ជាការពិតណាស់ប្រាក់ដុល្លារឡើងថ្លៃ អ្នកដែលកំពុងកាន់ប្រាក់ដុល្លារច្រើនច្បាស់ជាញញឹមបិទមាត់មិនជិតនោះទេ ជាពិសេសប្រជាជនអាមេរិកតែម្ដង។ យ៉ាងណាមិញការឡើងថ្លៃនៃប្រាក់ដុល្លារនេះធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក។
ខាងក្រោមនេះ Business Cambodia សូមលើកយកនូវរឿងមួយចំនួន ដែលការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកជះឥទ្ធិពលមិនល្អដល់ពិភពលោក។
១. អតិផរណាកាន់តែកើនឡើង
ប្រេងក៏ដូចជាទំនិញផ្សេងៗជាច្រើនត្រូវបានគេជួញដូរជាប្រាក់ដុល្លារ ដូច្នេះពេលប្រាក់ដុល្លារកាន់តែឡើងថ្លៃ នឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើជំនួញរបស់ប្រទេសផ្សេងៗនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ កាលណាថាមពលនិងវត្ថុធាតុដើមកាន់តែថ្លៃ តម្លៃនៃផលិតផលនឹងកាន់តែឡើងថ្លៃបង្កបានជាបញ្ហាអតិផរណាធ្វើឲ្យប៉ះពាល់ការរស់នៅរបស់មនុស្សនិងអាជីវកម្មផងដែរ។
២. ប្រទេសចំណូលទាបបង់បំណុលអាមេរិកកាន់តែច្រើន
ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងជំពាក់បំណុលអាមេរិកជាប្រាក់ដុល្លារ អ៊ីចឹងហើយពេលប្រាក់ដុល្លារកាន់តែឡើងថ្លៃ នឹងធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែជំពាក់បំណុលអាមេរិកកាន់តែច្រើន។ ជាលទ្ធផលប្រទេសទាំងនោះនឹងត្រូវបង្ខំចិត្តរកលុយឲ្យកាន់តែច្រើនដើម្បីដោះបំណុលអាមេរិក។ ជាក់ស្ដែងប្រទេសស្រីលង្កាបានធ្លាក់ក្នុងវិបត្តិបំណុលធ្ងន់ករខណៈប្រាក់ដុល្លារឡើងថ្លៃហើយលុយស្រីលង្កាកាន់តែចុះថោក។
៣. ការនាំចេញនឹងកាន់ចំណាយលុយច្រើន
ជាការពិតណាស់ ពេលប្រាក់ដុល្លារអាមេរិកកាន់តែឡើងថ្លៃ នឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើជំនួញរបស់ប្រទេសដទៃលើពីភពលោក ជាពិសេសទាក់ទងនឹងការនាំចេញតែម្ដង។ ត្រង់នេះប្រទេសដទៃទិញផលិតផលអាមេរិកបានកាន់តែតិចជាងមុនក្នុងទំហំទឹកប្រាក់ដដែល នេះក៏ព្រោះតែដុល្លារកាន់តែថ្លៃហើយលុយរបស់ប្រទេសផ្សេងៗកាន់តែថោក។ មិនតែប៉ុណ្ណោះការនាំចេញទំនិញរបស់ប្រទេសផ្សេងៗទៅទឹកដីអាមេរិក បានចំណេញតិចជាងមុនខណៈការធ្វើជំនួញដូរត្រូវបានប្ដូររូបិយប័ណ្ណគ្នា។
៤. ទេសចរណ៍នៅអាមេរិកកាន់តែថ្លៃ
សាកគិតទៅមើលបើអ្នកចង់ទៅលេងអាមេរិក អ្នកមានប្រាក់រៀលខ្មែរ ហើយត្រូវយកប្រាក់រៀលខ្មែរដូរយកប្រាក់ដុល្លារ នោះអ្នកនឹងត្រូវចំណាយប្រាក់រៀលកាន់តែច្រើនដើម្បីទិញយកប្រាក់ដុល្លារអាមេរិកសម្រាប់ចាយវាយក្នុងដំណើរកម្សាន្តក្នុងទឹកដីអាមេរិក។
គួរបញ្ជាក់ផងដែរបច្ចុប្បន្នប្រាក់ដុល្លារអាមេរិកនៅទីផ្សារកម្ពុជានៅតែថ្លៃ ហើយគិតត្រឹមថ្ងៃទី៩ខែមករាឆ្នាំ២០២៣នេះ១ដុល្លារស្មើនឹង៤,១១៣រៀលខ្មែរ៕


