ក្រុមហ៊ុនអាមេរិកចំនួន ៧ ចាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងធំ ១ នេះនៅកម្ពុជា
Bunthoeun KoemSEPTEMBER 14 2026529 views

ក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាមេរិកចំនួន ៧ ក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការវិនិយោគលើកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដចំនួន ៤ គឺ៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ 

 

ការបង្ហាញចំណាប់អារម្មណ៍នៅក្នុងការវិនិយោគនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង គណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាមេរិក ក្រោមការសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។

 

805854054 122289266858248245 191777636497385519 N

 

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង​ គណៈកម្មាធិការវិនិយោគកម្ពុជាបានគូសរំលេចអំពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជាដែលមានក្របខណ្ឌគតិយុត្តបើកចំហរ ផ្ដល់ការលើកទឹកចិត្ត ផ្ដល់ការថែទាំ ផ្ដល់ការការពារដល់ការវិនិយោគដោយគ្មានការរើសអើង។ ជាក់ស្ដែង រដ្ឋាភិបាលកម្ពុជាតែងតែផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការលើកឡើងនូវបញ្ហា និងសំណូមពរ តាមរយៈយន្តការមានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, កម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ជាដើម, ដើម្បីស្ដាប់នូវបញ្ហា និងសំណូមពរ របស់វិស័យឯកជន និងធ្វើការឆ្លើយតបដោះស្រាយជូនវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព។

 

ទន្ទឹមគ្នានេះ កម្ពុជាបានបង្កើតទីផ្សារថ្មីៗនៅទូទាំងពិភពលោក តាមរយៈការចរចា និងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្រិតទ្វេភាគី និងពហុភាគីជាដើម។  បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន ដោយបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣។ ស្របគ្នានេះ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ។

 

803932436 122289266972248245 2310180045398562666 N

 

គណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិក បានយកឱកាសនេះសាកសួរ និងពិភាក្សាស៊ីជម្រៅទៅលើការលើកទឹកចិត្តដល់គម្រោងវិនិយោគនៅកម្ពុជា និង​បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើ​គម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ។

 

យ៉ាងណាមិញឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងវិនិយោគ និងផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក នៃប្រទេសទាំងពីរ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារចិន China Exim Bank បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានមានតម្លៃជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ៕ 

 

4303a200 D6ee 43ad 8781 Ff77b7457198

82268ced Fa74 423c 80bd 6684423b6c4d

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia