ធនាគារ វីង បើកបៀវត្សបុគ្គលិកជាប្រាក់រៀល ដើម្បីលើកស្ទួយរូបិយវត្ថុជាតិ
Daneth Mech•NOVEMBER 4 2026•

គំនិតផ្តួចផ្តើមនេះ ធ្វើឡើងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ ព្រមទាំងរួមចំណែកពង្រឹងអធិបតេយ្យភាពរូបិយវត្ថុរបស់ប្រទេសកម្ពុជាផងដែរ។

ធនាគារ វីង (ខេមបូឌា) ម.ក បានចាប់ផ្តើមប្តូរការបើកប្រាក់បៀវត្សជូនបុគ្គលិកពីប្រាក់ដុល្លារអាមេរិក មកជាប្រាក់រៀល ដោយអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២៦ មកម្ល៉េះ ដើម្បីចូលរួមជំរុញការប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ តាមរយៈការចូលរួមផ្ទាល់ពីបុគ្គលិកគ្រប់រូប។

ការអនុវត្តនូវគំនិតផ្តួចផ្តើមនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ។ កាលណាសកម្មភាពសេដ្ឋកិច្ចកាន់តែច្រើនត្រូវបានធ្វើឡើងជារូបិយវត្ថុជាតិ នោះមានន័យថាកម្ពុជាក៏អាចពង្រឹងអធិបតេយ្យភាពរូបិយវត្ថុរបស់ខ្លួន ព្រមទាំងកាត់បន្ថយការពឹងផ្អែកទៅលើការប្រើប្រាស់រូបិយប័ណ្ណបរទេសទៀតផង។

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីង គឺជាធនាគារគ្រប់គ្រងដោយកូនខ្មែរ ១០០% ហើយប្រាក់រៀល តំណាងឱ្យអត្តសញ្ញាណជាតិ ភាពរឹងមាំនៃសេដ្ឋកិច្ច និងអធិបតេយ្យភាពរូបិយវត្ថុរបស់យើង។ ការគាំទ្រប្រាក់រៀល គឺជាផ្នែកមួយនៃការទទួលខុសត្រូវដែលស្របទៅនឹងអត្តសញ្ញាណរបស់យើង។ តាមរយៈការបើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល យើងកំពុងប្រែក្លាយការប្តេជ្ញាចិត្តនេះទៅជាសកម្មភាពជាក់ស្តែង និងរួមចំណែកកសាងទំនុកចិត្តកាន់តែរឹងមាំលើរូបិយវត្ថុជាតិរបស់កម្ពុជា។”

 

Tower 1 (1)

១

 

បុគ្គលិកធនាគារ វីង ទាំងអស់នឹងទទួលបានប្រាក់បៀវត្សដោយផ្ទាល់ចូលទៅក្នុងគណនីប្រាក់រៀលរបស់ពួកគេ។ តាមរយៈអេប Wing Bank បុគ្គលិកទាំងអស់អាចប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនដូចជាការទូទាត់តាម KHQR ផ្ទេរប្រាក់ បង់វិក្កយបត្រ និងសន្សំជាប្រាក់រៀលបានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។

សម្រាប់អតិថិជន និងដៃអាជីវកម្មនានា ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ នឹងផ្តល់នូវភាពស្រួលកាន់តែច្រើនក្នុងការទទួលប្រាក់ និងទូទាត់ប្រចាំថ្ងៃដោយផ្ទាល់ជារូបិយវត្ថុជាតិ ដោយជួយកាត់បន្ថយតម្រូវការក្នុងការប្តូរពីរូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀត។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចគ្រប់គ្រង និងប្រើប្រាស់ប្រាក់រៀលបានយ៉ាងងាយស្រួលតាមអេប Wing Bank សាខាធនាគារ វីង និងបណ្តាញភ្នាក់ងារ ធនាគារ វីង នៅទូទាំងប្រទេស។

ការផ្លាស់ប្តូរនេះ ធ្វើឡើងស្របពេលដែលប្រាក់រៀល កំពុងទទួលបានសន្ទុះនៃការប្រើប្រាស់យ៉ាងខ្លាំង នៅក្នុងប្រព័ន្ធទូទាត់ឌីជីថល។ តួយ៉ាង យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធបាគងបានកត់ត្រានូវប្រតិបត្តិការគិតជាប្រាក់រៀលចំនួន ៧៧១ លានប្រតិបត្តិការ បើធៀបនឹងប្រតិបត្តិការដុល្លារអាមេរិក ដែលមានត្រឹមតែ ៥៥៤ លានប្រតិបត្តិការប៉ុណ្ណោះ។

ស្របតាមសន្ទុះនៃការរីកចម្រើននេះ គំនិតផ្តួចផ្តើមខាងលើបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ វីង ក្នុងការរួមចំណែកពង្រឹងទំនុកចិត្តលើប្រាក់រៀល និងជំរុញឱ្យការប្រើប្រាស់រូបិយវត្ថុជាតិ ក្លាយជាផ្នែកមួយនៃប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia