ក្រុមហ៊ុន Visa បានចេញយុទ្ធនាការគាំទ្រអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម តាមរយៈការជំរុញការទូទាត់ប្រាក់តាមបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា ក្រោមចំណងជើង “ការចំណាយតូចតាចប្រចាំថ្ងៃ (Shop Small Everyday)”
Daneth MechJANUARY 26 2026

រាជធានី ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២ - នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានដាក់ចេញយុទ្ធនាការ ការចំណាយតូចតាចប្រចាំថ្ងៃ (Shop Small Everyday) នៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍ដ៍សំខាន់សម្រាប់អាជីរកម្មខ្នាតតូច និងមធ្យមជាច្រើនយុទ្ធនាការនេះ បង្កើតឡើងក្នុងគោលបំណងគាំទ្រដល់អាជីវកម្មក្នុងស្រុក ដោយផ្តល់ជូនអ្នកប្រើប្រាស់ និងអាជីវករនូវជម្រើសកាន់តែសម្បូរបែបក្នុងការទូទាត់ និងទទួលការទូទាត់។ តាមរយៈការលើកកម្ពស់ជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដូចជា ការស្កេនដើម្បីបង់ប្រាក់ (Scan to Pay) ឬប៉ះដើម្បីបង់ប្រាក់ (Tap to Pay) ឲ្យកាន់តែទូលំទូលាយ និងងាយស្រួលប្រើប្រាស់ អតិថិជនអាចទទួលបានបទពិសោធន៍ទូទាត់ប្រាក់ដ៏រហ័ស មានសុវត្ថិភាព និងងាយស្រួល ព្រមទាំងចូលរួមចំណែកជួយដល់អាជីវកម្មខ្នាតតូចឲ្យមានការរីកចម្រើនផងដែរ

ស្របតាមចក្ខុវិស័យរបស់ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ និង​អក្ខរកម្ម​ឌីជីថល គំនិត​ផ្តួចផ្តើម​របស់ Visa បានចូលរួម​បំពេញ​បន្ថែម​ដល់​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ទូទាត់​អន្តរប្រតិបត្តិការ​របស់កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​ប្រព័ន្ធ KHQR របស់​បាគង។ តាមរយៈ​ការ​ពង្រីក​វិសាលភាព​នៃ​ការ​ទូទាត់ ជាពិសេស​សម្រាប់​ប្រតិបត្តិការទូទាត់​ឆ្លង​ដែន Visa មាន​គោលបំណង​បង្កើន​ទំនុកចិត្ត លទ្ធភាព​ចូល​ប្រើប្រាស់ និង​ការ​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​ឱ្យកាន់តែទូលំទូលាយ។

 

1

 

ក្រុមហ៊ុន Visa នឹងចាប់ផ្តើមការផ្សព្វផ្សាយ​ នៅក្នុងក្រុងសៀមរាប រួមទាំងតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗដូចជា តំបន់អង្គរ ភូមិព្រះដាក់ ភូមិបាគង និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ក្នុងនោះដែរ​ ការបំពាក់ស្លាកសញ្ញាទូទាត់ និងការពង្រឹងចំណេះដឹងរបស់អាជីវករ ជាកត្តាចំបងមួយដើម្បីចូលរួមបង្កើនភាពងាយស្រួលដល់អ្នកទិញទំនិញ ក្នុងការសម្គាល់ទីតាំងដែលទទួលយកការទូទាត់តាមរយៈ Visa កាត រាប់តាំងពីតូបលក់អាហារតូចៗ ហាងលក់សម្លៀកបំពាក់ រហូតដល់ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងលក់គ្រឿងទេស និងអាជីវកម្មជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងជាការគ្រប់គ្រងរបស់សហគ្រិនកម្ពុជា។

អ្នកទិញទំនិញ ឬភ្ញៀវទេសចរអាចរីករាយជាមួយដំណោះស្រាយទូទាត់ប្រាក់ដ៏រលូន តាមរយៈការស្កេន និងប៉ះដើម្បីបង់ប្រាក់ជាមួយ Visa កាត សម្រាប់ការទូទាត់ដោយការស្កេន (Scan to Pay) លោកអ្នកគ្រាន់តែបើកកម្មវិធីធនាគារចល័តរបស់អ្នក ហើយស្កេន QR កូដ របស់អ្នកលក់ដើម្បីបង់ប្រាក់ភ្លាមៗជាមួយ Visa កាតរបស់អ្នក ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធ និងគ្មានការរំខាន។ ចំណែកការទូទាត់ដោយការប៉ះដើម្បីបង់ប្រាក់វិញ (Tap to Pay) ក៏មានភាពងាយស្រួលដូចគ្នាដែរ ដោយលោកអ្នកគ្រាន់តែ ប៉ះ Visa កាតឧបករណ៍ដែលមានផ្ទុកបច្ចេកវិទ្យា contactless របស់អ្នក នៅលើម៉ាស៊ីនសម្រាប់ទូទាត់ជាការស្រេច។ ជម្រើសទាំងពីរនេះ ធ្វើឱ្យការទិញទំនិញប្រចាំថ្ងៃនៅតាមហាងកាហ្វេ ការទិញទំនិញតាមផ្លូវ និងកន្លែងទេសចរណ៍នានា កាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។

បន្ថែមពីភាពងាយស្រួលក្នុងការទូទាត់ ម្ចាស់កាតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាការផ្តល់ជូនប័ណ្ណគូប៉ុងរបស់ហាងកាហ្វេ Brown និងប័ណ្ណគូប៉ុងសម្រាប់ការចុះឈ្មោះឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងធំៗ ដែលរៀបចំដោយCambodia Event Organizer រួមមានព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី ការរត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ និងរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិសៀមរាប។ នាពេលអនាគត ក្រុមហ៊ុន Visa នឹងបន្តនាំមកនូវកម្មវិធីថ្មីៗ ដើម្បីបន្តផ្តល់ជម្រើស និងភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកជួយដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងខ្នាតមធ្យម (MSMEs) ឱ្យរីកចម្រើនប្រកបដោយចីរភាព។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «អាជីវកម្មខ្នាតតូច គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Visa ប្តេជ្ញាក្នុងការជម្រុញការប្រើប្រាស់ការទូទាត់ តាមរយៈឌីជីថល ដើម្បីបង្កើតវឌ្ឍនភាពនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់សហគ្រិនភាព ពង្រឹងវិស័យទេសចរណ៍ ការកសាងសេដ្ឋកិច្ចទំនើប និងពង្រីកបណ្តាញទំនាក់ទំនង។ តាមរយៈការជួយដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSME) ឱ្យទទួលបានដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព និងងាយស្រួល យើងមានគោលបំណងផ្តល់លទ្ធភាពឲ្យពួកគេ អាចពង្រីកអាជីវកម្ម បង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅ ដែលនឹងបង្កើតជាឱកាសផ្តល់អត្ថប្រយោជន៍ដល់គ្រួសារ និងសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា»

យុទ្ធនាការ ការចំណាយតូចតាចប្រចាំថ្ងៃ (Shop Small Everyday) ត្រូវបានរចនាឡើង ដោយគិតគូរជាពិសេសសម្រាប់ក្រុមអតិថិជន ជំនាន់ Millennials និង Gen Z ដើម្បីធ្វើឲ្យការទូទាត់កាន់តែងាយស្រួល និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ក្នុងនោះដែរ ការផ្តល់ចំណេះដឹងផ្នែកឌីជីថលដ៏សាមញ្ញដល់អ្នកប្រើប្រាស់ បូករួមនឹងការបណ្តុះបណ្តាលជាក់ស្តែងសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច  ក៏ជាគោលបំណងចំបងមួយក្នុងការ បង្កើនការទទួលយកការទូទាត់តាមរយៈឌីជីថល កាត់បន្ថយហានិភ័យនៃការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងធ្វើឲ្យបទពិសោធន៍ទូទាត់ប្រចាំថ្ងៃកាន់តែមានភាពរលូន។ សកម្មភាពទាំងអស់នេះ នឹងចូលរួមចំណែកពង្រឹងសហគមន៍ក្នុងស្រុក និងគាំទ្រដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនប្រកបដោយចីរភាព ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Visa បានដាក់ចេញនូវកម្រងជំនួយអាជីវកម្ម ដើម្បីគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ​ ស្តីពីការទាញយកអត្ថប្រយោជន៍អតិបរមាពីការទទួលការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless។ លើសពីនេះ កិច្ចសហការរួមបញ្ចូល Visa ជាមួយកម្មវិធីទេសចរណ៍បាគងរបស់ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន Visa បាន និងកំពុងចូលរួមបង្កើនលទ្ធភាពនៃការទូទាត់តាមរយៈឌីជីថលសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងការបង់ប្រាក់បានយ៉ាងរលូនដោយពួកគេគ្រាន់តែទាញយកកម្មវិធីមួយនេះ​ ចុះឈ្មោះ និងភ្ជាប់ Visa កាត ចេញដោយស្ថាប័នប្រទេសកំណើតរបស់ខ្លួន។

ព័ត៌មានលម្អិតបន្ថែមអាចរកបាននៅលើទំព័រយុទ្ធនាការ ការចំណាយតិចតួចប្រចាំថ្ងៃ តាមរយៈ ការទូទាត់តាម Visa គាំទ្រអាជីវករក្នុងស្រុក ហើយទទួលបានរង្វាន់ | Visa

អំពីក្រុមហ៊ុន Visa

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia