មានឯកទេសព្យាបាលច្រើនមុខណាស់! មន្ទីរពេទ្យខ្មែរតម្លៃជាង ៧០ លានដុល្លារកំពុងដំណើរការសាងសង់នៅផ្លូវ ៦០ ម៉ែត្រ
Bunthoeun KoemJUNE 5 202621 views

ដើម្បីចូលរួមលើកកម្ពស់គុណភាពវិស័យសុខាភិបាល និងការព្យាបាលឲ្យកាន់តែទំនើប លោកស្រីឧកញ៉ា ប៉ា វង្សទិត្យា បានសម្រេចបោះទុនវិនិយោគសាងសង់មន្ទីរពេទ្យអន្ដរជាតិ  វីអ ចតុមុខ ដែលមានទីតាំងស្ថិតនៅលើដីឡូតិ៍លេខ៨២០ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

Fn 2025 09 30 04 26 03 241

 

តាមការបញ្ជាក់ពីលោកស្រីឧកញ៉ា មន្ទីរពេទ្យអន្ដរជាតិ វីអ ចតុមុខ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០,៣៦០ ម៉ែត្រការ៉េ និងមានផ្ទៃសំណង់សរុបជាង ១៦០,០០០ ម៉ែត្រការ៉េ និងត្រូវបានចែកចេញជា ២ ដំណាក់កាល៖

ដំណាក់កាលទី១៖ មានអគារមន្ទីរពេទ្យនៅផ្នែកខាងមុខកម្ពស់ ៧ ជាន់ និងភ្ជាប់ដោយអគារបន្ទប់មានកម្ពស់ ១៨ ជាន់ ដែលមានក្រឡាផ្ទៃសរុប ៨៣,៧៧៦ ម៉ែត្រការ៉េ។

ដំណាក់កាលទី២៖ មានអគារផ្នែកខាងក្រោយ ជាអគារស្នាក់នៅបម្រើដល់អ្នកជំងឺ មានកម្ពស់ ២៣ ជាន់ ដែលមានផ្ទៃក្រឡា ៥១,៩២៨ ម៉ែត្រការ៉េ។ ជាមួយនឹងអគារចំណតរថយន្តកំពស់ ៧ ជាន់ មានផ្ទៃក្រឡា ៣៤,០០០ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានប្រមាណជាង ១,០០០ គ្រឿង។

 

Fn 2025 09 30 07 22 09 595

 

លោកស្រីឧកញ៉ាក៏បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យអន្ដរជាតិ វីអ ចតុមុខ នឹងមានផ្តល់សេវាកម្មពហុឯកទេស រួមមាន៖


*១៖ ឯកទេសសង្គ្រោះបន្ទាន់
*២៖ ឯកទេសត្រួតពិនិត្យសុខភាពទូទៅ
*៣៖ ឯកទេសព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មី និងចាក់គីមី
*៤៖ ឯកទេសរូបភាពវេជ្ជសាស្ត្រ បំពាក់ដោយម៉ាស៊ីន CT'Scan, MRI, Fluroscopy, X-Ray ជាដើម
*៥៖ ឯកទេសវេជ្ជសាស្ត្រជំនាញដូចជា៖ ឯកទេសសម្ភព និងរោគស្រ្តី ឯកទេសបង្កកំណើត ឯកទេសពិនិត្យ និងព្យាបាលជំងឺកុមារ ឯកទេសជំងឺក្រពះពោះវៀន ឯកទេសជំងឺក្រលៀន និងតម្រងនោម ឯកទេសជំងឺទឹកនោមផ្អែម ឯកទេសឆ្អឹង ឯកទេសជំងឺបេះដូង ឯកទេសជំងឺប្រព័ន្ធប្រសាទ ឯកទេសជំងឺភ្នែក ឯកទេសជំងឺត្រចៀក ច្រមុះ និងបំពង់ក ឯកទេសពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ឯកទេសជំងឺចិត្តសាស្ត្រ ឯកទេសព្យាបាលដោយចលនា ឯកទេសជំងឺសើស្បែក និងកែសម្ផស្ស
*៦៖ ឯកទេសជំងឺវះកាត់គ្រប់ប្រភេទ។ ក្នុងនោះផងដែរ មានផ្នែក CCU, ICU, ICCU និង NICU ព្រមទាំងមាន បន្ទប់សម្រាកព្យាបាលអ្នកជំងឺចំនួន ២២១ គ្រែ។

 

560657204 122104367877058030 7931067648749705842 N

 

ជាមួយគ្នានេះ ក៏មានសេវាកម្មទូទៅបន្ថែមទៀតដូចជា៖ ផ្នែកលាងឈាម មន្ទីរពិសោធន៍ដ៏ទំនើប ឱសថស្ថាន ហាងលក់សម្ភារៈចាំបាច់បម្រើសេវាដល់អ្នកជំងឺ ភោជនីយដ្ឋាន សាលប្រជុំ និងហាងដទៃផ្សេងៗទៀត ព្រមទាំងមានសួនលំហែ សម្រាប់ផ្ដល់នូវផាសុកភាពដល់អ្នកជំងឺផងដែរ។

 

សូមជម្រាបថា មន្ទីរពេទ្យអន្ដរជាតិ វីរ ចតុមុខ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំផងដែរ។ យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងមន្ទីរអន្ដរជាតិថ្មីនេះ មាន​ទុនវិនិយោគសរុប ៧៨ លានដុល្លារ៕

 

Fn 2025 09 30 04 26 01 732

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia