ធនាគារ វីង សហការជាមួយ ស.ស.យ.ក ដើម្បីជំរុញគាំទ្រផលិតផលខ្មែរ
Toeuy HongSEPTEMBER 30 202524 views

គាំទ្រសហគ្រិនខ្មែរ លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិយើងឱ្យខ្លាំងក្លាឡើង។

ធនាគារ វីង ដែលជាធនាគារបង្កើតឡើងដោយកូនខ្មែរ ១០០% បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកស្ទួយ ក៏ដូចជាជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកតាមរយៈការចូលរួមឧបត្ថម្ភកម្មវិធីពិព័រណ៍ផលិតផលខ្មែរប្រព្រឹត្តិទៅក្រោមមូលបទ៖ “ខ្មែរធ្វើបាន” ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

 K2

ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ បានចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ ដែលមានជិត ៣០០ស្ដង់ដាក់តាំងបង្ហាញផលិតផលខ្មែរជាច្រើនប្រភេទ ហើយទទួលបានការចូលរួម និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនយ៉ាងច្រើនកុះករ។

K1

ពិព័រណ៍នេះបានដាក់តាំងបង្ហាញផលិតផលជាច្រើនសម្បូរបែបដូចជា៖ ផលិតផលកសិកម្ម សិប្បកម្ម វាយនភ័ណ្ឌ និងចំណីអាហារ-ភេសជ្ជៈ ដែលជាស្មារតីសាទរចំពោះគំនិតច្នៃប្រឌិត និងការគាំទ្រសហគ្រិនអ្នកផលិតខ្មែរយើង។

 K4

តាមរយៈសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានគូសបញ្ជាក់ថា ពិព័រណ៍នេះ គឺឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមោទកភាពរួម។ ឯកឧត្ដមបានគូសបញ្ជាក់ទៀតថាការចូលរួមយ៉ាងសកម្មពីសាធារណជនបែបនេះ បានបង្ហាញពីសក្ដានុពលដ៏ពិសេសដែលកម្ពុជាមាន ក៏ដូចជារួមចំណែកដល់ការពង្រឹងអនាគតប្រទេសជាតិឱ្យកាន់តែរឹងមាំថែមទៀត។

 

ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំមួយនៅក្នុងព្រឹត្តិការណ៍នេះ ធនាគារ វីង បានរៀបចំស្ដង់នៅទីនោះដែលមានបុគ្គលិកជំនាញក្នុងការផ្តល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ ជូនដល់អ្នកចូលរួម សហគ្រិន និងសហគ្រាសធុនតូច និងមធ្យម។ ការប្រឹក្សានេះ មានគោលបំណងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដល់អាជីវកម្មក្នុងស្រុក សំដៅគាំទ្រដល់កំណើន និងនិរន្តរភាពអាជីវកម្ម។

 K5

 លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ស.ស.យ.ក ដែលបានរៀបចំព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះឡើង ដើម្បីជំរុញ និងគាំទ្រផលិតផលក្នុងស្រុក។ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់សាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលខ្មែរ និងភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតក្នុងស្រុកជាមួយអតិថិជនដោយផ្ទាល់។ ការគាំទ្រផលិតផលខ្មែរ គឺជាកម្លាំងចលករនៃការគាំទ្រសេដ្ឋកិច្ចជាតិ និងភាពរីកចម្រើននៅក្នុងសហគមន៍របស់យើង។”

 

 ពិព័រណ៍ផលិតផល “ខ្មែរធ្វើបាន” ដែល​បាន​ប្រមូលផ្ដុំ​សហគ្រាស​ធុនតូច និង​មធ្យមរាប់រយ​នៅ​ក្រោម​ដំបូល​តែមួយ​នាពេលនេះ គឺ​បាន​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ផលិតផលក្នុងស្រុក លើកស្ទួយមោទកភាព​ជាតិ និងការ​កសាង​ស្មារតី​សាមគ្គីភាព​រវាង​អ្នកផលិត និង​សាធារណជន ដែល​ទាំងអស់​នេះគឺ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយឱ្យ​សេដ្ឋកិច្ច​កម្ពុជារីកលូតលាស់ និង​មាន​ភាព​រឹងមាំ​យូរអង្វែង៕

K6

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia