កាលពីម្សិលមិញនេះ ប្រិយមិត្តអ្នកអានប្រាកដជាដឹងហើយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្អាកការដំណើរការ “ទិដ្ឋាការអន្តោប្រវេសន៍” (Immigrant Visas - សម្រាប់អ្នកចង់ទៅរស់នៅអចិន្ត្រៃយ៍) សម្រាប់ពលរដ្ឋមកពីប្រទេសចំនួន ៧៥ការផ្អាកនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ចំពោះទិដ្ឋាការអន្តោប្រវេសន៍ (Immigrant Visas - សម្រាប់អ្នកចង់ទៅរស់នៅអចិន្ត្រៃយ៍) ដែលអាមេរិកប្រកាសផ្អាកនេះ គឺជាប្រភេទទិដ្ឋាការដែលទៅរស់នៅអាមេរិក ដូចជាកូនធានាឪពុកម្តាយ ឪពុកម្តាយធានាកូន ប្តីធានាប្រពន្ធ និងសាច់ញាត្តិបង្កើតធានាប្អូនឬគ្រួសារទៅរស់នៅទឹកដីសហរដ្ឋអាមេរិកតែម្តង។
ជាមួយគ្នានោះដែរ ចំពោះទិដ្ឋាការមិនមែនអន្តោប្រវេសន៍វិញ ដូចជាប្រភេទទិដ្ឋាការទេសចរណ៍ (B1/B2) និងវីស្សានិស្សិត (F1) គឺនៅតែអាចបន្តដំណើរចូលទឹកដីសហរដ្ឋអាមេរិកបានជាធម្មតា ប៉ុន្តែអាចនឹងមានការពិនិត្យហ្មត់ចត់ជាងមុនលើលក្ខខណ្ឌហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ចំពោះមូលហេតុ ដែលសហរដ្ឋអាមេរិកបានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេសចំនួន៧៥ ដោយមិនកំណត់ពេលវេលា គឺដើម្បីការពារកុំឱ្យជនបរទេសដែលគ្មានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ចូលមកប្រើប្រាស់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក៕


