ធនាគារ វីង (ខេមបូឌា) ម.ក ដោយមានការចូលរួមគាំទ្រពីក្រុមហ៊ុន ម៉ាស្ទ័រកាត បាននាំយកឱកាសបណ្តុះបណ្តាលផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) អាជីវកម្មអនឡាញ និងអ្នកផ្សព្វផ្សាយឌីជីថលនៅកម្ពុជា ដោយចាប់ផ្តើមពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦។ កម្មវិធីនេះមានគោលបំណងជួយឱ្យម្ចាស់អាជីវកម្មចាប់យកសក្តានុពល និងបង្កើនទំនាក់ទំងអតិថិជនបានកាន់តែច្រើន ព្រមទាំងអាចចូលរួមពេញលេញនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។
ស្របពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនកំពុងងាកមកប្រើប្រាស់ប្រព័ន្ធអនឡាញ ម្ចាស់អាជីវកម្មខ្នាតតូចក៏ចាំបាច់ត្រូវតែមានជំនាញដើម្បីទាក់ទាញអតិថិជនផងដែរ។ យោងតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបង្ហាញថា អត្រាប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាបានកើនដល់ ៦៨,៤៨% ក្នុងឆ្នាំ២០២៥។ ទោះយ៉ាងក្តី ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានសាកសួរសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាជាង ៤០០ អាជីវកម្ម បានបង្ហាញថា កង្វះខាតជំនាញ គឺជាឧបសគ្គចម្បងមួយក្នុងការចាប់យក ក៏ដូចជាសម្របខ្លួនទៅនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល។
ដើម្បីចូលរួមដោះស្រាយបញ្ហានេះ កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល នឹងផ្តល់ជូននូវការអនុវត្តជាក់ស្តែងដល់ម្ចាស់ SME អាជីវកម្មអនឡាញ និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល ក្នុងការរៀបចំផែនការ ការចាប់ផ្តើម និងការគ្រប់គ្រងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញអនឡាញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ។
នៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមនឹងអាចរៀបចំ និងដំណើរការយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្មរបស់ខ្លួន ដោយចាប់ផ្តើមពីការកំណត់អតិថិជនគោលដៅ ការបង្កើតមាតិកាផ្សព្វផ្សាយ គ្រប់គ្រងយុទ្ធនាការពីចំណុចចាប់ផ្តើមរហូតដល់ចប់។ តាមរយៈការរួមបញ្ចូលគ្នារវាងការបណ្តុះបណ្តាលអាចអនុវត្តបាន ដំណោះស្រាយហិរញ្ញវត្ថុ និងឧបករណ៍ឌីជីថលចាំបាច់នានា ធនាគារ វីង ជួយឱ្យអាជីវកម្មក្នុងស្រុកអាចចាប់យកឱកាសថ្មីៗ និងទាញយកអត្ថប្រយោជន៍បានកាន់តែច្រើនពីសេដ្ឋកិច្ចឌីជីថល។
លោក Volodymyr Kyrushko នាយកគ្រប់គ្រងផ្នែកផលិតផល និងគុណតម្លៃអតិថិន នៃធនាគារ វីង បានលើកឡើងថា៖ "អាជីវកម្មខ្នាតតូច ស្គាល់ច្បាស់អំពីផលិតផល និងអតិថិជនរបស់ពួកគេ។ អ្វីដែលពួកគាត់អាចត្រូវការបន្ថែម គឺជំនាញអនុវត្តជាក់ស្តែងក្នុងការតភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនទាំងនោះឱ្យបានកាន់តែច្រើនតាមប្រព័ន្ធឌីជីថល។ តាមរយៈការបញ្ចូលគ្នារវាងជំនាញជាក់ស្តែង និងឧបករណ៍ឌីជីថល យើងចង់ឱ្យសិក្ខាកាមយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តដោយផ្ទាល់នៅក្នុងអាជីវកម្មរបស់ពួកគេ ដើម្បីជំរុញអាជីវកម្មឱ្យកាន់តែរីកចម្រើន។"

ក្នុងកំឡុងពេលនៃការៀបចំកម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមក៏នឹងបានរៀនអំពីរបៀបទូទាត់សម្រាប់ការផ្សាយពាណិជ្ជកម្មអនឡាញ ដោយប្រើប្រាស់ វីង ម៉ាស្ទ័រកាត ឌីជីថលកាត ដែលពួកគេអាចបង្កើត និងគ្រប់គ្រងបានដោយផ្ទាល់នៅក្នុងអេប Wing Bank។
នៅក្នុងវគ្គនីមួយៗនៃកម្មវិធីបណ្តុះបណ្តាលនេះ សិក្ខាកាមឆ្នើមចំនួន ៣ រូប នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៣០០ ដុល្លារសម្រាប់ជ័យលាភីលេខ ១ ជ័យលាភីលេខ២ ទទួលបាន២០០ ដុល្លារ និង ១០០ ដុល្លារសម្រាប់ជ័យលាភីលេខ៣។
សម្រាប់អាជីវកម្ម និងអ្នកផ្សព្វផ្សាយឌីជីថលដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមបំពេញ ពាក្យស្នើសុំចូលរួម។ សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ាស្ទ័រកាត ឌីជីថល ធនាគារ វីង សូមចូលទៅកាន់ គេហទំព័រធនាគារ វីង ឬទាក់ទងមកលេខ 023 999 989៕



