ខេត្ដមណ្ឌលគិរី ទទួលបានគម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន ២ តម្លៃសរុបជិត ៤០០ លានដុល្លារ
Bunthoeun KoemJULY 15 2026123 views

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន ២ មានទីតាំងស្ថិតនៅក្នុងខេត្ដមណ្ឌលគិរី។ ដោយគម្រោងទាំងពីរនេះមានអនុភាព ១៥០ មេហ្គាវ៉ាត់ដូចគ្នា ខណៈមានតម្លៃវិនិយោគសរុបដល់ទៅ ៣៨៦ លានដុល្លារ និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ៨១ កន្លែងផងដែរ។

 

យោងតាមរបាយការណ៍របស់ CDC នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះបានអនុម័តគម្រោងវិនិយោគលើថាមពលកកើតឡើងវិញចំនួន ៥ ដែលរួមមាន​៖ គម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងអភិវឌ្ឍន៍អគ្គិសនីដើរដោយថាមពលខ្យល់, និងគម្រោងអភិវឌ្ឍន៍​អគ្គិសនីដើរដោយថាមពលជីវម៉ាស ដែលមាន​ដើមទុនសរុប​ចំនួនប្រមាណ ១ពាន់លានដុល្លារនិងបង្កើតការងារជូនពលរដ្ឋរាប់ពាន់កន្លែង។​ គម្រោងទាំង ៥នោះ រួមមាន៖

 

១. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព ៣៥០មេហ្គាវ៉ាត់  នៅខេត្ដពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគចំនួន ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន​ ៨៨កន្លែង។

 

២. គម្រោងវិនិយោគ​ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអនុភាព ២០០មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង។ គម្រោងនេះមានទុនវិនិយោគចំនួន ៣០០លានដុល្លារ​ និងបង្កើតការងារបានចំនួន ២ ០៦០កន្លែង។

 

៣. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស អានុភាព ៥០ មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៨០មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះមានទុនវិនិយោគប្រមាណ ១៣១ លានដុល្លារ និងអាចបង្កើតបង្កើតការងារ ៥៣៥កន្លែង។ ខណៈគម្រោងទី៤ និងទី៥ ជាគម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ចំនួន ២ មានទីតាំងស្ថិតនៅក្នុងខេត្ដមណ្ឌលគិរីដូចបានជម្រាបជូនខាងលើ៕

 

១

៣

៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia