ធនាគារ វីង លុបបំណុល ១៥០.០០០ ដុល្លារ បន្ថែមទៀតសម្រាប់គ្រួសាររងគ្រោះតាមព្រំដែន
Daneth MechFEBRUARY 3 2026

ធនាគារ វីង បាន​ប្រកាស​លុប​បំណុណ​ចំនួន ១៥០.០០០ ដុល្លារអាមេរិក បន្ថែម​ទៀត​សម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែននាពេលថ្មីៗនេះ ដែលជាការលុបបំណុល​លើក​ទី២​សម្រាប់​អតិថិជន​ធនាគារ វីង។ អតិថិជនទាំងនេះ​មានទី​លំនៅ​ក្នុង​ខេត្តឧត្តរមានជ័យ ខេត្ត​បន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ការ​លុប​បំណុល​​នេះ​ត្រូវ​បាន​ប្រកាស​​ដោយ​មាន​ការ​ចូល​រួម​ពី​​អាជ្ញាធរ​មូលដ្ឋាន។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រួសារខ្លះបានទទួលការកាត់បន្ថបំណុលចំនួន ៧៥% នៃ​សមតុល្យកម្ចីដែលមិនទាន់បាន​ទូទាត់​សង​ធនាគារ វីង​ ហើយ​មាន​គ្រួសារ​ខ្លះ​ទៀត​ត្រូវ​បានលុបបំណុលចោល​ទាំងស្រុង។

 

Photo 2026 02 03 09 09 17

Photo 2026 02 03 09 09 19

 

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖​ “មាន​ប្រជា​ជន​ជា​ច្រើន​នាក់​កំពុង​ជួ​ប​ការ​លំបាក ដូច្នេះវាពិតជាចាំបាច់ណាស់ដែលយើងត្រូវជួយ​ឧបត្ថម្ភ​គាំទ្រ​ពួក​គាត់តាម​ការ​គួរ​​។ យើងតាំង​ចិត្ត​បំពេញ​កិច្ច​ការ​អ្វីដែល​យើង​អា​ចធ្វើ​បាន​ទៅតាម​លទ្ធភាព​ ដើម្បីជួយសហគមន៍ឱ្យ​រួចពី​ទុក្ខ​លំបាក​ និងកសាងជីវភាព​ឡើងវិញ។”

ក្រៅ​ពីនេះផងដែរ ធនាគារ​ វីង​​ ក៏បាន​ជួយដល់​ប្រជាជន​ដែល​រង​ទុក្ខ​លំបាកដោយ​សារវិបត្តិនៅតាមតំបន់ព្រំ​ដែន​​តាម​រយៈ​សកម្មភាព​សប្បុរស​ធម៌​ជា​​ច្រើន​។​ តួយ៉ាង​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន ធនាគារ​ វីង ​បាន​លុបបំណុល​​ប្រមាណ ៥០.០០០ ដុល្លារ​អាមេរិកដល់​ប្រជា​ជន​ដែល​រង​ផល​ប៉ះពាល់​ដោយបញ្ហា​​ព្រំដែនផងដែរ ដែល​ធ្វើ​ឱ្យ​ការលុប​បំណុល​សរុបរបស់​ធនាគា​រ​ វីង​ កើន​ដល់​ ២០០.០០០ ​ដុល្លារ។

ក្រៅពីការ​លុបបំណុល​ ធនាគារ វីង ក៏បាន​​រួមសហការ​ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង​ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដោយបាននាំយកនូវ​ជំនួយមនុស្សធម៌ជា​ច្រើន​ជូនដល់គ្រួសារភៀសសឹកដែល​រង​ទុក្ខ​លំបាក​ដោយ​សារ​បញ្ហា​ព្រំ​ដែន​។ គ្រាន់តែ​ខែសីហា ២០២៥ ជំនួយសប្បុរសធម៌ត្រូវបានចែកជូនដល់ជាង ២.០០០ គ្រួសារនៅខេត្តព្រះវិហារ ខេត្ត​ឧត្តរមានជ័យ និងខេត្តសៀមរាប។

 

Photo 2026 02 03 09 09 20

Photo 2026 02 03 09 09 23

Photo 2026 02 03 09 09 25

 

ហើយក៏មាន​ជំនួយបន្ថែមត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ទៀតកាល​ពី​ខែធ្នូ ឆ្នាំ ២០២៥ ដោយបាននាំយកនូវ​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើនជូន​ដល់គ្រួសារ​ភៀសឹក​នៅខេត្តកោះកុង និងខេត្តពោធិ៍សាត់។ ជំនួយទាំង​នោះ​រួម​មាន៖ អង្ករ ៣០តោន មី ២០០០កេស និងរបស់ប្រើប្រាស់ប្រចាំថ្ងៃចំនួន ​៣០០០​កញ្ចប់ ដែលមាន​នូវ​មុង ភួយ កន្ទេល ក្រមា និងសារុង​ជាដើម។

សកម្មភា​ព​សប្បុរសទាំងនេះ​ ត្រូវ​បាន​ដឹកនាំដោយផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

លើសពីនេះ បុគ្គលិកធនាគារ វីង បានបង្ហាញនូវស្មារតី​សាមគ្គីភាពជាសមូហភាពដ៏រឹងមាំ ដោយស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សរ៍ខែធ្នូរបស់ពួកគេ ជូនដល់ “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ នេះ​ជា​ការ​បរិច្ចាគ​លើក​​ទី​បី​របស់​បុគ្គលិក​ធនាគារ វីង បន្ទាប់​ពី​បញ្ហា​ព្រំដែន​បាន​កើតឡើ​ងតាំង​ពី​​ពាក់​កណ្តាល​ឆ្នាំ ២០២៥ ដោយ​​ការ​បរិច្ចាគលើកទីមួយ​ធ្វើឡើងកាល​ពី​ខែ​មិថុនា និងលើកទី​ពីរ​នៅ​ខែ​​សីហា។

តាមរយៈការបន្តផ្តល់នូវ​ជំនួយផ្នែកហិរញ្ញវត្ថុ ជំនួយមនុស្សធម៌នានា ក៏ដូចជា​ការចូលរួមរបស់បុគ្គលិក​ទាំងអស់​ ធនាគារ វីង បានបង្ហាញឱ្យ​​ឃើញ​​ពី​ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍កម្ពុជាក្នុងគ្រាលំបាក៕​

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia