌនៃការទូទាត់ កាលបរិច្ឆេទ ឬការទទួលខុសត្រូវខុសពីការព្រមព្រៀង និងការកំណត់ឱ្យបានច្បាស់លាស់នោះទេ ការយល់ច្រឡំអាចរាលដាលទៅជាទំនាស់អាជីវកម្មដ៏ស្មុគស្មាញបាន។ ផ្ទុយទៅវិញ ការឯកភាពគ្នាលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាំងពីចំណុចចាប់ផ្តើម គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យគ្រប់ភាគីមានការព្រមព្រៀងគ្នា និងលុបបំបាត់ក្តីបារម្ភនានាពេលកំពុងធ្វើប្រតិបត្តិការ។

៣. ការដាក់ឯកសារយឺតយ៉ាវ៖ ឯកសារដឹកជញ្ជូន ប្រតិវេទន៍គយ វិញ្ញាបនបត្រផ្សេងៗ និងឯកសារធនាគារ ភាគច្រើនសុទ្ធតែត្រូវបានកំណត់ពេលវេលាដាក់ជូនយ៉ាងតឹងរ៉ឹង។ ការខកខានមិនបានដាក់ឯកសារតាមកាលកំណត់ អាចពន្យារពេលការបញ្ចេញទំនិញ ពន្យារពេលការទូទាត់ប្រាក់ និងបណ្តាលឱ្យមានការចំណាយបន្ថែមដោយមិនចាំបាច់។

៤. ការប្រើប្រាស់លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ (Incoterms ២០២០) មិនបានត្រឹមត្រូវ៖  ក្រុមហ៊ុននានាគួរតែស្វែងយល់ និងប្រើប្រាស់លក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិ (Incoterms 2020) ឱ្យបានចំគោលដៅ។ ជាទូទៅ លក្ខខណ្ឌដែលត្រូវបានទទួលស្គាល់ជាសកលទាំងនេះ ដើរតួនាទីជាត្រីវិស័យជួយបញ្ជាក់យ៉ាងច្បាស់ថា តើភាគីណាជាអ្នកទទួលខុសត្រូវលើការដឹកជញ្ជូន ការទិញធានារ៉ាប់រង ការផ្ទេរហានិភ័យ នីតិវិធីគយ ការរៀបចំឯកសារ និងបន្ទុកចំណាយពាក់ព័ន្ធនានា។ នៅពេលដែលខ្លឹមសារក្នុងកិច្ចសន្យា ការរៀបចំការដឹកជញ្ជូន និងឯកសារជាក់ស្តែង មិនស៊ីសង្វាក់គ្នា នោះភាពច្របូកច្របល់ ការខាតបង់ប្រាក់កាស និងទំនាស់ នឹងអាចកើតមានឡើង។ ហេតុនេះ ការយកលក្ខខណ្ឌ Incoterm មកអនុវត្តឱ្យបានត្រឹមត្រូវ នឹងជួយត្រួសត្រាយផ្លូវឱ្យប្រតិបត្តិការឆ្លងដែនដំណើរការទៅយ៉ាងរលូន ធ្វើឱ្យការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព ព្រមទាំងបែងចែកបន្ទុកចំណាយ ហានិភ័យ និងភារកិច្ចរវាងអ្នកទិញ និងអ្នកលក់បានយ៉ាងច្បាស់លាស់ផងដែរ។

៥. ការខ្វះខាតការអនុម័តផ្លូវច្បាប់ ឬផ្ទៃក្នុង៖ ការខ្វះខាតឯកសារអនុម័តផ្ទៃក្នុង ឬការអនុញ្ញាតផ្លូវច្បាប់ផ្សេងៗ ក៏អាចធ្វើឱ្យប្រតិបត្តិការដែលកំពុងតែរលូន ត្រូវជាប់គាំងកណ្តាលទីបានភ្លាមៗផងដែរ។ រាល់ឯកសារសំខាន់ៗដូចជា លិខិតអនុញ្ញាតនាំចូល លក្ខខណ្ឌតម្រូវក្នុងការនាំចេញ ការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងការចុះហត្ថលេខាអនុម័តពីថ្នាក់គ្រប់គ្រង សុទ្ធសឹងតែជាកត្តាចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរអាក់រអួល និងរក្សាចរន្តពាណិជ្ជកម្មឱ្យដើរទៅមុខដោយរលូន។

លើសពីការរអាក់រអួលក្នុងប្រតិបត្តិការ កំហុសឆ្គងទាំងនេះក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រាក់ចំណេញផងដែរ។ ការយឺតយ៉ាវក្នុងការទូទាត់ ការពិន័យរបស់គយ ការចំណាយលើការស្តុកទំនិញចោល និងវិក្កយបត្រដែលមិនទាន់ទូទាត់ សុទ្ធតែអាចដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើទុនបង្វិល។ ក្នុងករណីខ្លះ អាជីវកម្មដែលកំពុងដំណើរការល្អ និងមានប្រាក់ចំណេញ អាចនឹងជួបប្រទះវិបត្តិសាច់ប្រាក់ ដោយសារតែប្រាក់ចំណូលមិនទាន់ធ្លាក់ចូលក្នុងដៃ ស្របពេលដែលកាតព្វកិច្ចចំណាយផ្សេងៗនៅតែត្រូវបន្តទូទាត់ចេញជារៀងរាល់ថ្ងៃ។

 

Trade Finance Kh Ver 2 1

 

ការទប់ស្កាត់បញ្ហាបានមុន គឺជាយុទ្ធសាស្ត្រពាណិជ្ជកម្មដ៏ល្អបំផុត

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដែលមានប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែជួយចាត់ចែងប្រតិបត្តិការទូទាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រក្នុងការទប់ស្កាត់បញ្ហានានាបានល្អមុនពេលដែលបញ្ហានោះអាចកើតឡើងផងដែរ។

លោក Chan James នាយកផ្នែកលក់ និងប្រឹក្សាហិរញ្ញប្បទានពាណិជ្ជកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “បញ្ហារាំងស្ទះជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម គឺច្រើនតែកើតចេញពីការធ្វេសប្រហែសតូចតាចលើក្រដាសស្នាមឯកសារ ឬនីតិវិធី ដែលតាមពិតទៅវាអាចត្រូវបានដោះស្រាយរួចរាល់តាំងពីដំបូងមកម្ល៉េះ។ ម្ចាស់អាជីវកម្មដែលមានភាពសកម្ម និងហ្មត់ចត់ក្នុងការរៀបចំផែនការប្រតិបត្តិការទុកមុន តែងតែស្ថិតក្នុងជំហរដ៏រឹងមាំបំផុត ក្នុងការកាត់បន្ថយហានិភ័យ ចៀសវាងការកកស្ទះ និងអាចរក្សាបាននូវទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំយូរអង្វែងជាមួយដៃគូ។”

សម្រាប់អាជីវកម្មដែលកំពុងធ្វើប្រតិបត្តិការនាំចេញ និងនាំចូលដែលកាន់តែមានភាពស្មុគស្មាញ ការទទួលបាននូវការគាំទ្រត្រឹមត្រូវ និងចំគោលដៅ កាន់តែមានសារៈសំខាន់មិនអាចខ្វះបាន។ តាមរយៈជំនាញ និងបទពិសោធដ៏រឹងមាំផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម ធនាគារ វីង បាននិងកំពុងជួយម្ចាស់អាជីវកម្មក្នុងការពង្រឹងសុវត្ថិភាពខ្ពស់លើការទូទាត់ប្រាក់ លើកកម្ពស់ប្រសិទ្ធភាពការងារ និងចាត់ចែងរាល់ហានិភ័យបានយ៉ាងប្រសើរ។ ពេលដែលម្ចាស់អាជីវកម្មអាចរក្សាបាននូវចរន្តសាច់ប្រាក់រលូន និងងាយស្រួលតាមដានរាល់សកម្មភាពពាណិជ្ជកម្មរបស់ខ្លួនបានច្បាស់លាស់ ម្ចាស់អាជីវកម្មនឹងមានឱកាសផ្តោតអារម្មណ៍ពេញទំហឹងទៅលើការពង្រីកទីផ្សារ ហើយថែមទាំងអាចលុបបំបាត់រាល់ការរអាក់រអួលដែលមិនចាំបាច់បានយ៉ាងមានប្រសិទ្ធភាពថែមទៀត។

ដើម្បីផ្តល់ការគាំទ្រជំរុញកំណើនអាជីវកម្មនៅកម្ពុជា ធនាគារ វីង កំពុងមានការផ្តល់ជូនពិសេសក្នុងរយៈពេលកំណត់ ដោយគិតថ្លៃសេវាទាបបំផុតត្រឹមតែ ០,៦% ក្នុងមួយឆ្នាំ សម្រាប់សេវាលិខិតធានាពីធនាគារ និងលិខិតឥណទាន ព្រមទាំងមិនមានការកំណត់ថ្លៃសេវាអប្បបរមា និងការលើកលែងថ្លៃសេវាចាត់ចែងឯកសារ សម្រាប់ការប្រមូលប្រាក់ទូទាត់នាំចេញ-ចូល (IBC/OBC) ផងដែរ។

ការធ្វើពាណិជ្ជកម្មឆ្លងដែន ភាពជោគជ័យតែងតែត្រូវបានកំណត់ទុកជាមុន តាំងពីមុនពេលទំនិញដឹកទៅដល់គោលដៅម្ល៉េះ។ អាជីវកម្មដែលចំណាយពេលវេលារៀបចំឯកសារ សុំការអនុញ្ញាត និងកំណត់លក្ខខណ្ឌទូទាត់ប្រាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់តាំងពីចំណុចចាប់ផ្តើម គឺជាអាជីវកម្មដែលតែងតែអាចគេចផុតពីការខាតបង់ប្រាក់កាស អាចការពារប្រាក់ចំណេញរបស់ខ្លួនបានរឹងមាំ និងធានាបានថាគ្រប់ប្រតិបត្តិការបន្តដើរទៅមុខដោយរលូន។

សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញប្បទានពាណិជ្ជកម្ម សូមទាក់ទងមកកាន់ធនាគារ វីង ថ្ងៃនេះ តាមរយៈលេខទូរសព្ទ 023 999 989 ឬចូលទៅកាន់គេហទំព័រ www.wingbank.com.kh។ លោកអ្នកក៏អាចផ្តល់នូវព័ត៌មានទំនាក់ទំនង ហើយឱ្យក្រុមការងារយើងខ្ញុំនឹងទាក់ទងទៅវិញភ្លាមៗ៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia