មិនធម្មតា! ផ្ដើមពីមាន់ ២០ ក្បាល ចិញ្ចឹមយកពង បុរសម្នាក់នេះ អាចកើបចំណូល ១ឆ្នាំ ជាង ៤០០ លានដុល្លារ
Chan SophonSEPTEMBER 10 2026319 views

នៅសហរដ្ឋអាមេរិក ក៏ដូចជានៅកម្ពុជាដែរ ទីផ្សារស៊ុតមាន់ មានជម្រើសច្រើនប្រភេទ ប៉ុន្តែបើក្រឡេកមកមើ​លក្រុមហ៊ុន Vital Farms នៅអាមេរិក ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន ដោយលក់ស៊ុតមាន់ក្នុងតម្លៃរហូតដល់ជិត ១០ ដុល្លារ ក្នុងមួយឡូ ហើយថែមទាំងអាចពង្រីកអាជីវកម្មរហូតបង្កើតប្រាក់ចំណូលបានប្រមាណ ៤៦៥ លានដុល្លារ ក្នុងមួយឆ្នាំៗ។ តើហេតុអ្វីបានជា ស៊ុតមាន់របស់ Vital Farms លក់ថ្លៃ? ហើយប្រើប្រាស់យុទ្ធសាស្ត្រអ្វីខ្លះ ទើបជោគជ័យបែបនេះ?

 

១.ចាប់ផ្តើមចេញពីគំនិត៖ ស្ថាបនិក Vital Farms លោក Matt OHayer គឺជាសហគ្រិនម្នាក់ដែលធ្លាប់បង្កើតអាជីវកម្មតូចធំជាង ៥០ រួចមកហើយ។ យ៉ាងណាមិញ របត់ជីវិតអាជីវកម្មរបស់លោក បានផ្លាស់ប្តូរទាំងស្រុង នៅពេលលោកបានជួ​​​ប និងទទួលឥទ្ធិពលពីលោក John Mackey (ស្ថាបនិក Whole Foods)។ ដោយទទួលបានគំនិតមួយ ដែលនិយាយថា «អាជីវកម្មមួយមិនមែនបង្កើតឡើងគ្រាន់តែដើម្បីរកប្រាក់ចំណេញមួយមុខនោះទេ ប៉ុន្តែត្រូវបំរើផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីអតិថិជន បុគ្គលិក កសិករ បរិស្ថាន និងសត្វ»


២.ការចិញ្ចឹមមាន់បែបធម្មជាតិ៖ នៅឆ្នាំ ២០០៧ លោក Matt O
Hayer បានចាប់ផ្តើម Vital Farms ដោយមានមាន់តែ ២០ ក្បាលប៉ុណ្ណោះ នៅលើដីទំហំ ២៧ Acres (ជាង ១០ហិកតា) ក្នុងរដ្ឋតិចសាស់។ មិនដូចការចិញ្ចឹមមាន់ក្នុងទ្រុងចង្អៀតឡើយ លោកបានប្រលែងមាន់ឲ្យដើរដោយសេរីនៅលើវាលស្មៅធម្មជាតិ។ ហើយលទ្ធផលនៃការចិញ្ចឹមបែបធម្មជាតិនេះ ធ្វើឲ្យមាន់មានសុខភាពល្អ និងអារម្មណ៍ល្អ។ នៅពេលមាន់មិនត្រូវគេឃុំឃាំង ពួកវារស់នៅដោយសប្បាយរីករាយ។ ហើយស៊ុតមាន់ដែលទទួលបាន មានផ្នែកស្នូល (Yolk) ពណ៌ក្រហមលឿងចាស់ ដិត សាច់ខាប់ និងមានរសជាតិឆ្ងាញ់ជាងស៊ុតទូទៅយ៉ាងខ្លាំង។


៣.ហ៊ានលក់ថ្លៃ ព្រោះផ្តល់តម្លៃលើគុណភាព និងសីលធម៌៖ កាលពីចាប់ផ្តើមដំបូង Vital Farms បានលក់ស៊ុតមាន់ក្នុងតម្លៃបោះដុំ ៤ ដុល្លារក្នុងមួយឡូ (ដែលបច្ចុប្បន្នលក់រហូតដល់ជិត ១០ ដុល្លារ)។ មនុស្សជាច្រើនគិតថា គ្មានអ្នកណាសុខចិត្តទិញស៊ុតថ្លៃបែបនេះទេ។ ប៉ុន្តែ Vital Farms បានបង្ហាញថា អតិថិជនសម័យថ្មី សុខចិត្តចំណាយប្រាក់បន្ថែម ប្រសិនបើពួកគាត់ដឹងប្រភពច្បាស់លាស់នៃអាហារដែលពួកគាត់បរិភោគ និងដឹងថាអាហារនោះ ត្រូវបានផលិតឡើងដោយគ្មានការធ្វើទារុណកម្មលើសត្វ។


៤.ធ្វើអាជីវកម្មបែបបណ្តាញកសិដ្ឋាន៖ ដើម្បីពង្រីកខ្លួន Vital Farms មិនបានទិញដីខ្លួនឯងបន្ថែមនោះទេ ប៉ុន្តែបានបង្កើតជាបណ្តាញសហការជាមួយ កសិដ្ឋានលក្ខណៈគ្រួសារផ្សេងៗ។ ក្រុមហ៊ុនបានបណ្តុះបណ្តាលកសិករឲ្យចិញ្ចឹមមាន់តាមស្តង់ដារ ហើយធ្វើការទិញស៊ុតពីកសិករក្នុងតម្លៃខ្ពស់។ បច្ចុប្បន្ន Vital Farms មានបណ្តាញកសិដ្ឋានគ្រួសារជាង ៣០០ កសិដ្ឋាន នៅតំបន់ដែលមានអាកាសធាតុសមស្របក្នុងសហរដ្ឋអាមេរិក។


៥.បទពិសោធន៍ និងមេរៀនអាជីវកម្ម៖ ចាប់តាំងពីឆ្នាំ ២០១៥ ប្រាក់ចំណូលរបស់ Vital Farms បានកើនឡើងជាមធ្យម ៣៥% រៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនបានចូលផ្សារហ៊ុនជាផ្លូវការនៅឆ្នាំ ២០២០។ Vital Farms បានក្លាយជាម៉ាកសញ្ញាស៊ុតមាន់ធំជាងគេទី ២ នៅអាមេរិកក្នុងផ្នែកលក់រាយ។

 

គួរបញ្ជាក់ថា បច្ចុប្បន្ន ស៊ុតមាន់របស់ Vital Farms បានពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ផ្សារទំនើបធំៗជាង ៣០,០០០ កន្លែង នៅទូទាំង ៥០ រដ្ឋ រួមមាន Whole Foods Market, Sprouts Farmers Market, Target, Walmart  រួមទាំងផ្សារទំនើបអនឡាញដូចជា Amazon Fresh និង Instacart ជាដើម។ ក្រៅពីនេះ ក៏មានទីផ្សារអន្តរជាតិទៅកាន់ ប្រទេសកាណាដា និងអាស៊ីអាគ្នេយ៍ដូចជា ជប៉ុន កូរ៉េ និងសិង្ហបុរីផងដែរ។

 

សរុបមក មេរៀនអាជីវទាំងនេះ បង្ហាញឲ្យឃើញថា ឲ្យតែយើងចេះច្បាស់លាស់ និងបង្កើតផលិតផលដែលមានគុណភាពល្អ ច្បាស់ជាមិនខ្វះអតិថិជនមកគាំទ្រ ទោះបីជាវាមានតម្លៃថ្លៃយ៉ាងណាក៏ដោយ៕

ប្រភព៖ CNBC Make It

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia