កាលពីថ្ងៃសុក្រសប្ដាហ៍មុនពលរដ្ឋវៀតណាមជាពិសេសប្រជាជនវៀតណាមដែលរស់នៅក្នុងទីក្រុងហាណូយបាននាំគ្នាឈរតម្រង់ជួររងចាំទិញមាសតាំងពីម៉ោង៣ទៀបភ្លឺ។ នេះបើយោងតាមសារព័ត៌មានVietnamnews របស់វៀតណាម។
ប្រភពដដែលបានឲ្យដឹងថាមូលហេតុដែលប្រជាជនវៀតណាមនាំគ្នាសម្រុកនិងតម្រង់ជួរទិញមាសច្រើនបែបនេះគឺដោយសារពួកគាត់មានជំនឿថាការទិញមាសនៅថ្ងៃបុណ្យមួយដែលគេហៅថា Gold of Wealth Day គឺធ្វើឲ្យពួកគេមានសំណាងល្អ រកស៊ីមានបាន និងនាំលាភនាំសំណាងជាងដើម។
ជំនឿនៃការទិញមាសនៅថ្ងៃ God of Wealth Day គឺជាកត្តាមួយដែលរុញឲ្យតម្លៃមាសហក់ឡើងខ្លាំងផងដែរខណៈតម្រូវការមាសមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងគិតត្រឹមថ្ងៃនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងដល់២៨៦១ដុល្លារក្នុងមួយអោន(ស្មើនឹង៣៤៤៦ដុល្លារក្នុងមួយតម្លឹង)។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះហាងឆេងនៅទីផ្សារស្រុកយើងមានតម្លៃ៣៣៨ដុល្លារក្នុងមួយជី។ បើតាមការព្យាកររបស់អ្នកជំនាញមួយចំនួនបានលើកឡើងថាមាសអាចនឹងបន្តហក់ឡើងដល់ខ្ទង់៤ពាន់ដុល្លារក្នុងមួយអោនក្នុងរយៈពេល១២ខែទៀត៕