ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញឆន្ទៈរបស់ខ្លួនយ៉ាងមុតមាំ លើការចង់គ្រប់គ្រង ហ្គ្រីនឡែន (Greenland) ជាកោះដ៏ធំល្វឹងល្វើយ ដែលស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងមហាសមុទ្រអាត្លង់ទិកខាងជើង។ ខាងក្រោមគឺជាមូលហេតុធំៗ ៣ ដែលធ្វើឲ្យលោក ត្រាំ ចង់យកកោះនេះខ្លាំងបំផុត យោងតាម CNBC៖
១/. ក្តោបក្តាប់រ៉ែកម្រ និងធនធានធម្មជាតិដ៏មហាសាល៖ កោះ Greenland សម្បូរទៅដោយរ៉ែយុទ្ធសាស្ត្រដូចជា លីចូម នីកែល និងរ៉ែកម្រ ដែលចាំបាច់បំផុតសម្រាប់ផលិតបន្ទះឈីប អាវុធទំនើប និងអាគុយរថយន្តអគ្គិសនី។ ការគ្រប់គ្រងធនធានទាំងនេះ នឹងជួយឱ្យអាមេរិកកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីរដ្ឋបាលទីក្រុងប៉េកាំង ដែលជាគូប្រជែងសេដ្ឋកិច្ចលេខមួយ។
២/. គ្រប់គ្រងផ្លូវដឹកជញ្ជូន៖ ការត្រៀមលក្ខណៈសម្រាប់ផ្លូវនាវាចរណ៍ថ្មីនៅតំបន់អាកទិក។ នៅពេលទឹកកករលាយ ផ្លូវទឹកថ្មីនេះនឹងក្លាយជាច្រករបៀងពាណិជ្ជកម្មដ៏ខ្លីបំផុតតភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។ ប្រសិនបើអាមេរិកមានអធិបតេយ្យភាពលើកោះ Greenland ពួកគេនឹងមានអំណាចពេញលេញក្នុងការត្រួតពិនិត្យ និងទាញយកប្រយោជន៍សេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញតាមសមុទ្រក្នុងតំបន់ប៉ូលខាងជើងនេះ។
៣/. ភូមិសាស្ត្រនយោបាយ៖ ក្រៅពីសេដ្ឋកិច្ច វាក៏ជាការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងចិន ដែលកំពុងពង្រីកវត្តមានយោធា និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងក្លានៅតំបន់អាកទិក។ ការដណ្តើមកោះនេះ នឹងអនុញ្ញាតឱ្យអាមេរិកពង្រីកមូលដ្ឋានទ័ពអាកាស និងប្រព័ន្ធការពារមីស៊ីលកាន់តែជិតទៅនឹងគូសត្រូវ ដើម្បីធានាបាននូវឧត្តមភាពយោធានៅក្នុងតំបន់ប៉ូល ដែលកំពុងឡើងកម្ដៅខាងភូមិសាស្ត្រនយោបាយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៦ សេតវិមានបានបញ្ជាក់ថា លោក ត្រាំ កំពុងពិភាក្សាយ៉ាងសកម្មលើផែនការទិញយកកោះ Greenland ហើយថែមទាំងបានលើកឡើងថា «ជម្រើសគ្រប់យ៉ាងគឺនៅលើតុ» (រួមទាំងវិធានការការទូត និងសេដ្ឋកិច្ច) ទោះបីជាដាណឺម៉ាក និងរដ្ឋាភិបាល Greenland បន្តបដិសេធយ៉ាងដាច់អហង្ការក៏ដោយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



