រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក (RGI) និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា (CEYFA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងពង្រីកឱកាសទទួលបានសេវាហិរញ្ញវត្ថុ សេវាធានារ៉ាប់រង និងឱកាសអាជីវកម្ម ដល់បណ្តាញសមាជិក និងអតិថិជនរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ជាង ៦ លាននាក់នៅទូទាំងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល ដឺ ហ្រ្គេន ធឺរេស (The Grand Terrace) ក្រោមវត្តមានអ្នកចូលរួមជាង ២.២០០នាក់។បណ្តាញរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គ្របដណ្តប់លើមុខរបរចំនួន ១៨ វិស័យ រួមមាន អាជីវករលក់ដូរតាមផ្សារ អ្នកលក់ម្ហូបអាហារ អ្នកប្រកបមុខរបរដឹកជញ្ជូន និងកសិករជាដើម។ ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ គឺជាកម្លាំងទ្រទ្រង់ជីវភាពគ្រួសារ និងសហគមន៍ផ្ទាល់ ប៉ុន្តែពួកគាត់ភាគច្រើននៅតែជួបការលំបាកក្នុងការស្វែងរកប្រភពទុន ដើម្បីរក្សាលំនឹង ឬពង្រីកមុខរបរឱ្យកាន់តែធំ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ប្រមាណ ៩០% នៃសហគ្រាសនៅកម្ពុជាគឺជាអាជីវកម្មក្រៅប្រព័ន្ធ ដែលបានផ្តល់ការងាររហូតដល់ទៅ ៨៨% នៃការងារសរុប។
ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា៖ “សមាជិករបស់យើងខិតខំប្រឹងប្រែងធ្វើការដើម្បីទ្រទ្រង់ជីវភាព ប៉ុន្តែពួកគាត់ជាច្រើននៅតែជួបការលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលត្រូវការសម្រាប់ពង្រីកអាជីវកម្ម។ តាមរយៈកិច្ចសហការនេះ ពួកគាត់នឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានហិរញ្ញប្បទាន គ្រប់គ្រងការទូទាត់ និងបង្កើតចំណូលបន្ថែម ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។”

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្តល់ជូនសមាជិកសមាគមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបាននូវសេវាទូទាត់តាមប្រព័ន្ធ KHQR សេវាបើកប្រាក់បៀវត្ស កម្ចីអាជីវកម្ម ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ កាតឥណទានវីងវីសាដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ ព្រមទាំងសេវាហិរញ្ញវត្ថុចាំបាច់ជាច្រើនទៀត។
លើសពីនេះ កិច្ចសហការនេះ ក៏បើកឱកាសឱ្យសមាជិកអាចក្លាយជាភ្នាក់ងារធនាគារ វីង ឬភ្នាក់ងារវីង ម៉ាស្ទ័រ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក៏អាចស្វែងរកឱកាសក្នុងការណែនាំអតិថិជនឱ្យប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក ដែលជួយឱ្យគ្រួសារកាន់តែច្រើន ទទួលបានការគាំពារផ្នែកហិរញ្ញវត្ថុនៅជិតកន្លែងដែលពួកគេរស់នៅ និងប្រកបមុខរបរ។
លោក សោម ធីសែន នាយកប្រតិបត្តិគ្រប់គ្រងសេវាធនាគារសាធារណៈ នៃធនាគារ វីង (ខេមបូឌា) ម.ក បានលើកឡើងថា៖ “សម្រាប់ម្ចាស់អាជីវកម្មតូចជាច្រើន ប្រាក់ចំណូលដែលពួកគាត់រកបានជារៀងរាល់ថ្ងៃ គឺត្រូវបែងចែកសម្រាប់ចំណាយទាំងលើមុខរបរ និងតម្រូវការក្នុងគ្រួសារ។ ភាពងាយស្រួលក្នុងការទទួលប្រាក់ និងលទ្ធភាពទទួលបានហិរញ្ញប្បទាន អាចជួយពួកគាត់ឱ្យចាត់ចែងសាច់ប្រាក់បានល្អ និងអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន។ តាមរយៈកិច្ចសហការនេះ យើងនឹងនាំយកសេវាកម្មទាំងនេះកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដែលតែងជួបការលំបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។”

បងប្អូនអាជីវករតាមផ្សារតែងតែមមាញឹកក្នុងការចាត់ចែងការទូទាត់ពីអតិថិជន ការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ និងការចំណាយក្នុងគ្រួសារជារៀងរាល់ថ្ងៃ។ សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក នឹងជួយប្រមូលផ្តុំរាល់ប្រតិបត្តិការទាំងអស់នេះ ឱ្យស្ថិតនៅកន្លែងតែមួយយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក និងជានាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីធនាគារ និងធានារ៉ាប់រងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា៖ “នៅពេលមានហេតុការណ៍ចៃដន្យណាមួយមករំខានដល់ចំណូលរបស់អ្នកប្រកបមុខរបរ ក្រុមគ្រួសាររបស់ពួកគាត់នឹងជួបការលំបាក សូម្បីតែការចំណាយលើតម្រូវការប្រចាំថ្ងៃ។ សេវាធានារ៉ាប់រងអាយុជីវិត អាចជួយសម្រាលបន្ទុកនេះបានយ៉ាងច្រើន ហើយតាមរយៈការចាប់ដៃគូជាមួយធនាគារ វីង (ខេមបូឌា) ម.ក និង សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា យើងចង់នាំយកការគាំពារដ៏កក់ក្តៅនេះ ទៅដល់គ្រួសារជាច្រើនទៀត ដែលធ្លាប់មានការលំបាកក្នុងការទទួលបានសេវាកម្មទាំងនេះពីមុនមក។”

បច្ចុប្បន្ន បណ្តាញប្រតិបត្តិការរបស់ធនាគារ វីង (ខេមបូឌា) ម.ក នៅទូទាំងប្រទេស រួមមានសាខាធនាគារជិត ៣០ទីតាំង ភ្នាក់ងារវីងម៉ាស្ទ័រជាង ២០០កន្លែង និងភ្នាក់ងារធនាគារ វីង (ខេមបូឌា) ម.ក ជាង ១២.០០០កន្លែង។ តាមរយៈបណ្តាញដ៏ទូលំទូលាយនេះ សមាជិកទាំងអស់អាចស្វែងយល់ និងប្រើប្រាស់សេវាធនាគារ និងសេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៉ីនសួរេន ម.ក បានកាន់តែងាយស្រួល និងនៅក្បែរផ្ទះបំផុត។
សមាជិករបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាអាចអញ្ជើញទៅកាន់ភ្នាក់ងារធនាគារ វីង (ខេមបូឌា) ម.ក ឬសាខាធនាគារ វីង (ខេមបូឌា) ម.ក ដែលនៅជិតបំផុត ដើម្បីស្វែងយល់ពីឱកាសក្លាយជាភ្នាក់ងាររបស់ធនាគារ វីង (ខេមបូឌា) ម.ក ឬអាចទំនាក់ទំនងមកកាន់លេខ 023 999 989 ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវាហិរញ្ញវត្ថុ ការធានារ៉ាប់រង និងឱកាសអាជីវកម្មដ៏ល្អៗទាំងនេះ៕




