ធ្លាប់ឮពាក្យលាងលុយកខ្វក់ តើអ្នកមានដឹងអត់ សកម្មភាពលាងលុយកខ្វក់វាមានដំណើរការដូចម្ដេច
Toeuy HongJULY 14 20242.6 K views

ការលាងលុយកខ្វក់គឺជាដំណើរការខុសច្បាប់នៃការបិទបាំងប្រភពដើមនៃប្រាក់ដែលទទួលបានតាមរយៈសកម្មភាពឧក្រិដ្ឋកម្ម។ ជាធម្មតា អ្នកលាងលុយនឹងបិទបាំងប្រភពដើមនៃលុយទាំងនោះដោយឆ្លងកាត់ធនាគារផ្សេងៗ និងអាជីវកម្មស្របច្បាប់ជាដើម។

ប្រភពពីគេហទំព័រ Britton & Time បានឱ្យដឹងថា អ្នកលាងលុយ ប្រើវិធីសាស្រ្តយ៉ាងទូលំទូលាយ ដើម្បីធ្វើឱ្យលុយមានប្រភពខុសច្បាប់ ប្រែក្លាយជាលុយដែលស្អាត។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានសង្កេតឃើញថា ជាទូទៅអ្នកលាងលុយកខ្វក់ តែងតែប្រើប្រាស់នូវការអនុវត្តតាម ៣ដំណាក់កាលធំៗ។

ទី១. Placement៖ ដំណាក់កាលទី១នេះ គឺគេយក លុយកខ្វក់ ដែលបានមកពីសកម្មភាពខុសច្បាប់ ដាក់បញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់។ ជាទូទៅការលាងលុយ អាចជាការដាក់មូលនិធិនៅក្នុងគណនីធនាគារដើម្បីចាប់ផ្តើមដំណើរការសម្អាត។ ឧទាហរណ៍ផ្សេងទៀតនៃការលាងលុយ អាចមានដូចជាការប្រើប្រាស់លុយដើម្បីសងបំណុល ការបំប្លែងសាច់ប្រាក់ទៅជាកាក់នៅក្នុងកាស៊ីណូ ឬការក្លែងបន្លំវិក្កយបត្រនៅក្នុងអាជីវកម្មស្របច្បាប់ជាដើម។

ទី២. Layering៖ ដំណាក់កាលទី 2 នៃការលាងលុយកខ្វក់ គឺគេអាចជ្រើសរើសការលាយលុយកខ្វក់ចូលទៅក្នុងលុយស្របច្បាប់។ ជាទូទៅគេយកលុយទាំងនោះ ទៅទិញអចលនទ្រព្យ ឬវត្ថុដែលមានតម្លៃថ្លៃជាលុយសុទ្ធ ឬវត្ថុសិល្បៈដែលមានតម្លៃថ្លៃៗខ្លាំង តាមរយៈការទៅទិញផ្ទាល់ឬ ការដេញថ្លៃជាដើម។

ទី៣. Integration៖ ក្រោយពីដំណាក់កាលទាំងពីរខាងលើបានបញ្ចប់ ជំហានចុងក្រោយគឺអ្នកលាងលុយកខ្វក់ ធ្វើការប្រមូលរបស់ទ្រព្យដែលគេទិញបានពីលុយកខ្វក់ទាំងអស់នោះ យកទៅលក់វិញ បន្ទាប់មកសាច់ប្រាក់ដែលបានពីការលក់គឺជាលុយស្របច្បាប់ ដែលគេអាចយកទៅប្រើប្រាស់ទូទៅបានធម្មតាវិញតែម្ដង។

សូមជម្រាបផងដែរថា ការលាងលុយកខ្វក់ គឺជាដំណើរការដ៏ស្មុគស្មាញមួយ ដែលមានគោលបំណងបិទបាំងប្រភពនៃប្រាក់ដែលបានមកពីសកម្មភាពខុសច្បាប់។ តាម​ច្បាប់ ការ​លាង​លុយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ហើយ​ក្នុង​កាលៈទេសៈ​ធ្ងន់ធ្ងរ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១៤ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មិន​កំណត់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia