វេណេស៊ុយអេឡាជាស្ដុកប្រេងពិភពលោក តែកត្តាធំៗ ៤ នេះបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសស្ដុកប្រេងមួយនេះដើរថយក្រោយ
Pov SaruJANUARY 6 2026131 views

វេណេស៊ុយអេឡាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានធនធានប្រេងបម្រុងច្រើនជាងគេបំផុតនៅលើពិភពលោក។ តែទោះបីជាមានធនធានប្រេងដ៏ច្រើនបែបនេះក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេស វេណេស៊ុយអេឡា បានជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែថ្លៃដើមនៃការបូមប្រេងខ្ពស់ និងដោយសារកត្តាធំៗមួយចំនួនទៀតបានធ្វើឱ្យប្រទេសស្តុកប្រេងធំជាងគេរបស់ពិភពលោកនេះមិនរីកចម្រើន សេដ្ឋកិច្ចបែរជាដើរថយក្រោយទៅវិញ៖ 

 

១. ពឹងផ្អែកតែលើប្រេងខ្លាំងពេក៖ នៅក្នុងប្រទេស វេណេស៊ុយអេឡា ផ្ដោតលើប្រេងគឺជាចំណូលនាំចេញសំខាន់បំផុត ហើយវិស័យផ្សេងៗដូចជា កសិកម្ម ឧស្សាហកម្មផលិត និងសេវាកម្ម មិនត្រូវបានអភិវឌ្ឍគ្រប់គ្រាន់។ ដូច្នេះ នៅពេលតម្លៃប្រេងនៅទីផ្សារពិភពលោកធ្លាក់ចុះ ប្រាក់ចំណូលរដ្ឋក៏ធ្លាក់ចុះតាម ហើយសេដ្ឋកិច្ចជាតិក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដោយសារការខ្វះភាពចម្រុះនៃសេដ្ឋកិច្ចនេះ បានធ្វើឱ្យប្រទេសមិនអាចទប់ទល់នឹងវិបត្តិអន្តរជាតិបាន។

 

២. ការគ្រប់គ្រងសេដ្ឋកិច្ចមិនមានប្រសិទ្ធភាព៖ រដ្ឋាភិបាលបានដាក់គោលនយោបាយគ្រប់គ្រងតម្លៃទំនិញ និងអត្រាប្តូរប្រាក់ ដែលមិនសមស្របនឹងទីផ្សារ។ ដើម្បីបំពេញចំណាយរដ្ឋ ក៏មានការបោះពុម្ពប្រាក់ច្រើនលើសពេក ដោយគ្មានផលិតកម្មគាំទ្រពិតប្រាកដ។ លទ្ធផល គឺកើតមាន អតិផរណាខ្ពស់ខ្លាំងធ្វើឱ្យប្រាក់បាត់តម្លៃ ប្រជាពលរដ្ឋមិនអាចទិញទំនិញចាំបាច់បាន ហើយជីវភាពរស់នៅកាន់តែពិបាក។

 

៣. មានអំពើពុករលួយច្រើន៖ នេះក៏ជាកត្តាធំមួយដែរ ធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេស វេណេស៊ុយអេឡា បានធ្លាក់ចូលទៅក្នុងវិបត្តិ។ ប្រាក់ចំណូលពីប្រេង ដែលគួរត្រូវបានប្រើសម្រាប់អភិវឌ្ឍប្រទេស ត្រូវបានគេប្រើប្រាស់មិនមានតម្លាភាព។ អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនរដ្ឋ បានធ្វើឱ្យធនធានជាតិហូរចេញ និងបាត់បង់ទំនុកចិត្តពីវិនិយោគិនក្នុង និងក្រៅប្រទេស។

 

ជាពិសេស ការគ្រប់គ្រងក្រុមហ៊ុនប្រេងរដ្ឋ PDVSA ក៏មានភាពទន់ខ្សោយ។ ក្រុមហ៊ុននេះខ្វះការវិនិយោគ បច្ចេកវិទ្យា និងអ្នកជំនាញ ដោយសារការជ្រៀតជ្រែកនយោបាយ និងការគ្រប់គ្រងមិនមានវិជ្ជាជីវៈ។ ដោយឡែក ទោះមានស្តុកប្រេងច្រើន ក៏មិនអាចផលិតបានគ្រប់គ្រាន់ដើម្បីនាំចេញ និងរកប្រាក់ចំណូលដូចមុនដែរ។

 

៤. ទណ្ឌកម្មពីអន្តរជាតិ៖ ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ បានកាត់បន្ថយសមត្ថភាពលក់ប្រេង ការទទួលប្រាក់ពីបរទេស និងការទាក់ទាញវិនិយោគថ្មីៗ។ វាបានធ្វើឱ្យសេដ្ឋកិច្ចជាតិរងសម្ពាធកាន់តែខ្លាំង និងខ្វះប្រាក់រូបិយប័ណ្ណបរទេស។ បញ្ហានយោបាយ និងអស្ថិរភាពសង្គម ក៏ជាកត្តាមួយដែរ។ នៅក្នុងប្រទេស វេណេស៊ុយអេឡា មានជម្លោះនយោបាយរាំរ៉ៃយូរឆ្នាំ បាតុកម្ម និងការបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល បានធ្វើឱ្យប្រជាជនជាច្រើនអន្តោប្រវេសន៍ចេញទៅក្រៅប្រទេស។ ធ្វើឱ្យប្រទេសនេះបាត់បង់កម្លាំងពលកម្លាំង និងអ្នកដែលមានជំនាញ ធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចកាន់តែទន់ខ្សោយ។ 

 

គួរបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡាជាប្រទេសដែលមានប្រេងបម្រុងច្រើនជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤ តម្លៃប្រេងដែលជាផលិតផលសំខាន់បំផុតរបស់ប្រទេសនេះចាប់ផ្ដើមធ្លាក់ចុះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។ ខណៈដែលប្រេងបានផ្តល់ចំណូលដល់ប្រទេសមួយនេះ រហូតដល់ ៩៥% នៃប្រាក់ចំណូលបានពីការនាំចេញ។ កាលពីឆ្នាំ ២០១៤ តម្លៃប្រេងឆៅធ្លាប់ឡើងដល់ ១០០ ដុល្លារក្នុង ១បារ៉ែល តែនៅឆ្នាំ ២០១៦ បែរជាធ្លាក់ចុះប្រហែល  ៥០ដុល្លារ រហូតក្រោយៗមកវាក៏កាន់តែធ្លាក់នៅត្រឹមតែ ២៦ដុល្លារប៉ុណ្ណោះក្នុង ១បារ៉ែល៕

 

អត្ថបទដោយ៖ សារួ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia