ជម្នះមតិរិះគន់! ស្រ្តីខ្មែរ១រូប តស៊ូលើអាជីវកម្មកែច្នៃផ្ទះលំហែ និងកញ្ចុះ រហូតទទួលបានការគាំទ្រជាច្រើននៅក្នុងស្រុក
Bunthoeun KoemJULY 2 202610 views

ការចាប់ផ្ដើមអាជីវកម្មគឺមិនប្រកាន់ថាជាមនុស្សប្រុស ឬមនុស្សស្រីនោះទេ ប៉ុន្ដែវាផ្ដោតសំខាន់ទៅលើជំនាញ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្ដពិតប្រាកដនៅក្នុងការធ្វើ។ ជាក់ស្តែង ស្រ្តីខ្មែរមួយរូបគឺ លោកស្រី សួន គឹមលាង អាយុ ៣៣ឆ្នាំ ដែលមានទីលំនៅក្នុងខេត្ដកំពត បានជម្នះរាល់មតិរិះគន់ រហូតចាប់អាជីពកែច្នៃផ្ទះលំហែ និងកញ្ចុះ ក្រោមផ្លាកយីហោ គឹមលាងលក់គ្រឿងសង្ហារឹម ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅទូទាំងប្រទេស។

 

1

បើតាមការបញ្ជាក់ពីលោកស្រី អាជីវកម្មនេះបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២០ អំឡុងពេលដែលពិភពលោកកំពុងរងការរាតត្បាតពីជំងឺកូវីដ-១៩។ នៅក្នុងជំហានដំបូង លោកស្រីបានដើរទិញផ្ទះ និងឈើចាស់ៗដែលប្រជាពលរដ្ឋទុកចោល រួចយកមកកែច្នៃធ្វើជាតុ ទូ គ្រែ និងសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗ យ៉ាងហ្មត់ចត់ និងផ្ចិតផ្ចង់ពីជាងជំនាញដែលមានចំណេះដឹងស្រាប់។ រហូតមកដល់ឆ្នាំ២០២៥ ដោយមើលឃើញពីសក្តានុពលនៃរុក្ខជាតិក្នុងស្រុក និងដោយសារមានឫស្សីផ្ទាល់ខ្លួនផងនោះ លោកស្រីក៏បានវិវត្ដន៍ខ្លួនមកច្នៃឫស្សីខ្មែរបន្ថែមទៀត។ លោកស្រីបានចាប់ផ្តើមធ្វើតាំងពីរបស់ប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ការច្នៃជាកញ្ចុះឫស្សីខ្មែរសម្រាប់បងប្អូនជាវយកទៅដាក់លំហែកាយនៅតាមផ្ទះ ឬបើកអាជីវកម្មភោជនីយដ្ឋានជាដើម។ ក្រៅពីការធ្វើកញ្ចុះ លោកស្រីក៏មានសេវាកម្មទទួលសាងសង់ផ្ទះលំហែខ្នាតតូច និងខ្នាតមធ្យម ដែលធ្វើឡើងពីឈើក្នុងស្រុកផងដែរ។

4

 

មុនពេលក្លាយជាសហគ្រិនស្រ្តី លោកស្រី សួន គឹមលាង គឺជាអតីតនិស្សិតផ្នែកច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីមានផ្នត់គំនិតចូលចិត្តការច្នៃប្រឌិត សម្របសម្រួល និងចូលចិត្តការបង្រៀនតាំងពីតូច ដោយធ្លាប់បានបង្កើតសហគមជួយដល់កុមារនៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពត មុនពេលសម្រេចចិត្តលាឈប់ពីការងារដើម្បីមកចាប់អាជីពរកស៊ីផ្ទាល់ខ្លួន។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងប្រឈម លោកស្រីមិនរារែកឡើយ ដោយបានសិក្សាពីចំណុចខ្លាំងរបស់ខ្លួនឯង និងតម្រូវការជុំវិញខ្លួន រួចបានសម្រេចចិត្តចូលជាសមាជិករបស់សមាគម She Investments ដើម្បីពង្រឹងសមត្ថភាពអាជីវកម្មតាមមូលដ្ឋាន និងជម្រុញលើកទឹកចិត្ដស្ដ្រីលើការអភិវឌ្ឍជំនាញ។ លើសពីនេះលោកស្រីក៏ធ្លាប់ដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីសហគ្រិនវ័យក្មេងកម្ពុជាផងដែរ ដែលជាកម្លាំងចិត្តធ្វើឱ្យលោកស្រីប្តេជ្ញាចិត្តលើជំនាញកែច្នៃវត្ថុធាតុដើមឈើ និងឫស្សីក្នុងស្រុកដោយមិនបោះបង់រហូតមកដល់សព្វថ្ងៃ។

 

Photo 2026 07 02 15 54 05

 

នៅលើវិថីជំនួញមួយនេះ លោកស្រីបានជួបឧបសគ្គធំៗជាច្រើន ជាពិសេសគឺការរិះគន់ពីមជ្ឈដ្ឋានជុំវិញថាខ្លួនជាស្រ្តី តែបែរជាមកធ្វើការងារខាងជំនាញមនុស្សប្រុស ដែលទាមទារការគ្រប់គ្រងខ្លាំង និងគំនិតច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ ការដើរឱ្យទាន់សម័យកាលបច្ចុប្បន្ន និងសម្ពាធពីដៃគូប្រកួតប្រជែងលើទីផ្សារក៏ជាបញ្ហាប្រឈមធំមួយដែរ។ អ្វីដែលធ្វើឱ្យលោកស្រីអាចជម្នះរាល់ការលំបាក និងដោះស្រាយបញ្ហាទាំងនេះបាន គឺការប្រើប្រាស់គោលការណ៍អត់ធ្មត់ តស៊ូ និងខិតខំប្រឹងប្រែងបន្តទៅមុខ។ លោកស្រីតែងតែរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញតាមតម្រូវការ និងដោះស្រាយរាល់បញ្ហាខ្វះខាតជូនអតិថិជនឱ្យបានទាន់ពេលវេលាបំផុត។

 

Photo 2026 07 02 15 53 57

 

ចំពោះការផលិតកញ្ចុះវិញ លោកស្រីបានពន្យល់ថា ឫស្សីមានគុណសម្បត្តិពិសេសត្រង់ថាផ្ដល់ភាពត្រជាក់ ព្រោះដើមឫស្សីធំលូតលាស់ដោយសារការបឺតស្រូបជាតិទឹក។ ម្យ៉ាងវិញទៀត វាតំណាងឱ្យថាមពលផ្លូវចិត្ត និងជានិមិត្តរូបប្រវត្តិសាស្ត្រនៃស្នាដៃតជំនាន់របស់បុព្វបុរសខ្មែរ ដែលធ្វើឱ្យអតិថិជនជាវយកទៅប្រើប្រាស់ដោយទំនុកចិត្តខ្ពស់។ ជាក់ស្តែង កញ្ចុះប្រក់ស្បូវមានភាពត្រជាក់ស្រឡះខ្លាំង ធ្វើឱ្យអតិថិជននិយមប្រើប្រាស់នៅតាមភោជនីយដ្ឋានជាប់មាត់ទឹក ឬផ្ទះលំហែ។ ចំណែកឯកញ្ចុះប្រក់ស័ង្កសី ឬក្បឿងវិញ គឺមានភាពរឹងមាំ និងធន់ ដែលគេច្រើនយកទៅដាក់តាមផ្ទះក្នុងក្រុង ឬផ្ទះជាយក្រុងទៅតាមការកម្ម៉ង់ជាក់ស្តែង។

 

Photo 2026 07 02 15 54 00

 

ដើម្បីធានាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង សិប្បកម្មរបស់លោកស្រីបានផ្ដោតសំខាន់ទៅលើលក្ខណៈបច្ចេកទេសចំនួនបី។ ចំណុចទីមួយ គឺការជ្រើសរើសសុទ្ធតែជាងខ្មែរដែលមានជំនាញ និងបទពិសោធន៍ធ្លាប់ធ្វើផ្ទះ និងធ្វើសិប្បកម្មតាំងពីជំនាន់ដូនតាចាប់ពី ១០ឆ្នាំឡើងទៅ រួមផ្សំជាមួយជាងជំនាន់ក្រោយដែលបានសិក្សាពីបច្ចេកទេសច្នៃម៉ូដបន្ថែម។ ចំណុចទីពីរ គឺមុនពេលយកឈើឬឫស្សីមកដំឡើង ខាងសិប្បកម្មតែងតែប្រើប្រាស់ថ្នាំត្រាំដើម្បីកម្ចាត់សត្វកណ្ដៀរ និងខ្មូតឱ្យបានត្រឹមត្រូវ។ ចំណុចទីបី គឺការយកចិត្តទុកដាក់ខ្ពស់ទៅលើភាពហ្មត់ចត់នៃរចនាសម្ព័ន្ធ ពិសេសផ្នែកដំបូល ផ្នែកខាងក្រោម និងផ្នែកចំហៀង ដើម្បីធានាសុវត្ថិភាពខ្ពស់ មិនជ្រាបទឹក និងមានភាពរឹងមាំជូនដល់ភ្ញៀវ។

 

Photo 2026 07 02 15 53 55

 

បច្ចុប្បន្ននេះ កញ្ចុះឫស្សី និងឈើរបស់សិប្បកម្ម គឹមលាងលក់គ្រឿងសង្ហារឹម មានតម្លៃចាប់ពី ១ លានរៀលឡើងទៅ អាស្រ័យទៅតាមទំហំតូចធំ និងម៉ូតដែលអតិថិជនបានកម្ម៉ង់។ អ្វីដែលកាន់តែពិសេស និងផ្ដល់ទំនុកចិត្តខ្ពស់ដល់អតិថិជននោះ គឺសិប្បកម្មមានការធានាលើការខូចខាតអំឡុងពេលដឹកជញ្ជូន ដោយមានក្រុមការងារដោះស្រាយជូនភ្លាមៗ។ លើសពីនេះថែមទាំងមានការធានាលើការបាក់បែកចាប់ពី ៣ខែ រហូតដល់ ៦ខែ ដោយមានការចុះទៅជួសជុលជូនឡើងវិញដល់កន្លែងដោយឥតគិតថ្លៃ។

 

ដូច្នេះសម្រាប់លោកអ្នកដែលចង់បានកញ្ចុះ ឬផ្ទះលំហែ ដែលមានគុណភាព និងមានភាពស្រស់ស្អាត អាចធ្វើការកម្ម៉ង់ទិញពីសិប្បកម្ម គឹមលាងលក់គ្រឿងសង្ហារឹម បានតាមរយៈតេឡេក្រាម៖ 086212626

 

Photo 2026 07 02 15 54 02

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia