ធនាគារ វីង (ខេមបូឌា) ម.ក នៅតែបន្តយកចិត្តទុកដ៏មោះមុតរបស់ខ្លួនក្នុងការជួយគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកម្មវិធី “យុវជន២១” ដើម្បីអភិវឌ្ឍសមត្ថភាពសហគ្រិនដល់យុវជន។
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែ វគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានទាក់ទាញគំនិតដ៏ប៉ិនប្រសប់របស់យុវជនកម្ពុជា។ សម្រាប់ឆ្នាំ២០២៥ កម្មវិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទ៖ “សហគ្រិនបច្ចេកវិទ្យា៖ នវានុវត្តន៍ដើម្បីនិរន្តភាព” (Technopreneurship: Innovation for Sustainability)។
កម្មវិធីយុវជន ២១ ផ្ដល់សិទ្ធិអំណាចដល់យុវជនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលបំណិនជីវិតសំខាន់ៗបីយ៉ាងគឺ៖ ចំណេះដឹង ជំនាញ និងឥរិយាបថ ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបរិការណ៍សកលក្នុងសតវត្សទី២១ និងបដិវត្តន៍ឧស្សាហកម្មទី៤។ ជាទិសដៅស្នូល កម្មវិធីនេះលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិត ដើម្បីបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលដោះស្រាយបញ្ហាប្រឈមក្នុងសង្គម ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍រយៈពេលវែងទៀតផង។
លោក ជីវ ដារ៉ា នាយកគ្រប់គ្រងហិរញ្ញវត្ថុ នៃធនាគារ វីង និងជាគណៈកម្មការវាយតម្លៃបេក្ខជនក្នុងវគ្គផ្ដាច់ព្រ័ត្រ បានលើកឡើងថា៖ "អនាគតរបស់ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើភាពប៉ិនប្រសព្វនៃភាពច្នៃប្រឌិត ភាពក្លាហាន និងការប្ដេជ្ញាចិត្តរបស់យុវជនយើង។”
លោកបានបន្ថែមថា៖ "ការគាំទ្ររបស់យើងខ្ញុំចំពោះកម្មវិធី ”យុវជន២១” គឺលើសពីការឧបត្ថម្ភដំណើរកម្មវិធី។ យើងចូលរួមយ៉ាងសកម្មក្នុងនាមជាអ្នកណែនាំ គ្រូបណ្ដុះបណ្ដាល និងគណៈកម្មការវាយតម្លៃ ដើម្បីធានាថានិស្សិតទទួលបានចំណេះដឹងពិតប្រាកដ បទពិសោធន៍អាជីវកម្មជាក់ស្តែង និងទំនុកចិត្តក្នុងការឈានជើងចូលទៅក្នុងភាពជាសហគ្រិន។”
ចាប់តាំងពីឆ្នាំ២០២១ មក ធនាគារ វីង បានក្លាយជាដៃគូដ៏ជាប់លាប់របស់កម្មវិធី “យុវជន ២១ ដែលបានជួយសិស្សរាប់រយនាក់ឱ្យពង្រឹងជំនាញសហគ្រិនភាព និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនានានាពេលអនាគត។ កម្មវិធីនេះមិនត្រឹមតែផ្ដល់នូវចំណេះដឹងទាក់ទងនឹងភាពជាសហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ជំនាញទន់សំខាន់ៗដូចជា៖ ការនិយាយជាសាធារណៈ ការធ្វើការងារជាក្រុម ការអភិវឌ្ឍគម្រោងប្រកបដោយភាពច្នៃប្រឌិត និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ ជំនាញទាំងនេះជួយជំរុញទាំងការអភិវឌ្ឍផ្ទាល់ខ្លួន និងការត្រៀមខ្លួនប្រកបដោយវិជ្ជាជីវៈ ព្រមទាំងបំផុសគំនិតដល់ក្រុមសហគ្រិនវ័យក្មេងនាពេលអនាគត។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់ធនាគារ វីង។ លោកបានបញ្ជាក់បន្ថែមថា៖ "យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រឥតឈប់ឈររបស់ធនាគារ វីង ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ តាមរយៈកិច្ចសហការជាមួយដៃគូដ៏រឹងមាំដូចជាធនាគារ វីង យើងកំពុងកសាងវប្បធម៌នៃការច្នៃប្រឌិត ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។”
សម្រាប់ឆ្នាំនេះ កម្មវិធីបានទទួលពាក្យចូលរួមចំនួន ២១ ក្រុមពីសាកលវិទ្យាល័យទូទាំងប្រទេស ហើយក្នុងចំណោមនោះ មាន ១០ ក្រុមឆ្នើមបានឈានដល់វគ្គពាក់កណ្តាល និងវគ្គផ្តាច់ព្រ័ត្រ។
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញពេញមួយថ្ងៃ ជាលទ្ធផលក្រុមចំនួន ៣ ទទួលបានជ័យលាភី។
· ជ័យលាភីលេខ១ ៖ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលបានបង្ហាញគម្រោង “មាតា” ដែលជា Chatbot ត្រូវបានរចនាឡើងដើម្បីតាមដានសុខភាពស្ត្រីមានផ្ទៃពោះដូចជាការណាត់ជួបពិនិត្យសុខភាព និងផ្ដល់ការគាំទ្រពេញមួយអំឡុងពេលមានផ្ទៃពោះ។
- ជ័យលាភីលេខ២ ៖ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានណែនាំគម្រោង “យល់ចិត្ត ២១” ដែលជាវេទិកាសហគមន៍សុខភាពផ្លូវចិត្ត ផ្ដល់កន្លែងសុវត្ថិភាពសម្រាប់យុវជន និងផ្សាភ្ជាប់ពួកគេជាមួយមិត្តភ័ក្ដិ និងអ្នកប្រឹក្សាអាជីព។
- ជ័យលាភីលេខ៣ ៖ សាកលវិទ្យាល័យស្វាយរៀង បានបង្កើតគម្រោង “SRU” ដែលជាទូសម្ងួតដោយប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់សម្ងួតសាច់ និងបន្លែ អាចអាចតភ្ជាប់ជាមួយស្មាតហ្វូន។
សម្រាប់និស្សិតដែលទទួលបានជ័យលាភី ព្រឹត្តិការណ៍ដ៏សំខាន់នេះមិនត្រឹមតែជាការទទួលស្គាល់សមត្ថភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការជួយត្រួសត្រាយផ្លូវដល់ពួកគេដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតរបស់ពួកគេ ទៅជាអាជីវកម្មពិតប្រាកដមួយដែលអាចបង្កើតអត្ថប្រយោជន៍ និងផលវិជ្ជមានយូរអង្វែងដល់សង្គមផងដែរ។
ការគាំទ្រឥតងាករេចំពោះការអភិវឌ្ឍធនធានយុវជនកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តតរបស់ធនាគារ វីង ក្នុងការរួមចំណែកលើការកសាងធនធានមនុស្សឱ្យកាន់តែខ្លាំងក្លា ព្រោះពួកគេជាតួអង្គ ហើយក៏ជាធនធានដឹកនាំជំនាន់ក្រោយដ៏មានសក្តានុពលដើម្បីនាំប្រទេសកម្ពុជាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។