ប្រសិនបើឥឡូវអ្នកមានលុយ ១ម៉ឺនដុល្លារក្នុងកុងធនាគារ តើអ្នកនឹងយកធ្វើអ្វី? ចម្លើយខ្លះ អាចយកទៅបង់រំលោះផ្ទះ ទិញឡាន សម្ភារៈទំនើប ឬរបស់ដែលខ្លួនស្រលាញ់ជាដើម។ ប៉ុន្តែមហាសេដ្ឋី Warren Buffett មិនធ្វើដូច្នោះឡើយ លោកនឹងយកលុយនោះទៅបង្កើតទ្រព្យឲ្យកកូនកចៅ កាន់តែមានជាមុន។
ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ Berkshire Hathaway មានអ្នកចូលរួមម្នាក់ឈ្មោះ Grant Morgan បានដាក់សំណួរទៅកាន់លោក Warren Buffett ថា៖ «បើអ្នកចាប់ផ្តើមម្តងទៀតនៅថ្ងៃនេះក្នុងវ័យ៣០ឆ្នាំ ជាមួយនឹងលុយ ១ម៉ឺនដុល្លារ តើអ្នកនឹងធ្វើអ្វីដើម្បីកសាងភាពមានបានដូចបច្ចុប្បន្ន? ឬ តើខ្ញុំអាចរកប្រាក់បាន ៣០ពាន់លានដុល្លារដោយរបៀបណា?»។
មិនបង្អង់យូរ មហាសេដ្ឋីចាស់វស្សារូបនេះ បានឆ្លើយតបយ៉ាងដូច្នេះថា៖ «មិត្តសម្លាញ់ Charlie របស់ខ្ញុំតែងនិយាយថា រឿងធំដែលយើងបានធ្វើគឺបង្កើតដុំព្រិលតូចមួយ ហើយរមៀលវាដោយប្រុងប្រយ័ត្នពីលើភ្នំទឹកកកក្នុងចម្ងាយដ៏ឆ្ងាយ មានន័យថា ត្រូវចាប់ផ្តើមឲ្យលឿនបំផុតតាំងពីពេលអ្នកនៅក្មេងមកម្ល៉េះ»។
បន្ទាប់មក លោក Warren Buffett បានរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្ររបស់ខ្លួនថា៖ «ប្រសិនបើខ្ញុំចេញពីសាលាថ្ងៃនេះ និងមានលុយ ១ម៉ឺនដុល្លារក្នុងដៃ ខ្ញុំនឹងចូលទៅពិភពវិនិយោគដោយចាប់ផ្តើមផ្តោតលើក្រុមហ៊ុនតូចៗ និងសិក្សាពីវាឲ្យល្អិតល្អន់បំផុត ពីព្រោះខ្ញុំចូលចិត្តធ្វើការជាមួយនឹងផលបូកតូចៗ ហើយវានឹងផ្តល់ឱកាសធំមួយ ក្នុងចំណោយអាជីវកម្មតូចៗទាំងនោះ»។ លោកបានបន្ថែមទៀតថា៖ «អ្នកត្រូវតែទិញអាជីវកម្ម ហើយបំណែកអាជីវកម្មតូចៗរបស់អ្នកទៅជាភាគហ៊ុន។ អ្នកត្រូវប្រាកដថា ទិញវាក្នុងតម្លៃដ៏សមរម្យបំផុត ហើយអាជីវកម្មនោះត្រូវតែមានសុខភាពល្អ»។
គួរជម្រាបផងដែរថា លោកមហាសេដ្ឋី Warren Buffett ត្រូវបានគេដាក់រហស្សនាមជា “ស្តេចវិនិយោគ” ដ៏ល្បីល្បាញលំដាប់ពិភពលោក និងកំពុងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ១៣៤.៩ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ចេញផ្សាយដោយទស្សនាវដ្តី Forbes ខណៈបច្ចុប្បន្នលោកមានវ័យ ៩៣ឆ្នាំហើយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


