ធនាគារ វីង គាំទ្រការរៀបចំ «វេទិកាពន្ធដារកម្ពុជា ២០២៦»
Daneth MechFEBRUARY 9 2026

Photo 2026 02 09 16 58 18

Photo 2026 02 09 16 58 16

 

ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមក្នុង «វេទិកាពន្ធដារកម្ពុជា ២០២៦» ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មថ្នាក់ជាតិ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនឱ្យកាន់តែរឹងមាំថែមទៀត។

វេទិកាពន្ធដារឆ្នាំនេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅអគារ GDT Tower ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ រួមជាមួយវត្តមាន ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាង ១.០០០ នាក់ទៀត។

 

Photo 2026 02 09 16 58 19

Photo 2026 02 09 16 58 25

 

លោក ហោ ប៊ុនថែ អគ្គនាយករង ធនាគារ វីង បានលើកឡើងថា៖ “ធនាគារ វីង មានកិត្តិយសដែលបានចូលរួមគាំទ្រកិច្ចខិតខំធ្វើទំនើបកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ ។ យើងខ្ញុំជឿជាក់ថា បរិវត្តកម្មឌីជីថលសម្រាប់សេវាពន្ធដារ នឹងជួយឱ្យការអនុលោមតាមកាតព្វកិច្ចពន្ធដារកាន់តែមានភាពសាមញ្ញ និងងាយស្រួល ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងបរិយាកាសអាជីវកម្មឱ្យកាន់តែរឹងមាំ។ តាមរយៈបណ្តាញសេវាកម្មដ៏ទូលំទូលាយនៅទូទាំងប្រទេស យើងខ្ញុំស្វាគមន៍ជានិច្ចក្នុងការជួយសម្រួលដល់អ្នកជាប់ពន្ធគ្រប់រូបអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុត។”

សមិទ្ធផលដ៏លេចធ្លោមួយត្រូវបានប្រកាសនៅក្នុងវេទិកានេះ គឺការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាព័ត៌នាពន្ធដារកម្ពុជា ឬហៅកាត់ថា “GDT HomeTax- ជីឌីធី ហូមថាក” ដែលជាថ្នាលឌីជីថលរួមតែមួយថ្មីរបស់រាជរដ្ឋាភិបាលសម្រាប់ការផ្តល់សេវា ប្រកបដោយគុណភាពខ្ពស់ជូនអ្នកជាប់ពន្ធ។ ថ្នាលឌីជីថលនេះ បានធ្វើសមាហរណកម្មកម្មវិធី និងសេវាកម្មចំនួន ៨៣ ដែលកន្លងមកធ្លាប់មានលក្ខណៈដាច់ដោយឡែកពីគ្នា ចូលមកក្នុងច្រកតែមួយ ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ ដើម្បីផ្ដល់ភាពងាយស្រួលជាអតិបរមាជូនដល់អ្នកជាប់ពន្ធ។”

 

Photo 2026 02 09 16 58 22

Photo 2026 02 09 16 58 23

 

មន្ត្រីជំនាញបានលើកឡើងថា ថា្នលឌីជីថល GDT HomeTax នឹងជួយលើកកម្ពស់តម្លាភាព កាត់បន្ថយវិវាទរដ្ឋបាល និងបង្កើតឱ្យមាននីតិវិធីច្បាស់លាស់ ព្រមទាំងធ្វើឱ្យដំណើរការការងារមានភាពច្បាស់លាស់ជាងមុនសម្រាប់ធុរកិច្ចជន។ ទន្ទឹមនឹងនេះ វាគ្មិនជំនាញមកពីវិស័យឯកជនក៏បានកត់សម្គាល់ផងដែរថា សមាហរណកម្មឌីជីថលនឹងជួយពង្រឹងការអនុលោមតាមកាតព្វកិច្ចពន្ធដារឱ្យកាន់តែរឹងមាំ និងបង្កើតបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព។

វេទិកានេះ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាកសាងប្រព័ន្ធពន្ធដារដែលមានតម្លាភាព និងយុត្តិធម៌ សំដៅគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែងផងដែរ។

ក្នុងនាមជាដៃគូសហការដ៏យូរអង្វែងជាមួយអគ្គនាយកដ្ឋានពន្ធដារ ធនាគារ វីង ទទួលបានសិទ្ធិក្នុងការផ្ដល់សេវាបង់ពន្ធគ្រប់ប្រភេទដោយមិនគិតថ្លៃសេវា ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាបង់ពន្ធជូនដល់រូបវន្តបុគ្គល និងអាជីវកម្មបានយ៉ាងរលូនតាមរយៈបណ្តាញសាខាធនាគារ វីង ទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងសម្រួលដល់ការអនុលោមតាមកាតព្វកិច្ចពន្ធដារ និងកាត់បន្ថយឧបសគ្គសម្រាប់អ្នកជាប់ពន្ធ ជាពិសេសនៅតាមបណ្ដាខេត្តដែលលទ្ធភាពប្រើប្រាស់ប្រព័ន្ធឌីជីថលនៅមានកម្រិត។

វេទិកាពន្ធដារនេះ ត្រូវបានរៀបចំឡើងស្របពេលដែលកិច្ចដំណើរការប្រមូលចំណូលពន្ធមានភាពល្អប្រសើរជាលំដាប់។​ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ  ប្រមូលចំណូលបានប្រមាណ  ៣ ៥៧៧ លានដុល្លារអាមេរិក ដែលកើនឡើង ,២៥% បើធៀបនឹងឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃរដ្ឋបាលពន្ធដារ និងការចូលរួមកាន់តែទូលំទូលាយ ដែលជួយបង្កើតនូវបរិយាកាសសារពើពន្ធដ៏រឹងមាំ និងមានភាពច្បាស់លាស់សម្រាប់អាជីវកម្ម សំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia