កុំបន្ទោសប្រាក់ខែ! នេះជាហេតុផលធំៗដែលបុគ្គលិកឆ្នើមៗ ស្ងាត់ៗដើរចេញពីក្រុមហ៊ុន
Toeuy HongJULY 29 20265 views

ប្រសិនបើក្រុមហ៊ុនរបស់អ្នកជួបប្រទះស្ថានភាពដែលបុគ្គលិកលាឈប់ពីការងារញឹកញាប់ ឬសម្គាល់ឃើញថាបុគ្គលិកកាន់តែថយចុះកម្លាំងចិត្ត  ធុញថប់ និងបាត់បង់ភាពសកម្មក្នុងការងារ   បញ្ហានេះមិនមែនកើតចេញពីបុគ្គលិកខ្វះការប្តេជ្ញាចិត្តនោះទេ។

 ការស្រាវជ្រាវជាច្រើនបាន​បង្ហាញថាមូលហេតុសំខាន់ៗភាគច្រើនកើតចេញពីរចនាសម្ព័ន្ធការងារ និងជាពិសេស គុណភាពនៃភាពជាអ្នកដឹកនាំ។ អត្ថបទនេះនឹងបង្ហាញពីមូលហេតុសំខាន់ៗ ដោយផ្អែកលើទិន្នន័យស្រាវជ្រាវអង្គការជាតិ និងអន្តរជាតិ។

១. អ្នកគ្រប់គ្រងគ្មានជំនាញភាពជាអ្នកដឹកនាំ

នេះជាមូលហេតុសំខាន់បំផុតមួយ។ ក្រុមហ៊ុនជាច្រើនតែងតែតម្លើងតួនាទីអ្នកគ្រប់គ្រងដោយផ្អែកលើសមត្ថភាពបច្ចេកទេស ជាជាងសមត្ថភាពដឹកនាំមនុស្ស។ លទ្ធផលគឺបុគ្គលិកទទួលបានអ្នកគ្រប់គ្រងដែលមិនចេះទំនាក់ទំនង មិនចេះលើកទឹកចិត្ត ឬមិនចេះផ្តល់ទិសដៅច្បាស់លាស់។ ​

 

២. គ្មានទិសដៅច្បាស់លាស់ពីអ្នកដឹកនាំខ្លួន

នៅពេលអ្នកគ្រប់គ្រងមិនច្បាស់ពីអ្វីដែលរំពឹងទុកពីបុគ្គលិក ឬមិនផ្តល់ធនធានគ្រប់គ្រាន់សម្រាប់ការងារ បុគ្គលិកនឹងមានអារម្មណ៍ច្របូកច្របល់ ហើយបាត់បង់ទំនុកចិត្តលើទិសដៅរបស់អង្គភាព។ ស្ថានភាពនេះជាមូលហេតុសំខាន់ដែលធ្វើឲ្យបុគ្គលិកសម្រេចចិត្តចាកចេញ។

៣. ខ្វះឱកាសរីកចម្រើន និងអភិវឌ្ឍជំនាញ

បុគ្គលិកដែលមិនឃើញផ្លូវរីកចម្រើន ឬមិនមានអ្នកណាជួយពួកគេអភិវឌ្ឍជំនាញ ជាទូទៅពួកគេគឺតែងតែធុញនឹងការងារ។ ការដែលមើលឃើញពីអនាគតច្បាស់លាស់នៅក្នុងអង្គភាពមួយ វាជាកត្តាដ៏សំខាន់ក្នុងការដែលបុគ្គលិកចង់នៅធ្វើការបន្ត។

៤. បន្ទុកការងារច្រើនហួសកម្រិត ដោយមិនមានធនធានគ្រប់គ្រាន់

ការងារច្រើនហួសកម្រិត ដោយគ្មានពេលសម្រាក ឬធនធានគ្រប់គ្រាន់ គឺជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់បំផុតនៃការធុញថប់ក្នុងការធ្វើការងារ។ ចំណុចសំខាន់គឺមិនមែនត្រឹមតែបរិមាណការងារប៉ុណ្ណោះទេ ប៉ុន្តែជាភាពមិនសមស្របគ្នារវាងតម្រូវការការងារ និងធនធានដែលមាន។

៥. ខ្វះការគ្រប់គ្រង ឬសិទ្ធិសម្រេចចិត្តលើការងារដោយខ្លួនឯង

នៅពេលបុគ្គលិកមិនមានសិទ្ធិសម្រេចចិត្តលើវិធីធ្វើការងាររបស់ខ្លួន ឬក៏មតិយោបល់របស់ខ្លួនមិនត្រូវបានយកចិត្តទុកដាក់ ពួកគេនឹងមានអារម្មណ៍អសមត្ថភាព ម្យ៉ាងទៀតធ្វើអោយបាត់បង់ចំណាប់អារម្មណ៍ចំពោះការងារ។ ហើយនេះទាក់ទងទៅនឹងរបៀបដែលអ្នកគ្រប់គ្រងផ្ទេរសិទ្ធិអោយ និងជឿទុកចិត្តលើក្រុមរបស់ខ្លួនផងដែរ។

៦. ខ្វះការទទួលស្គាល់ និងរង្វាន់លើកទឹកចិត្ត

រង្វាន់មិនមែនសំដៅទៅលើតែប្រាក់ខែនោះទេ គឺរួមបញ្ចូលទាំងការទទួលស្គាល់សមត្ថភាពពីអ្នកគ្រប់គ្រង និងមិត្តរួមការងារផងដែរ។ បុគ្គលិកដែលធ្វើការហើយមិនដែលទទួលបានពាក្យសរសើរ ឬការទទួលស្គាល់សមិទ្ធផលដែលពួកគេធ្លាប់ធ្វើកន្លង ពួកគេនឹងបាត់បង់អារម្មណ៍ក្នុងការបំពេញការងារបន្តិចម្តងៗ។

៧. ទំនុកចិត្ត និង​ ភាពអយុត្តិធម៌

នៅពេលបុគ្គលិកមានអារម្មណ៍ថាការសម្រេចចិត្តនានានៅកន្លែងធ្វើការមិនយុត្តិធម៌ ឬមានទំនាស់ដែលមិនមានការដោះស្រាយ ជាទូទៅសហគមន៍ការងារនឹងចុះខ្សោយ ហើយបុគ្គលិកនឹងចាប់ផ្តើមស្វែងរកកន្លែងធ្វើការថ្មីជាព​​។

ដូចដែលបានបង្ហាញខាងលើ មូលហេតុភាគច្រើននៃការឈប់ធ្វើការ និងការធុញការងារ សុទ្ធតែទាក់ទងផ្ទាល់ ឬដោយប្រយោលទៅនឹង គុណភាពនៃភាពជាអ្នកដឹកនាំ។ អ្នកគ្រប់គ្រងគឺជាអ្នកកំណត់ថា បុគ្គលិកនឹងមានទិសដៅច្បាស់លាស់ឬអត់ មានឱកាសរីកចម្រើនឬអត់ មានសិទ្ធិគ្រប់គ្រងការងារខ្លួនឯងឬអត់ និងទទួលបានការទទួលស្គាល់សមស្របឬអត់។

ការដោះស្រាយបញ្ហានេះ ត្រូវចាប់ផ្តើមពីការវិនិយោគលើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ មិនមែនត្រឹមតែផ្តោតលើជំនាញបច្ចេកទេសនោះទេ ព្រមទាំងផ្តល់ប្រព័ន្ធមតិកែលម្អ ៣៦០ ដឺក្រេ ដើម្បីអង្គរកឃើញ និងកែតម្រូវអ្នកគ្រប់គ្រងដែលមានឥរិយាបថមិនល្អ មុននឹងបុគ្គលិកល្អៗសម្រេចចិត្តចាកចេញ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia