ត្រៀមខ្លួន! សង្គ្រាម អាមេរិក អ៊ីស្រាអែល លើអីរ៉ង អ្នកវិភាគល្បីៗព្រមានថា តម្លៃប្រេងអាចនឹងហក់ឡើងដល់កម្រិតមិនធ្លាប់មាន
Pov SaruMARCH 1 2026250 views

ការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធរវាងអាមេរិក អ៊ីស្រាអែល ជាមួយប្រទេសអ៊ីរ៉ង់ មិនមែនជារឿងនយោបាយតំបន់ធម្មតានោះទេ ប៉ុន្តែវាគឺជាសេណារីយ៉ូដែលអាចរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុត។ អ្នកជំនាញនៅទីក្រុងឡុងដ៍បានព្រមានថា ការវាយប្រហារទៅលើអ៊ីរ៉ង់ នឹងធ្វើឱ្យមានការរអាក់រអួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឆៅកម្រិតសកល និងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងខ្ពស់ដល់កម្រិតដែលពិភពលោកមិនធ្លាប់បានឃើញ។

 

នេះបើតាម CAN លោក Arne Lohmann Rasmussen ប្រធានអ្នកវិភាគនៅ Global Risk Management បានរំលឹកថា កាលពីឆ្នាំ ១៩៧៤ អ៊ីរ៉ង់គឺជាអ្នកផលិតប្រេងធំជាងគេលំដាប់ទី ៣ លើលោក បន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត ដោយផលិតបានរហូតដល់ ៦ លានបារ៉ែលក្នុងមួយថ្ងៃ។ 

 

បច្ចុប្បន្ន យោងតាមទិន្នន័យពីអង្គការ OPEC អ៊ីរ៉ង់ផលិតប្រេងបានប្រមាណ ៣,១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាបរិមាណច្រើនបំផុតសម្រាប់ស្ថិរភាពទីផ្សារ បូករួមនឹងការក្ដាប់ជាប់នូវទុនបម្រុងប្រេងឆៅធំជាងគេលំដាប់ទី ៣ លើសកលលោកផងដែរ។ អ្វីដែលអ្នកវិភាគបារម្ភ គឺការបិទខ្ទប់ "ច្រកសមុទ្រ Hormuz" ដែលជាចំណុចយុទ្ធសាស្ត្រតភ្ជាប់ឈូងសមុទ្រពែក្ស ទៅកាន់ឈូងសមុទ្រអូម៉ង់។ 

 

ច្រកសមុទ្រដ៏តូចចង្អៀតនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលតភ្ជាប់បណ្ដាប្រទេសអ្នកមានប្រេងនៅមជ្ឈិមបូព៌ា ទៅកាន់ទីផ្សារពិភពលោក។ យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) ក្នុងឆ្នាំ ២០២៤ មានប្រេងឆៅប្រមាណ ២០ លានបារ៉ែលបានឆ្លងកាត់ច្រកនេះរាល់ថ្ងៃ ដែលស្មើនឹងជិត ២០% នៃតម្រូវការប្រេងសរុបរបស់ពិភពលោក។ ដោយសារតែភូមិសាស្ត្ររបស់វាមានទទឹងត្រឹមតែ ៥០ គីឡូម៉ែត្រ និងមានជម្រៅទឹករាក់ វាងាយស្រួលណាស់សម្រាប់អ៊ីរ៉ង់ក្នុងការធ្វើសកម្មភាពរារាំង ឬបិទខ្ទប់ទាំងស្រុង។ 

 

ហើយបើវាកើតឡើងពិតមែន លោក Rasmussen បញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនអាចប្រឈមមុខនឹងតម្លៃធានារ៉ាប់រងហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យនាវាជាច្រើនមិនហ៊ានឆ្លងកាត់។ ទន្ទឹមនឹងនេះ លោក Ole Hansen អ្នកវិភាគមកពី Saxo Bank បានបន្ថែមថា មានតែប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមប៉ុណ្ណោះ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវវាងសម្រាប់ដឹកជញ្ជូនប្រេង ប៉ុន្តែសមត្ថភាពរបស់វាមានកម្រិតទាបបំផុត ពោលគឺត្រឹមតែ ២,៦ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលវាមិនអាចជំនួសបរិមាណប្រេងដ៏មហិមាដែលត្រូវឆ្លងកាត់ច្រក Hormuz បានឡើយ។ 

 

ហេតុដូច្នេះហើយ ប្រសិនបើសង្គ្រាមនេះផ្ទុះឡើងកាន់តែខ្លាំង វានឹងក្លាយជាសោកនាដកម្មសេដ្ឋកិច្ចដែលប៉ះពាល់ដល់ជីវភាពមនុស្សគ្រប់រូបនៅលើផែនដីតាមរយៈការហក់ឡើងនៃតម្លៃថាមពលដែលមិនអាចទប់ទល់បាន៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia