បច្ចុប្បន្នមានបងប្អូនមួយចំនួនបាញ់លុយច្រឡំពេលចាយលុយទូទាត់ទំនិញឬបាញ់លុយឲ្យអ្នកណាម្នាក់ ព្រោះQR ឥឡូវគឺមានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ។ ដូច្នេះពេលទូទាត់លុយឬបាញ់លុយ អ្នកត្រូវតែពិនិត្យឲ្យបានច្បាស់ចៀសវាងបាញ់ច្រឡំដោយអ្នកអាចគិតថាបាញ់លុយរៀលប៉ុន្ដែបែរជាបាញ់ជាលុយដុល្លារដែលធ្វើឲ្យអ្នកបាញ់លុយទៅគេច្រើនលើសលប់។
នៅក្នុងករណីដែលអ្នកបាញ់លុយច្រឡំដោយបាញ់លុយរៀលប៉ុន្ដែច្រឡំបាញ់ជាលុយដុល្លារ ខាងក្រោមនេះគឺជាជំហានដែលអ្នកត្រូវតែធ្វើជាបន្ទាន់ បើចង់បានលុយរបស់អ្នកត្រូវមកវិញចៀសវាងអ្នកទទួលលុយយកទៅចាយអស់។
១. ទាក់ទងទៅកាន់ធនាគាររបស់អ្នកភ្លាមៗ
កុំបង្អង់យូរ អ្នកត្រូវទូរសព្ទទៅកាន់លេខកូដសេវាបំរើអតិថិជន (Hotline) របស់ធនាគារដែលអ្នកប្រើដើម្បីស្នើសុំឱ្យធនាគារបង្កក (Freeze) សាច់ប្រាក់ដែលបានវេរខុសនោះជាបណ្តោះអាសន្ន ដើម្បីការពារកុំឱ្យម្ចាស់គណនីខាងចុងដក ឬផ្ទេរចេញបន្ត។ ត្រង់នេះដែរ បើមានមធ្យោបានទំនាក់ទំង អ្នកត្រូវព្យាយាមទាក់ទងទៅអ្នកទទួលលុយដើម្បីប្រាប់គេឲ្យគេវេរលុយមកឲ្យអ្នកវិញ។
២. រក្សាទុកភស្តុតាងនៃការវេរលុយ
រក្សារាល់ព័ត៌មានលម្អិតនៃការប្រតិបត្តិការ (Transaction) នោះ រួមមាន៖
រូបថតអេក្រង់នៃបង្កាន់ដៃវេរលុយ (Screenshot of e-Receipt)
លេខកូដប្រតិបត្តិការ (Transaction ID / Reference Number)
លេខគណនី និងឈ្មោះអ្នកផ្ញើ/អ្នកទទួល
ពេលវេលាជាក់លាក់ដែលបានផ្ទេរ
៣. ឱ្យធនាគារជួយសម្របសម្រួលទាក់ទងទៅម្ចាស់គណនី
ខាងធនាគារនឹងធ្វើការទាក់ទងទៅកាន់ម្ចាស់គណនីដែលទទួលបានលុយនោះ ដើម្បីសុំការអនុញ្ញាតផ្ទេរត្រឡប់មកវិញ។ ករណីម្ចាស់គណនីយល់ព្រម ធនាគារនឹងរៀបចំផ្ទេរប្រាក់មកអ្នកវិញ (អាចមានការកាត់ថ្លៃសេវាបន្តិច)។ ប៉ុន្ដករណីម្ចាស់គណនីបដិសេធ ឬមិនសហការ អ្នកមានសិទ្ធិសុំជំនួយផ្នែកច្បាប់។
៤. ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច
ប្រសិនបើម្ចាស់គណនីចុងក្រោយដឹងហើយ តែនៅតែមានចេតនាដកយកលុយនោះទៅប្រើប្រាស់ ឬមិនព្រមសងវិញ អ្នកត្រូវទៅជួបធនាគារផ្ទាល់ដើម្បីសុំលិខិតបញ្ជាក់ប្រតិបត្តិការខុសនោះ។
បន្ទាប់មកយកភស្តុតាងទាំងអស់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ឬសមត្ថកិច្ចពាក់ព័ន្ធ ពីបទ «ការរំលោភលើទំនុកចិត្ត» ឬ «ការយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់» (ព្រោះការឃើញលុយគេវេរខុសចូលគណនីខ្លួនហើយដកចាយ ដឹងខ្លួនថាជារបស់គេ គឺខុសច្បាប់)។
ជាចុងក្រោយរាល់ពេលដែលអ្នកចាយវាយឬទូទាត់តាមតាមរយៈការស្គែនQR ម្ដងៗអ្នកត្រូវតែពិនិត្យឲ្យបានច្បាស់ដើម្បីចៀសវាងទូទាត់ច្រំលុយរៀលទៅជាទូទាត់ដុល្លារដែលធ្វើឲ្យអ្នកខាតបង់លុយច្រើនក្នុងគណនីអ្នកមិនចាត់វិធានការបានទាន់ពេលវេលា៕


