រដ្ឋបាលខេត្ដព្រះសីហនុ នៅពេលនេះបាននិងកំពុងរៀបចំគម្រោងផ្លូវថ្មើរជើង (Walk Street) នៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដើម្បីលម្អរសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ មកកាន់ខេត្ដរបស់ខ្លួនឲ្យកាន់តែច្រើនបន្ថែមទៀត។

យោងតាមផែនការគម្រោង ផ្លូវថ្មើរជើងនេះ មានប្រវែងសរុប ១,២២៥ ម៉ែត្រ និងទទឹង ៣ ម៉ែត្រតភ្ជាប់ពីឆ្នេរអូរឈើទាលទៅដល់ទីលានតេជោ។ ក្រៅពីជាផ្លូវសម្រាប់ដើរកម្សាន្ត ក៏នឹងត្រូវរៀបចំបង្កើតជា តំបន់លក់ចំណីអាហារ ហាងកាហ្វេ និងហាងលក់ វត្ថុអនុស្សាវរីយ៍ផងដែរ ដើម្បីបង្កើតបរិយាកាសទេសចរណ៍ដ៏រស់រវើក។

ក្នុងនោះដែរកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យនិងកែលម្អគម្រោង Walk Street ដែលជាគម្រោងតភ្ជាប់ពីឆ្នេរអូរឈើទាលទៅដល់ទីលានតេជោ នេះផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះផ្លូវថ្មើរជើង ឬ Walk Street ទទួលបានការចាប់អារម្មណ៍ច្រើន ពិសេសផ្លូវថ្មើរជើងនៅក្នុងរាជធានីភ្នំពេញ ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ឲ្យមកលេងកម្សាន្ដ។ ដោយក្នុងនោះ ក៏បានជួយដល់អាជីវកម្មរាប់រយមុខ ដាក់លក់នៅក្នុងផ្លូវដ៏ទាក់ទាញនេះផងដែរ៕



