ក្រោយឈរជើងក្នុងវិស័យលក់រាយ រយៈពេល១០នៅកូរ៉េនិងទីផ្សារពិភពលោក ទីបំផុតយីហោផ្សារទំនើបខ្នាតតូច eMart24 ដែលមានសាខាជាង ៦ពាន់កន្លែងនៅលើពិភពលោក បានសម្រេចបណ្តាក់ទុនមករកស៊ីនៅខ្មែរហើយ ដែលត្រៀមនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខ នៅភាគខាងកើតនៃរាជធានីភ្នំពេញ។
កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅក្រុមហ៊ុន eMart24 របស់កូរ៉េ បានធ្វើពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខជាមួយនឹងក្រុមហ៊ុន Saihan Partners Co., Ltd ដើម្បីរៀបចំបើកសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដែលសាខាដំបូងនេះគ្រោងនឹងបើកដំណើរការនៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយគ្រោងពង្រីកឱ្យបាន១០០សាខា។
ថ្លែងនៅក្នុងកម្មពិធីចុះហត្ថលេខានោះ លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Saihan Partners បានមានប្រសាសន៍ថា “ក្រោយមើលឃើញពីសក្តានុពលដ៏ខ្លាំងខ្លារបស់កម្ពុជា លើផ្នែកលក់រាយបានធ្វើឱ្យខាងក្រុមហ៊ុនសម្រេចចិត្តនាំយក emart24 មកកាន់កម្ពុជា ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី ជាមួយនឹងការទិញទំនិញ អាហារ ភេសជ្ជៈ ដ៏ច្រើនសម្បូរបែបមកពីកូរ៉េផ្ទាល់តែម្តង” ។
គួរបញ្ជាក់ផងដែរថា emart24 Inc. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shinsegae Group ដែលជាក្រុមហ៊ុនលក់រាយ និងចែកចាយទំនិញដ៏ធំមួយនៅក្នុងប្រទេសកូរ៉េ ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងតែឆ្នាំ ២០១៣ មកម្ល៉េះ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ emart24 បានបើកផ្សារទំនើបខ្នាតតូចរបស់ខ្លួនបានជាង ៦,០០០ សាខានៅលើពិភពលោក ៕