បច្ចុប្បន្នស្ថានសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ដូច្នេះការប្រើប្រាស់លុយអ្នកត្រូវប្រយ័ត្នបើមិនចង់ជួបបញ្ហាលុយកាក់ធ្ងន់ធ្ងរ។ ទាក់ទងនឹងរឿងលុយកាក់នេះដែរ សេដ្ឋី Warren Buffett ស្ដេចវិនិយោគប្រចាំសតវត្សទី២១បានលើកឡើងថាក្នុងស្ថានភាពមិនច្បាស់លាស់អ្វីដែលអ្នកមិនគួរធ្វើជាមួយលុយគឺ”កុំខ្ចីបំណុលដែលមិនចាំបាច់”។
បំណុលដែលមិនចាំបាច់ត្រង់នេះគឺលោកចង់សំដៅដល់កម្ចីដែលមិនអាចបង្កើតចំណូលពោលគឺជាកម្ចីផ្ទាល់ខ្លួនដែលអ្នកប្រើប្រាស់ទិញសម្ភារនិយមដូចជា ឡាន ទូរស័ព្ទដៃទំនើបឬសម្ភារនិយមផ្សេងៗទៀត។
លោកបានបន្តទៀតថាការខ្ចីលុយដែលមិនអាចបង្កើតចំណូលអំឡុងពេលសេដ្ឋកិច្ចមិនច្បាស់លាស់គឺពិតជាហានិភ័យព្រោះកម្ចីដែលអ្នកខ្ចីមកគឺមិនអាចបង្កើតចំណូល ហើយមួយវិញទៀតស្ថានភាពសេដ្ឋកិច្ចមិនច្បាស់ទៀតនោះ អ្នកអាចនឹងប្រឈមនឹងការធ្លាក់ចំណូល បាត់ចំណូលដែលអាចធ្វើឲ្យអ្នកធ្លាក់ក្នុងបញ្ហាលុយកាក់ជាពិសេសបញ្ហាបំណុលធ្ងន់ធ្ងរ។
អំឡុពេលសេដ្ឋកិច្ចមិនច្បាស់លាស់ សេដ្ឋីវ័យ៩៥ឆ្នាំរូបនេះបានណែនាំឲ្យទុកសាច់លុយមួយផ្នែកជាប់ខ្លួនពោលគឺត្រូវសន្សំលុយបម្រុងទុកការពារពេលមានអាសន្នដើម្បីការពារ។ ត្រង់នេះដែរ អ្នកជំនាញជាច្រើនតែងតែនាំថា អ្នកគួរសន្សំលុយបម្រុងទុកការពារពេលមានអាសន្នឲ្យបានពី៣ទៅ៦ខែសម្រាប់ចំណាយក្នុងការរស់នៅ។ ឧទាហរណ៍បើការរសនៅប្រចាំខែរបស់អ្នកចំណាយ៥០០ដុល្លារក្នុងមួយខែនោះអ្នកគួរមានសន្សំលុយបម្រុងទុកការពារពេលានអាសន្នឲ្យបានពី១៥០០ទៅ៣០០០ដុល្លារ៕


