ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី
Daneth MechNOVEMBER 19 2025

ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តរតនគិរី ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំនើប​ និងសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល។

 

Photo 2025 11 19 09 50 58 (2)

Photo 2025 11 19 09 51 00

Photo 2025 11 19 09 50 58

 

ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងលោក ហែម សុវណ្ណារ៉ា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។​

បន្ថែមពីនេះ​ទៀតក៏មាន​ការ​ចូលរួម​ជា​អធិបតី​ភាពនៃ​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប​, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយស និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោកបណ្ឌិត Dmytro Kolechko  អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការបើកសាខានៅខេត្តរតនគិរីនេះ គឺជាជំហានដ៏ធំមួយក្នុងការនាំយកសេវាធនាគារទំនើបៗ ទៅដល់បងប្អូនខ្មែរគ្រប់រូប ទោះបីពួកគាត់រស់នៅទីណាក៏ដោយ។ ហើយនេះមិនគ្រាន់តែជាការពង្រីកបណ្តាញវិសាលភាពធនាគារប៉ុណ្ណោះទេ តែជាការនាំយកឱកាសដល់ក្រុមគ្រួសារ កសិករ និងម្ចាស់អាជីកម្មនៅក្នុងតំបន់ អាចរីកចម្រើន និងជោគជ័យបាន។”

លោកបណ្ឌិត Dmytro Kolechko បានបន្ថែមថា៖ “តាមរយៈការផ្តល់សេវាធនាគារពេញលេញ យើងអាចបង្កើនលទ្ធភាពដើម្បីពង្រឹងសហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តរតនគិរីឱ្យកាន់តែប្រសើរថែមទៀត។”

 

Photo 2025 11 19 09 50 59 (2)

Photo 2025 11 19 09 50 59

 

សាខាថ្មីរបស់ធនាគារ វីង នៅខេត្តរតនគិរី នឹងផ្តល់ជូននូវសេវាធនាគារយ៉ាងទូលំទូលាយ ដូចជា៖ គណនីសន្សំ, ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស, សេវាប្រាក់កម្ចី និង ដំណោះស្រាយធនាគារឌីជីថលទំនើបៗ ដែលបន្ថែមលើបណ្តាញភ្នាក់ងារ វីង ជាង ១៤០ កន្លែង ដែលមានស្រាប់ក្នុងខេត្តរតនគិរីផ្ទាល់។ អតិថិជនក៏អាចរីករាយជាមួយនឹងការដកប្រាក់ និងប្រើប្រាស់ម៉ាស៊ីន ATM ២៤ម៉ោង ពេញមួយសប្តាហ៍ ព្រមទាំងអាចដកប្រាក់ដោយឥតគិតថ្លៃនៅតាមភ្នាក់ងារ ធនាគារ វីង នៅ​គ្រប់​ទីកន្លែង​ ហើយថែមទាំងទទួលបាននូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់អេប Wing Bank ជាមួយមុខងារដ៏សម្បូរបែប ដែលអាចធ្វើប្រតិបត្តិការបានគ្រប់ពេល គ្រប់ទីកន្លែង។

ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជននៅក្នុងខេត្តរតនគិរី សម្រាប់ការសន្សំ និងការវិនិយោគ ធនាគារ វីង ក៏នឹងផ្តល់ជូនប្រូម៉ូសិនដ៏ពិសេស ចំពោះអតិថិជនរស់នៅក្នុងខេត្តរតនគិរី ដែលបើកគណនីបញ្ញើមានកាលកំណត់ សម្រាប់រយៈពេល ១២ ខែ នៅទីតាំងសាខាផ្ទាល់  នឹងទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ៦% ដែលខ្ពស់ជាងអត្រាការប្រាក់ជាមធ្យមបច្ចុប្បន្ន ៤.% ហើយការផ្តល់ជូននេះមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ ២០២៥។

 

Photo 2025 11 19 09 50 56 (2)

Photo 2025 11 19 09 50 52

Photo 2025 11 19 09 50 55

Photo 2025 11 19 09 50 52 (2)

 

ធនាគារ វីង សាខាខេត្តរតនគិរី មានអាសយដ្ឋានស្ថិតនៅចំណុចប្រសព្វផ្លូវលេខ ២៥ និងផ្លូវជាតិលេខ ៧៨A គឺនៅខាងលិចរង្វង់មូលក្រុងបានលុងតែបន្តិចប៉ុណ្ណោះ ហើយបើកបម្រើសេវាជូនអតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីវេលាម៉ោង ៨:00 ព្រឹក ដល់ ៤:00 រសៀល។

ខេត្តរតនគិរី ជាខេត្តមួយសម្បូរដោយធនធានធម្មជាតិ និងវប្បធម៌ចម្រុះ ដែលមានចំនួនប្រជាជនប្រមាណជាង ២០០.០០០ នាក់។ ជាមួយនឹងតំបន់ទេសចរណ៍ដ៏ល្បីល្បាញដូចជា៖ បឹងយក្សឡោម និងឧទ្យានជាតិវីរជ័យ ខេត្តដ៏មានសក្តានុពលមួយនេះកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគធំៗជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន ២០២៥–២០២៨ ដែលមានគោលដៅទាក់ទាញការវិនិយោគបន្ថែមមកកាន់រតនគិរី ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

 

Photo 2025 11 19 09 50 50 (2)

Photo 2025 11 19 09 50 50

Photo 2025 11 19 09 50 57

 

វត្តមានរបស់ធនាគារ វីង ក៏នឹងចូលរួមបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុកាន់តែរលូន និងបង្កើនលំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ធនាគារ វីង ដែលរីកចម្រើនជាមួយកម្ពុជាអស់រយៈពេល ១៧ ឆ្នាំ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយដែលទទួល​បានការ​ជឿជាក់ និងច្នៃប្រឌិតបំផុត ដោយបច្ចុប្បន្នកំពុងគ្រប់គ្រងប្រាក់បញ្ញើជិត ៣ ពាន់លានដុល្លារ។ បើតាមរបាយការណ៍ ធនាគារជាតិ​នៃកម្ពុជា ឆ្នាំ ២០២៤ ធនាគារ វីង ជាប់ចំណាត់ថ្នាក់ទី ៥ លើទ្រព្យសកម្មសរុប និងទី ៦ ផ្នែកប្រាក់បញ្ញើសរុប និងទី១០ លើការផ្តល់កម្ចីសរុប ដែលវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ធនាគារ វីង មានបណ្តាញប្រតិបត្តិការទូលំទូលាយ រួមមានសាខាធនាគារ ២៧ ទីតាំង ភ្នាក់ងារជាង ១២.០០០ កន្លែង និងភ្នាក់ងារវីង ម៉ាស្ទ័រ ជិត ២០០ កន្លែង នៅទូទាំងប្រទេស។ មកទល់ពេលនេះ ធនាគារ វីង បានបម្រើអតិថិជនជាង ៩,៨ លានគណនី ដោយផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយសុវត្ថិភាពយ៉ាងពេញលេញ រហ័ស និងងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ៕

 

Photo 2025 11 19 09 50 54

Photo 2025 11 19 09 50 53

Photo 2025 11 19 09 50 56

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia