ធ្លាប់តែឃើញនៅក្រៅប្រទេស ប៉ុន្ដែនៅពេលឆាប់ៗខាងមុខនេះ កម្ពុជាក៏នឹងមានស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ផងដែរ។ ខណៈគម្រោងដ៏កម្រមួយនេះ ទើបនឹងត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តក្នុងពេលថ្មី@នេះ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១០ ខែកម្ពុជាបានឲ្យដឹងថា គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ គឺមានទីតាំងស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។ ដោយគម្រោងនេះមានអានុភាព ១៥០ មេហ្គាវ៉ាត់ និងមានទុនវិនិយោគសរុប ២០០ លានដុល្លារ។ នៅពេលបើកដំណើរការគម្រោងនេះ ក៏នឹងផ្ដល់ ឱកាសការងារចំនួន ៤២ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

គួរជម្រាបផងដែរថា កាលពីពេលកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនី ដែលបានគ្រោងទុក។
គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។
ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់៕




