បងប្អូនមួយចំនួនប្រហែលជាឆ្ងល់ហើយថាសហរដ្ឋជាប្រទេសមហាអំណាច ជាប្រទេសអ្នកមានប៉ុន្ដែប្រទេសមហាអំណាចមួយនេះបែរមានបំណុលជាតិរហូតដល់៣១.៤ពាន់ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២៣នេះ ហើយចំនួននេះគឺឡើងដល់បន្ទាប់ក្រហមដែលអាមេរិកសឹងតែគ្មានលទ្ធភាពខ្ចីគេទៀតបានឡើយ។
ឈានដល់ឆ្នាំ២០២៣បំណុលអាមេរិកជាង៣១ពាន់ពាន់លានដុល្លារគឺដល់កម្រិតមួយដែលដល់ពិដានកំណត់បាត់ទៅហើយព្រោះចាប់តាំងពីឆ្នាំ១៩១៧មកអាមេរិកមានច្បាប់កំណត់ចំនួនបំណុលដែលរដ្ឋាភិបាលអាចខ្ចីគេបានប៉ុន្ដែនៅឆ្នាំ២០២៣នេះក្រោមការដឹកនាំរបស់លោក Joe Biden បំណុលអាមេរិកដើរមកដល់បន្ទាត់ក្រហមដូច្នេះហើយទើបពេលថ្មីៗនេះលោក Joe Biden និងបក្សប្រឆាំងចរចាដំឡើងទំហំបំណុលដើម្បីអាចមានលទ្ធភាពខ្ចីគេយកមកផ្គត់ផ្គង់ការចំណាយលើសេវាសាធារណៈ។
ចុះហេតុអ្វីសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងលោកបែរជាជំពាក់បំណុលគេច្រើនម៉្លេះ?
តាមពិតទៅរឿងបំណុលនេះប្រទេសណាក៏ជំពាក់បំណុលគេដែរគ្រាន់តែប្រទេសខ្លះមានបំណុលតិចតួច ចំណែកប្រទេសខ្លះទៀតមានជំពាក់បំណុលច្រើន។
ចំពោះសហរដ្ឋអាមេរិកវិញមូលហេតុដែលបំណុលប្រទេសនេះខ្ពស់ដល់ជាង៣០ពាន់ពាន់លានដុល្លារដោយសារតែអាមេរិកជួបបញ្ហាមួយគឺចំណាយច្រើនជាងចំណូល ដូច្នេះអាមេរិកក៏ខ្ចីលុយគេដូចជាខ្ចីលុយប្រទេសផ្សេងៗក្នុងទម្រង់ការបោះប័ណ្ណបំណុលឬប័ណ្ណរតនាគារដើម្បីបានលុយយកមកផ្គត់ផ្គង់លើសេវាសាធារណៈផ្សេងៗ។
បើយោងតាមការចុះផ្សាយរបស់CNN បានឲ្យដឹងថាក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះមានតែ៥ឆ្នាំប៉ុណ្ណោះដែលអាមេរិកអាចរកចំណូលបានច្រើនជាងចំណាយ។ ក្រៅពីនោះចំណូលរបស់អាមេរិកតិចជាងចំណាយដូច្នេះអាមេរិកត្រូវបោះប័ណ្ណបំណុលដើម្បីខ្ចីលុយគេយកមកចាយលើសេវាសាធារណៈផ្សេងៗដូចជាប្រាក់ខែបុគ្គលិករដ្ឋ និងសេវាសាធារណៈផ្សេងៗទៀត។ មានកត្តាមួយចំនួនដែលធ្វើឲ្យចំណុលអាមេរិកកាន់តែកើនឡើងខ្ពស់ ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ច បញ្ហាសង្រ្គាម ជាពិសេសវិបត្តិកូវីដ១៩ ធ្វើឲ្យអាមេរិកចំណាយលុយច្រើនហើយក៏ខ្ចីលុយគេច្រើនផងដែរ។
គួរបញ្ជាក់ផងដែរចំណាយធំៗដែលធ្វើឲ្យសហរដ្ឋអាមេរិកចំណយច្រើនរហូតដល់ចំណាយច្រើនជាងចំណូលមានដូចជាចំណាយលើសន្តិសុខសង្គមសម្រាប់មនុស្សចាស់ឬអ្នកចូលនិវត្តន៍ ចំណាយលើសុខាភិបាល ការពារជាតិ ថ្នាំសង្កូវ ការអប់រំនិងបណ្ដុះបណ្ដាល ការប្រាក់និងចំណាយផ្សេងៗជាច្រើនទៀត៕


