ឯកឧត្ដម Jesse McCaul៖ កម្ពុជាជាកន្លែងដ៏សក្តសមបំផុតមួយដែលបរទេសគួរចាប់ផ្ដើមរកស៊ីក្រោមហេតុផលទាំង៣នេះ
Toeuy Hong•SEPTEMBER 23 2026•131 views

 ប្រទេសនីមួយៗសុទ្ធតែត្រូវការ ការវិនិយោគពីបរទេស ព្រោះកាលណាបរទេសកាន់លុយមកវិនិយោគក្នុងស្រុកកាន់តែច្រើន នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតក្រុមហ៊ុន រោងចក្រ ផលិតផលជាដើម។ ទាក់ទងនឹងការវិនិយោគពីបរទេសនេះដែរ ឯកឧត្ដម លោក Jesse McCaul ដែលជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអ្នកវិនិយោគបរទេសដែលរស់នៅកម្ពុជាជាង៣០ឆ្នាំបានលើកឡើងនូវកត្តាធំៗ៣ដែលអ្នកវិនិយោគបរទេសគួរជ្រើសរើសកម្ពុជាក្នុងការវិនិយោគ៖

 

១. កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនផ្ដល់ឱកាសច្រើន

 ត្រង់នេះ លោក Jesse McCaul បានលើកឡើងថាបច្ចុប្បន្នប្រទេសកម្ពុជាយើងជាប្រទេសដែលមានសុខសន្តិភាពនិងជាប្រទេសកំពុងអភិវឌ្ឍនដូច្នេះឱកាសរកស៊ីនិងវិនិយោគនៅកម្ពុជានៅមានច្រើនដែលអ្នកវិនិយោគប្រទេសគួរចាប់ឱកាសបើកអាជីវកម្មនិងវិនិយោគនៅកម្ពុជា។

 

 លោកបានឲ្យដឹងទៀតថាប្រសិនបើអ្នកវិនិយោគឬរកស៊ីចង់ផ្ដើមរកស៊ីនៅអាស៊ី កន្លែងដែលគួរចាប់ផ្ដើមគឺនៅប្រទេសកម្ពុជាព្រោះកម្ពុជាដែលប្រទេសកំពុងអភិវឌ្ឍន មិនទាន់មានគេវិនិយោគច្រើនមិនសូវមានការប្រកួតប្រជែងខ្លាំង។ ដូច្នេះបើអ្នកវិនិយោគបរទេសមកបើកអាជីវកម្មនិងវិនិយោគនៅកម្ពុជាពួកគាត់នឹងមានឱកាសច្រើនក្នុងការវិនិយោគខណៈកម្ពុជាជាទីផ្សារដែលកំពុងរីកលូតលាស់តែមិនទាន់មានអ្នកវិនិយោគមកវិនិយោគច្រើននៅឡើយ ពោលគឺចូលទីផ្សារបានមុនគេពួកគាត់នឹងមានឱកាសវិនិយោគនិងរកស៊ីច្រើននៅកម្ពុជា។

 

២. បរទេសអាចមានសិទ្ធិកាន់កាប់អាជីវកម្មជាម្ចាស់ភាគ១០០%

លោកបានលើកឡើងថាកម្ពុជាគឺបើកទូលាយសម្រាប់បរទេសមកពីគ្រប់ជាតិសាសន៍ទាំងពោលគឺជាតិសាសន៍ណាក៏អាចបើកក្រុមហ៊ុនរកស៊ីនិងវិនិយោគនៅកម្ពុជាបានដែរ។

 

 អ្វីដែលកាន់តែពិសេសនោះគឺគ្រប់ជនបរទេសទាំងអស់ដែលចង់បើកអាជីវកម្មនៅកម្ពុជាអាចមានសិទ្ធិធ្វើជាម្ចាស់ភាគហ៊ុន១០០%ស្ទើតែគ្រប់វិស័យនៃអាជីវកម្មរបស់ពួកគាត់បើកបានដោយមិនតម្រូវឲ្យមានដៃគូរវិនិយោគជាជនជាតិខ្មែរចូលរួមជាម្ចាស់ភាគហ៊ុនអំឡុងពេលរកស៊ីនៅប្រទេសកម្ពុជាឡើយ។

 

នៅត្រង់ចំណុចនេះគឺជាចំណុចពិសេសដែលកម្ពុជាអាចទាក់ទាញអ្នកវិនិយោគបរទេសឲ្យមករកស៊ីនិងវិនិយោគនៅកម្ពុជាជាហូរហែរដែលខុសពីប្រទេសនៅក្នុងតំបន់ស្ទើរតែទាំងអស់ ពេលជនបរទេសបើកក្រុមហ៊ុនគឺតម្រូវឲ្យមានដៃគូរម្ចាស់ភាគហ៊ុនជាជនជាតិដើមនៅក្នុងស្រុកចូលរួម។

 

៣. កត្តាការប្រើប្រាស់ប្រាក់ដុល្លារ

 យើងដឹងហើយថាប្រទេសកម្ពុជាយើងសេដ្ឋកិច្ចពឹកផ្អែកទៅលើប្រាក់ដុល្លារអាមេរិកដែលខុសពីប្រទេសក្នុងតំបន់ដែលគេតម្រូវឲ្យប្រើប្រាស់រូបិយបណ្ណក្នុងស្រុកដែលតម្រូវឲ្យអ្នកវិនិយោគបរទេសត្រូវប្ដូរលុយចេញចូលដែលធ្វើឲ្យអ្នកវិនិយោគអាចខាតលុយពីអត្រាប្ដូរប្រាក់។

 

ដូច្នេះការប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងសេដ្ឋកិច្ចគឺធ្វើឲ្យម្ចាស់អាជីវកម្មដែលជនជាតិបរទេសចំណេញពេលប្រើប្រាស់ប្រតិបត្តិការប្រាក់ដុល្លារព្រោះប្រាក់ដុល្លារគឺរូបិយបណ្ណដែលត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក ដូច្នេះពេលអ្នកវិនិយោគបរទេសមកកម្ពុជាបើកក្រុមហ៊ុនឬវិនិយោគដោយកាន់ប្រាក់ដុល្លារនោះពួកគាត់មិនចាំបាច់ប្ដូរប្រាក់ដែលធ្វើឲ្យខាតបង់ដោយសារអត្រាប្ដូរប្រាក់ឡើយ ពោលគឺដាក់លុយវិនិយគក៏មិនបាច់ប្ដូរប្រាក់ហើយដកចេញក៏មិនបាច់ប្ដូរប្រាក់ដូច្នេះកម្រិតលុយដុល្លារគាត់ប៉ុណ្ណាគឺនៅប៉ុណ្ណឹង៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia