ធនាគារ វីង លើកស្ទួយសុខុមាលភាព និងសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាមសង្គ្រោះជីវិត
Daneth MechAPRIL 11 2026

Photo 2026 04 10 21 17 43

Photo 2026 04 10 21 17 49

 

ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោក និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ខាងមុខនេះ បុគ្គលិកប្រមាណ ៣០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត ក្នុងអំឡុងពេលនៃ «ពិព័រណ៍សុខភាព និងការបរិច្ចាគឈាម» ដែលបានប្រារព្ធឡើងនៅអគារ វីង ថៅវើ ក្រោមឆន្ទៈលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែកដល់សហគមន៍។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបញ្ជាក់ថា៖ «បុគ្គលិករបស់យើងគឺជាកម្លាំងចលករដ៏សំខាន់នៅពីក្រោយភាពជោគជ័យរបស់ធនាគារ ហេតុដូច្នេះហើយទើបយើងបន្តរៀបចំកម្មវិធីនេះឡើង ដើម្បីគាំទ្រដល់សុខុមាលភាពពួកគាត់ ព្រមទាំងចែករំលែកក្តីស្រលាញ់ទៅកាន់សហគមន៍។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់ ដែលបានបង្ហាញពីវីរភាពក្នុងសកម្មភាពមនុស្សធម៌នាថ្ងៃនេះ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទឹកចិត្តសប្បុរស និងស្មារតីមេត្តាធម៌ដ៏ពិតប្រាកដរបស់គ្រួសារធនាគារ វីង។»

ក្នុងកម្មវិធីនេះ សមាជិកគ្រួសារធនាគារ វីង បានរួមសាមគ្គីគ្នាយ៉ាងកុះករ ដើម្បីទទួលសេវាពិនិត្យសុខភាពបឋម ពិគ្រោះយោបល់ និងទទួលបានដំបូន្មានថែទាំសុខភាពពីអ្នកជំនាញ។ សកម្មភាពនេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានសុខភាពល្អមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជ្រាបសារដ៏មានអត្ថន័យថា ការការពារសុខភាពបានទាន់ពេលវេលា និងការបរិច្ចាគឈាមត្រឹមតែមួយប្លោក គឺពិតជាអាចជួយសង្គ្រោះជីវិតមនុស្សបានយ៉ាងពិតប្រាកដ។

 

Photo 2026 04 10 21 17 46

 

លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ «ការបរិច្ចាគឈាម គឺជា "ទានឧបបារមី" ដ៏ខ្ពង់ខ្ពស់បំផុតមួយ ព្រោះឈាមមានប្រភពតែមួយគត់គឺពីមនុស្ស ហើយមិនមានរោងចក្រណាអាចផលិតជំនួសបានឡើយ។ បច្ចុប្បន្ន កម្ពុជាត្រូវការឈាម ១ ប្លោក ដើម្បីសង្គ្រោះជីវិតរៀងរាល់ ៣ នាទីម្តង ខណៈដែលតម្រូវការសរុបទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ មានរហូតដល់ជាង ២១ ម៉ឺនប្លោក។ សកម្មភាពរបស់ធនាគារ វីង នាថ្ងៃនេះ គឺជាចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការដែលកំពុងខ្វះខាត។»

ការបរិច្ចាគឈាម មានសារៈសំខាន់ចាំបាច់បំផុតក្នុងការគាំទ្រដល់ការព្យាបាលសង្គ្រោះបន្ទាន់ ការវះកាត់ និងការដោះស្រាយបញ្ហាសុខភាពនានា។ ក្រៅពីការរួមចំណែកជួយសង្គ្រោះជីវិតអ្នកដទៃ ការបរិច្ចាគឈាមក៏ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពអ្នកបរិច្ចាគផ្ទាល់ផងដែរ ដូចជាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជួយរក្សាតុល្យភាពជាតិដែកក្នុងរាងកាយ។ បន្ថែមលើសពីនេះ អ្នកបរិច្ចាគក៏នឹងទទួលបាននូវការពិនិត្យឈាមដើម្បីស្វែងរកមេរោគរលាកថ្លើមប្រភេទ បេ និង សេ មេរោគស្វាយ និងមេរោគអេដស៍ ដោយឥតគិតថ្លៃ និងប្រកបដោយការសម្ងាត់ខ្ពស់បំផុត។

លោក គុណ បូទី អ្នកជំនាញជាន់ខ្ពស់ផ្នែកអតិថិជននៃធនាគារ វីង បានចែករំលែកទាំងក្តីសោមនស្សថា៖ ”កម្មវិធីនេះបានផ្តល់ឱកាសឱ្យខ្ញុំបានពិនិត្យសុខភាពខ្លួនឯង ព្រមទាំងបានរួមចំណែកដល់សង្គមតាមរយៈការបរិច្ចាគឈាម ហើយខ្ញុំពិតជារីករាយជាខ្លាំងដែលដឹងថា សកម្មភាពដ៏តូចមួយរបស់ខ្ញុំ អាចរួមចំណែកជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន។”

 

Photo 2026 04 10 21 17 46 (2)

3

Photo 2026 04 10 21 17 42

 

ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានរំលឹកផងដែរថា សុភាពបុរសអាចបរិច្ចាគឈាមបានរៀងរាល់ ៣ ខែម្តង និងសុភាពនារីរៀងរាល់ ៤ ខែម្តង ដើម្បីក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺដែលកំពុងរង់ចាំការជួយសង្គ្រោះ។

កម្មវិធីនេះទទួលបានការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីដៃគូផ្តល់សេវាសុខភាពឈានមុខជាច្រើន រួមមាន៖ មជ្ឈមណ្ឌលសុខុមាលភាព Royal Group Wellness Center, មន្ទីរពហុព្យាបាល ស៊ីង ស្ពេសឹលីស, មន្ទីរពេទ្យសង់ត្រាល់, មន្ទីរពហុព្យាបាលសាកល, គ្លីនិកអ៊ិនធើណេសិនណលខាយរ៉ូព្រែកធីក, គ្លីនិកព្រីនសេស, មន្ទីរព្យាបាលធ្មេញបស្ចិម, ឱសថស្ថាន Ucare, Infinity និងផលិតផលថែរក្សាសម្រស់និងបំប៉នស្បែក URIAGE។ ស្ថាប័នទាំងនេះបានរួមគ្នាផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រ សម្បូរបែប ចាប់ពីការពិគ្រោះយោបល់ទូទៅ សុខភាពមាត់ធ្មេញ រហូតដល់ការថែទាំសម្រស់ និងសុខុមាលភាពជារួម ដើម្បីផ្ដល់ជាអត្ថប្រយោជន៍ជូនដល់បុគ្គលិកធនគារ វីង។

គំនិតផ្ដួចផ្ដើមនេះ បានពង្រឹងបន្ថែមនូវវប្បធម៌នៃការយកចិត្តទុកដាក់របស់ធនាគារ វីង ដែលតែងផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស និងកិច្ចការសង្គម លើសពីសេវាកម្មធនាគារ ដើម្បីគាំទ្រដល់វប្បធម៌ការងារប្រកបដោយភាពរីកចម្រើន និងសុខុមាលភាពរឹងមាំជូនដល់បុគ្គលិកគ្រប់រូប៕

 Photo 2026 04 10 21 17 50

Photo 2026 04 10 21 17 48

Photo 2026 04 10 21 17 45

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia